គួច ដានី៖ ​នាំ​មុខ ១-០ ​ខ្ញុំ​គិត​ថា​យើង​នឹង​ឈ្នះ​ទៅ​ហើយ ប៉ុន្តែ​ចូល​តង់​ទី​២...

  • 2018-11-13 02:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា ​ក្នុង​លទ្ធផល ៤-១ ​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2018 ។

ការ​ប្រកួត​នេះ​ដែរ ​នៅ​តង់​ទី​១​កម្ពុជា ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​រក​គ្រាប់​បាល់​នាំ​មុខ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា ​បាន​១​គ្រាប់​មុន ពី​សំណាក់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ។ យ៉ាងណាមិញ ការ​ប្រកួត​ចូល​ដល់​តង់​ទី​២​វិញ ​កម្ពុជា​ហាក់​ប្លែក​ពី​តង់​ទី​១ ស្រប​ពេល​ម្ចាស់​ផ្ទះ​វិញ សម្រុក​យក​តែ​មែនទែន រហូត​ស្វែង​រក​គ្រាប់​បាល់​តាម​ស្មើ​បាន និង​ថែម​ដល់​៣​គ្រាប់​ទៀត ​យក​ឈ្នះ​ក្នុង​លទ្ធផល ៤-១ វិញ។

លទ្ធផល​នេះ​ដែរ ​គួច ដានី ​ខ្សែ​បម្រើ​កម្ពុជា​យល់​ឃើញ​ថា៖ “យើង​មាន​ឱកាស​ច្រើន​ដែរ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​សម្រេច។ តែ​ខាង​មីយ៉ាន់ម៉ា ​វិញ​ពួកគេ​ចាប់​យកឱកាស​បាន​ល្អ ​និង​ច្បាស់​ជាង​យើង។ ច្បាស់​ណាស់ ​ក្រោយ​ពី​យើង​រក​បាន​១​គ្រាប់​នៅ​តង់​ទី​១ ​ខ្ញុំ​គិត​ថា​យើង​នឹង​ឈ្នះ​ការ​ប្រកួត​នេះ​ទៅ​ហើយ ប៉ុន្តែ​ក្រោយ​មាន​បាល់​ប៉េណាល់​ទី ​យើង​បាន​បាត់​បង់​ការ​ប្រមូល​អារម្មណ៍ ធ្វើ​ឱ្យ​មីយ៉ាន់ម៉ា ​រក​គ្រាប់​បាល់​បាន​ជា​បន្ដ​បន្ទាប់។ យើង​សង្ឃឹម​ថា​២​ប្រកួត​ទៀត ​យើង​នឹង​ធ្វើ​បាន​ល្អ ជា​ពិសេស​ប៉ះ​ជាមួយ​ឡាវ ដែល​លេង​នៅ​ទឹក​ដី​របស់​យើង”។

ឆ្លង​កាត់​២​ប្រកួត​នៅ Suzuki Cup 2018 ​កម្ពុជា​មិន​ទាន់​រក​បាន​ពិន្ទុ​ទេ ដោយ​ចាញ់​ទាំង​ពីរ​២​ប្រកួត​តែ​ម្ដង។ ប្រកួត​ទី​១ ​កម្ពុជា​ចាញ់​ក្រុម​ម៉ាឡេស៊ី ​ក្នុង​លទ្ធផល ០-១ ​និង​ប្រកួត​ទី​២ ​កម្ពុជា​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ​៤-១។ ២​ប្រកួត​ទៀត​ដែល​នៅ​សល់ កម្ពុជា​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ឡាវ ​នៅ​ទឹក​ដី​កម្ពុជា ​និង​ប៉ះ​វៀតណាម​នៅ​ទឹក​ដី​វៀតណាម៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម