គ្រាន់តែកែលម្អនាវា ក្រុមហ៊ុន សិង្ហបុរី ចាយ​ជិត២២ លាន​ដុល្លារ ដើម្បីអភិវឌ្ឍអណ្ដូងប្រេងអ៊ីដ្រូកាបូន ដំបូងគេនៅកម្ពុជា

  • 2018-11-12 09:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kris Energy ដែល​ជា​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ឯករាជ្យ​ប្រចាំ​ប្រទេស​សិង្ហបុរី បាន​​ប្រកាស​ថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​​របស់​ខ្លួន​គឺ SJ Production Barge Ltd បាន​ផ្ដល់​កិច្ចសន្យា​ដល់​ក្រុមហ៊ុន Keppel Shipyard សម្រាប់​ការ​កែ​លម្អ​នា​វា​ផលិតកម្ម​របស់​ខ្លួន ដើម្បី​​​​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍន៍​​អណ្ដូង​ប្រេងកាត​អប្សរា​នៅ​ក្នុង​ប្លុក A ស្ថិត​ក្នុង​ដែនសមុទ្រ​កម្ពុជា។

នេះ​​គឺ​ជា​ការ​អភិវឌ្ឍន៍ អ៊ី​ដ្រូ​កាបូន​ដំ​បូ​ង​គេ​បំ​ផុត​​នៅ​កម្ពុជា ដោយ​​គម្រោង​​នេះ​ ​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ ៣០៨៣ គីឡូម៉ែត្រ​ការ៉េ នៃ​អាង​សមុទ្រ​ខ្មែរ ក្នុង​ឈូង​សមុទ្រ​ថៃ ដែល​​​មាន​ជម្រៅ​​ទឹក​​​ច​ន្លោះ​ពី ៥០ ទៅ ៨០ ម៉ែត្រ។

ទំហំ​ការងារ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន Keppel Shipyard សម្រាប់​នាវា​ផលិតកម្ម​រួមមាន ការ​ដំឡើង​ម៉ូឌុល​បង្កើត​ថា​ម​ពល ឈ្មោះ Electrical House ទីកន្លែង​ស្នាក់នៅ​ថ្មី និង​ការងារ​ជួសជុល​ដំឡើង​ផ្សេងៗ​ទៀត​។ នៅ​ពេល​បញ្ចប់​ការងារ​សព្វ​គ្រប់​ក្នុង​អំឡុង​ត្រី​មាស​ទី ៣ ឆ្នាំ ២០១៩ នាវា​ផលិតកម្ម​នឹង​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ប្រព្រឹត្ត​កម្ម​សន្ទនីយ​រហូតដល់​ទៅ​ទៅ ៣ ម៉ឺន បារ៉ែល​ក្នុង​មួយថ្ងៃ និង​មាន​បំពាក់​នូវ​ឋបនីយភណ្ឌ​ដែល​អាច​ញែក​ឧស្ម័ន ប្រេង និង​ទឹក​។

​ទំហំ​ទឹក​ប្រាក់​នៃ​កិច្ចសន្យា​នេះ​គឺ​ប្រមាណ​ជា ២១,៧ លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ ការ​ទូទាត់​មួយ​ភាគ​នឹង​ត្រូវ​ធ្វើឡើង​ទៅតាម​លក្ខខណ្ឌ​ពន្យារ។ កិច្ចសន្យា​នេះ​ត្រូវ​បាន​ផ្ដល់ ស្រប​​តាម​កិច្ច​ព្រមព្រៀង ​សហប្រតិបត្តិការ​ដែល​ធ្លាប់​បាន​យល់​ព្រម​ពីមុន​ជា​មួយ​នឹង​ក្រុមហ៊ុន Keppel FELS Limited និង Keppel Shipyard ហើយ​គឺជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​បុគ្គល​ភាគី ដែល​នឹង​អនុវត្ត​ក្រោម​អាណត្តិ​ប្រតិបត្តិការ​បុគ្គល​ភាគី​ដែល​យល់​ព្រម និង​អនុម័ត​ដោយ​ភាគហ៊ុនិក​របស់​ក្រុមហ៊ុន​នៅក្នុង​អង្គ​ប្រ​ជុំ​វិ​សាមញ្ញ​កាលពី​ថ្ងៃទី ២៦ មេសា ​២០១៨ កន្លង​ទៅ។

លោក Brian Helyer នាយករង​ផ្នែក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Kris Energy បាន​លើក​ឡើង​ថា​៖ “​យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​រួមដៃគ្នា​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន Keppel Shipyard សម្រាប់​គ​ម្រោង​អភិវឌ្ឍ​ន៍​ប្រេង​ដ៏​ធំ​សម្រាប់​កម្ពុជា​នេះ​។ តាម​រយៈ​ការជួយ​គាំទ្រ​ពី​ដៃគូ​ដែល​មានបទពិសោធន៍ និង​មាន​សមត្ថភាព​បែប​នេះ យើង​ជឿ​ថា​ យើង​នឹង​អាច​​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព​នូ​វ​ធន​ធាន​ប្រេង​ក្នុង​ប្លុក A ដើម្បី​ជា​ប្រយោជន៍​ដល់​​​កម្ពុជា ក៏ដូចជា​ភាគី​ពាក់​ព័ន្ធ​របស់​យើង"។

លោក Chor How Jat នាយក​គ្រប់​គ្រងផ្នែក​កែច្នៃ និង​ជួសជុលរបស់ Keppel O&M និង​ជា​នាយក​គ្រប់​គ្រង​របស់ Keppel Shipyard មាន​មតិ​ដែរ​ថា​៖ “​ជា​មួយ​នឹង​បទពិសោធន៍​ជាច្រើន​លើ​ការងារ​គម្រោង​ជួសជុល​កែច្នៃ និង​កែ​ល​ម្អ Keppel Shipyard ពិតជា​មាន​សមត្ថភាព​ក្នុង​ក្នុង​ការ​រៀបចំ​ផ្នែក​វិស្វកម្ម និង​ផ្ដល់​នូ​វ​ដំណោះស្រាយ​យ៉ាង​ទូ​លំ​ទូលាយ​សម្រាប់​នាវា​ផ្សេងៗ​។ កិច្ចសន្យា​ថ្មី​ពី​ក្រុមហ៊ុន Kris Energy​នេះ គឺជា​គ​ម្រោង​ដំបូ​ង​របស់​យើង​ដែល​ធ្វើ​រួមគ្នា ចាប់​តាំងពី​មាន​ការតែងតាំង​ក្រុមហ៊ុន Keppel O&M កាល​ពី​ដើម​ឆ្នាំ​នេះ ឲ្យ​ធ្វើជា​ដៃគូ​សម្រាប់​កញ្ចប់​ការងារ​ផ្នែក​ដំ​ណោះ​ស្រាយ​ប្រេង និង​ឧស្ម័ន​ក្នុង​ដែនសមុទ្រ"៕​

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម