មិនហៅថាអស្ចារ្យទើបចម្លែក! ទូក ង «កម្ពោជិកបុត្តាខេមរាតរី» បង្កប់ក្បាច់ច្រើនស្មានមិនដល់

  • 2018-11-12 07:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹក​ថ្ងៃទី១២​ខែ វិច្ឆិកា ​ឆ្នាំ២០១៨​​នេះ ទូក ង​ វែង​បំផុត​របស់​កម្ពុជា​បាន​បំបែក​កំណត់​ត្រា​​ជាទូក​ ដែលវែងជាងគេបំផុតនៅលើលោក មានប្រវែងសរុបរហូតដល់ ៨៧,៣០​ម៉ែត្រ ដែល​ប្រវែងនេះ វែងជាងកំណត់ត្រារបស់ប្រទេសចិន Guinness world record ធ្លាប់បានកត់ត្រាចូលមានប្រវែង​ ៧៧,៨០ម៉ែត្រ។

អ្វីដែលអស្ចារ្យគួរឲ្យចាប់អារម្មណ៍បំផុត​ទូកង​ដ៏វែងនេះ ​បានបង្កប់នូវក្បាច់ជាច្រើននៅលើទូកតែ​មួយ​តាំងពីក្បាលទូក​ រហូតដល់កន្ទុយទូក។​​ ក្បាច់ដែលដកស្រង់យកមកប្រើប្រាស់​ នៅលើទូកង​វែងបំផុតទី១​លើលោកនេះ បានដកស្រង់យកក្បាច់ភ្ញី​ទេស មកបំពាក់ក្បូរក្បាច់លម្អ ដែលបូកបញ្ចូលជាមួយទម្រង់ផ្សេងៗទៀតដូចជា៖

  • ក្បាច់ភ្ញីទេស នៅក្នុងទម្រង់ក្បាលនាគ
  • ផ្កាច់ភ្ញីទេស នៅក្នុងទម្រង់កន្ទុយហង្ស
  • ក្បាច់ភ្ញីទេស នៅក្នុងទម្រង់ផ្កាចន្ទន៍
  • ក្បាច់ភ្ញីវ័ល្លិ៍
  • ក្បាច់ស្លឹកទេសនៅក្នុងទម្រង់ហៀន
  • ក្បាច់ពងត្រី។ល។

នៅក្នុងពិធីបំបែកកំណត់ត្រាទូកង​វែងជាងគេ លើលោកនេះ​បានប្រារព្ធឡើង​ នៅកំពង់ដ អ្នក លឿង​ ខេត្តព្រៃវែង។​ការវាស់វែង និងវាយតម្លៃត្រូវបានធ្វើដោយលោក​ Pantel P. Jasmatbhai តំណាងមកពី​​ Guinness world record។​ ពិធីប្រកាសនេះ​ បានរៀបចំយ៉ាងអធឹកអធមបំផុត​ ដោយមានក្បួន​ដង្ហែ​យ៉ាងគគ្រឹកគគ្រេងលើផ្ទៃជលសា ក្រោមក្រសែភ្នែករបស់គណៈអធិបតី​ ជាច្រើនរូប​ដែល​សុទ្ធ​ជាថ្នាក់ដឹកនាំសំខាន់ៗ​ នៃព្រះរាជាណាចក្រកម្ពុជា។​ ទូកដ៏អស្ចារ្យក្រៃលែងនេះ​ មានប្រវែងបណ្ដោយសរុប ៨៧,៣០ម៉ែត្រ​ ទទឹង ១,៩៤ម៉ែត្រ ជម្រៅទូក ០,៨០ម៉ែត្រ​ និងអាចផ្ទុកចំណុះទូករហូតដល់​ ១៧៩នាក់។

គួរជម្រាបថា ទូកងវែងជាងគេនេះ នឹងត្រូវយកមកដាក់បង្ហាញឲ្យមហាជន បានទស្សនានៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់មកនឹងយកទៅដាក់តាំង នៅមុខវាលព្រះមេនរុ រយៈពេលយ៉ាងយូរ១០ថ្ងៃ ទើបយកត្រឡប់ទៅខេត្តព្រៃវែងវិញ៕

អត្ថបទ៖ ថោ ចាន់រិទ្ធិ