ធ្វើការ​ជាមួយ​គ្រឿងម៉ាស៊ីន បំបាត់​រឿង​តូច​ចិត្ត​ព្រោះ​ខ្លួន​ពិការ​

  • 2018-11-13 03:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្លាក់​ខ្លួន​ពិការ​តាំងពី​​កុមារ​ភាព ធ្វើ​ឲ្យ​បុរស​ម្នាក់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ទទួល​បាន​ការ​អប់​រំ ដើម្បី​ស្វែង​រក​ជំនាញ​វិជ្ជាជីវៈ​ណាមួយ​សម្រាប់​ចិញ្ចឹម​ជីវិត។ ទោះយ៉ាង​ណា​​ដោយ​សេចក្តី​ព្យាយាម មិន​បោះ​បង់​ការ​តស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ពិការ​ជើង​ខាង​ឆ្វេង​រូបនេះ​ទទួល​បាន ចំណេះ​​ជា​ជាង​ជួសជុល​ម៉ាស៊ីន​យ៉ាង​ជំនាញ។​

(លោក ហង់ អោក កំពុង​ជួស​ជុល​ម៉ាស៊ីន​នៅ​គេហដ្ឋាន​របស់​លោក​)

កើត​ក្នុង​សម័យ​សាធារណ​រដ្ឋខ្មែរ លោក ហង់ អោក បច្ចុប្បន្ន​រស់​នៅ​ក្នុង​ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​លើក​ឡើងថានៅ​មុន​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ១៩៧៥ លោក​បាន​ធ្លាក់​ខ្លួន​ស្វិត​ជើង​ម្ខាង។ ស្វិត​ជើង​លោកថា​ដោយ​សារ​ពេល​នោះ​ឧបករណ៍​ធ្វើ​​នំ​បញ្ចុក​ធ្លាក់​ត្រូវ​ជើង​លោក ហើយ​ក៏​មិន​បាន​ទទួល​ការ​ព្យាបាល​តាម​បែបវេជ្ជសាស្រ្ត​ទំនើប​អ្វី​ដែរ​ក្រៅពី​ប្រើឱសថ​បុរាណ​ខ្មែរ។

លោក​ឲ្យដឹងថា៖ «ចេះតែសោក​ស្តាយ​ដែរ មិន​គួរ​កើត​ឡើងទេ កាលនៅ​តូច​មិនសូវ​តូចចិត្ត​ប៉ុន្មានទេ តែ​ដល់ពេល​វ័យ​កាន់តែធំមាន​អារម្មណ៍​តូច​ចិត្ត​កាន់​តែ​ច្រើន...​តែ​បាន​ធ្វើ​ការ​ងារ​សព្វ​ថ្ងៃ​ហ្នឹង​ក៏​លែង​សូវ​អី»។​

ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ជិត​បួន​ឆ្នាំ លោក​មិន​បានធ្វើ​ការ​ធ្ងន់​ដូច​កុមារ​ដទៃ​នោះ​ទេ ពោល​គឺលោក​នៅ​ជាមួយ​ជី​ដូនចាស់​រហូត​ដល់​ថ្ងៃ​រំដោះ​ឆ្នាំ១៩៧៩ ដោយ​សារតែ​លោក​ពិការ​ជើង​ម្ខាង​នេះឯង។

ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ លោក​បាន​ចូល​រៀន​ត្រឹម​កម្រិត​បឋម​សិក្សា​តែ​ប៉ុណ្ណោះ ដោយ​សារ​សាលា​នៅឆ្ងាយ​ និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​សារតែ​ជើង​ស្វិត​ម្ខាង​ផង។​

មុន​នឹង​មាន​គំនិត​ស្វែងវ​រក​អាជីព​​សម្រាប់ជីវិត​ដូច​សព្វ​ថ្ងៃ​បុរស​វ័យ​៤៧​ឆ្នាំ​រូប​នេះ​ត្រូវ​ចំណាយ​ពេល​នៅ​ផ្ទះ​ជាមួយ​នៅ​ជាមួយ​ឳ​ពុក​ម្តាយ​រហូត​ដល់​ឆ្នាំ​២០០០ ទើប​លោក​បាន​ចាកចេញពី​ស្រុក​កំណើត​មក​ភ្នំពេញ​ដើម្បី​រៀនជំនាញ​ជួសជុល​ម៉ាស៊ីន​បូម​ទឹក ម៉ាស៊ី​កិន​ស្រូវ និង​គោយន្ត​ជា​ដើម។​

មិន​មែនចេះ​តែ​ចង់​រៀន បាន​ចូល​រៀន​នោះទេ ដោយ​សារតែលោកស្វិត​ជើង​បែប​នេះ​មាន​​កន្លែង​ជា​ច្រើន​បាន​បដិសេធ​រូប​លោក​។ លោក​បញ្ជាក់ថា​មិន​តិច​ជាង​បី​ដង​ទេ​ដែល​កន្លែង​ជួស​ជុល​គ្រឿង​ម៉ាស៊ីន​បដិសេធរូប​លោក ដោយថាលោក​ស្វិត​ជើ​ង​មិន​អាច​លើក​ដាក់​គ្រឿង​ម៉ាស៊ីន​ធ្ងន់ៗ​បាន​ពិបាក​បង្រៀន​​​។

ដោយ​សេច​ក្តីព្យា​យាម និង​មាន​ការ​ជ្រោមជ្រែង​ពី​អ្នក​ស្គាល់គ្នាផង​លោក​បាន​ចូល​រៀន​ជាមួយ​ជាង​គ្រឿង​ម៉ាស៊ីន​ម្នាក់​​នៅ​ភ្នំពេញ។ ​ទោះ​បីជា​ស្វិត​ជើង​ម្ខាង​មែន តែ​លោក​ថា​លោក​បាន​ព្យាយាម​រៀន​សូត្រ និង​ធ្វើបាន​ដូច​មនុស្ស​ធម្មតា​ដែរ។ ចំណាយ​ពេល​វេលា​រៀន​សូត្រ​អស់​បី​ឆ្នាំ និង​ថ្លៃ​សិក្សា​ជា​មាស​អស់​ប្រាំជី លោក​បាន​ទទួល​ជំនាញ មួយ​យ៉ាង​ពិត​ប្រាដក សម្រាប់ចិញ្ចឹម​ ជីវិត​ដល់​សព្វ​ថ្ងៃ​។

លោក​បន្ថែមថា៖ « ដំបូង​បើ​យើង​ចាប់​ផ្តើម​ធ្វើ​ម្នាក់​ឯង​ភ្លាម​មិន​សូវ​មាន​អ្នក​ស្គាល់​ទេ​ដូច្នេះ​ខ្ញុំ​ត្រូវ​ដើរ​តាម​ជាង​ម៉ាស៊ីន​ជើង​ចាស់​រយៈពេ​ល​មួយ​ឆ្នាំ​ទៀត​..ម៉្យាង​យើង​អាច​ទទួល​បានបទពិសោធន៍​ថ្មីៗ​ពី​គាត់​បន្ថែម​ទៀតផង»។​

សម្រាប់​​ពេលនេះ​វិញ​លោក​ថា​លោក​មិនសូវចេញ​ក្រៅ​ទេ ដោយ​សារ​កម្លាំង​ចុះខ្សោយ និង​យូរៗ​ចេញ​ម្តង​ម្កាល​ប៉ុណ្ណោះ​ក្នុង​ករណី​ដែល​ចាំបាច់​៕​

អត្ថបទដោយ៖ ជិន វេន