ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ ទំនងជាដាក់បញ្ចាំងនៅដើមឆ្នាំក្រោយ

  • 2018-11-13 04:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងភាគទូរទស្សន៍ដែលមានយុវវ័យរង់ចាំទស្សនាច្រើនបំផុតមួយមាន​ចំណងជើងថា «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» បានបញ្ចេញនូវ Poster ផ្លូវការរបស់ខ្លួននៅពេលថ្មីៗនេះ ហើយធ្វើឲ្យបណ្តាអ្នកគាំទ្រប្រលោមលោកដើមរឹតតែអន្ទះសា។

Poster រឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់

កញ្ញា ទូចបុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ PNN ប្រាប់ខ្លីៗនៅព្រឹកនេះថា ភាពយន្តដែលមានការទន្ទឹងក្នុងចំណោមយុវវ័យជាយូរមកហើយនេះ គ្រោងនឹងដាក់ឲ្យទស្សនាជាផ្លូវការនៅដើម ឆ្នាំក្រោយ។ កញ្ញាអះអាងដូច្នេះថា៖ «នេះជារឿងដ៏ធំរបស់​ PNN ដែលនឹងបើកឆាកឆ្នាំ២០១៩ ក៏ជាសាច់រឿងដែលមានអ្នករង់ចាំទស្សនាច្រើន! ខាងផលិតកម្មបាននឹងកំពុងសម្រិតសម្រាំងយ៉ាងពិសេស»។

លោក លៀក លីដា

លោក លៀក លីដា ផលិតកររបស់ភាពយន្តភាគ «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» អះអាងថា ប្រលោមលោកនេះមានលក្ខណៈលំបាកស្មុគស្មាញជាងគេក្នុងចំណោមស្នាដៃមុនៗដែលលោកធ្លាប់ដឹកនាំផលិត។ លោកថា ការលំបាកជាបញ្ហារបស់កុនដែលល្អ ហើយរ៉ឿងដែលល្អតែងតែជាបទពិសោធន៍ថ្មី។

ផលិតករដ៏មានស្នាដៃរូបនេះបញ្ជាក់ថា «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជារឿងដែលមនុស្សប្រុសក៏នឹងជក់ចិត្តតាមដានដែរ ដោយសារមានរសជាតិជីវិតពិតៗក្នុងសង្គមស៊ីវិល័យ ពាណិជ្ជកម្ម គុណធម៌ មិត្តភក្តិ ចំណែកឈុតឆាកស្នេហាមានភាពរំភើប និងទាមទារទេពកោសល្យសម្តែងខ្ពស់។ លោកថា ពាក្យសន្ទនាក្នុងសាច់រឿងបង្កប់ភាពជាធម្មជាតិពិតៗនៃសង្គមខ្មែរ ប្រើភាសាសាមញ្ញ តែបត់បែនតាមចរិតលក្ខណៈបុគ្គលគួរឲ្យជក់ចិត្ត។

រូបភាពពីក្នុងភាពយន្តភាគរឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់

ក្រៅពី លោក លៀក លីដា ជាអ្នកគ្រប់គ្រងផលិត ផលិតករ Jeans chor ដែលមានបទពិសោធន៍ខ្ពស់មកពីផលិតកម្ម Lafilm បានអះអាងដែរថា នេះជារឿងដែលមានបទដ្ឋានខ្ពស់តាំងពីនៅជាសៀវភៅ ដូច្នេះពេលមកជាភាពយន្ត ទស្សនិកជននឹងពេញចិត្ត។ លោកថាក្រុមការងារបានចំណាយពេលវេលា ធនធាន និងឆន្ទៈធ្វើឱ្យរឿងមួយនេះក្លាយជារឿងប្រចាំឆ្នាំដ៏ធំ ជូនដល់ទូរទស្សន៍ PNN។

រូបភាពពីក្នុងភាពយន្តភាគរឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់

«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជារឿងភាគរបស់ទូរទស្សន៍​ PNN ដែលឈានមុខគេក្នុងការលើកតំកើងស្នាដៃផលិតរឿងក្នុងស្រុក ព្រមទំាងតែងតែគាំទ្រនូវគំនិតថ្មីរបស់អ្នកនិពន្ធខ្មែរ។ រឿងនេះបានកំឡាយពីប្រលោមលោកដ៏ធំប្រចាំឆ្នាំពី ២០១៤ របស់ Sabay សរសេរដោយ អ្នកនិពន្ធ ម៉ីសន សុធារី ហើយក៏ជារឿងដំបូងដែលទូរទស្សន៍ PNN ព្រមទិញយកសិទ្ធិក្នុងរយៈពេល ៥ឆ្នាំលើតម្លៃមួយដ៏ខ្ពស់។

អ្នកនិពន្ធ ម៉ីសន សុធារី

តាំងពីខែវិច្ឆិកា ឆ្នាំមុន ទូរទស្សន៍នេះបានចាប់ផ្តើមទម្លាក់ទុន ក្នុងការនាំយកនូវប្រលោមលោកដែល យុវវ័យពេញចិត្ត និងជាស្នាដៃអ្នកនិពន្ធក្នុងស្រុកព្រមទំាងចុះកិច្ចសន្យាជាមួយតារាល្បី ៨ដួងដែលសុទ្ធសឹងតែជាតួឯកធំក្នុងទីផ្សាររឿងភាគ មកចូលរួមលើខ្សែរឿងមួយនេះ។ «នេះជារឿងដែលធ្វើអោយក្រុមការងារយើងមានមោទកភាពជាទីបំផុតមួយ!» លោក Jeans Chor​ បន្ថែម។

កាលពីឆ្នាំ២០១៧ទូរទស្សន៍ CTN ដែលបានសហការជាមួយ Sabay បានកំឡាយរឿងប្រលោមលោក «ស្រទន់មន្តស្នេហ៍» របស់អ្នកនិពន្ធដដែល មកជាខ្សែរឿង ៤៥ភាគ ផលិតដោយស្ទូឌីយោហ្វរ​ ហើយទទួលបានការកោតសរសើរពីគុណភាពរឿង ការជ្រើសរើសតួអង្គ និងការប្រើសំឡេងសម្តែងបានធម្មជាតិពិតៗ ។

រូបភាពពីក្នុងភាពយន្តភាគរឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់

ទោះបីយ៉ាងណាអ្នកនិពន្ធបានបញ្ជាក់ឲ្យ Sabay ដឹងដែរថា កិច្ចការងារនៅស្ថានីយ៍ទំាងពីរមានគុណសម្បត្តិម្យ៉ាងម្នាក់ហើយ «ស្រទន់មន្តស្នេហ៍» និង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» គឺជាសក្ខីភាពនៃសាច់រឿងតាមប្រភេទសម័យកាល ដែលមិនប្រដំប្រសង នឹងថៃ ឬហុងកុង តែមានលក្ខណៈជារបស់ខ្លួនឯងពិតៗ។ ចំណែកកិច្ចសហការជាមួយ​ Lafilm​ ឬ​ ស្ទូឌីយោហ្វរ អ្នកស្រីអះអាងថាពួកគេមានចំណុចខ្លាំងម្យ៉ាងម្នាក់ហើយសុទ្ធតែគួរអោយកោតសរសើរ។​ «ខ្ញុំនៅតែមានបំណងធ្វើរឿងច្រើនទៀតជាមួយស្ទូឌីហ្វរ និងលីដា ព្រមទំាងហ្សង់! ខ្ញុំរៀនបានច្រើនពីពួកគេ!»៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម