កំពង់ផែកំពតទី១ នឹងភ្ជាប់ឆ្នេរកម្ពុជា-វៀតណាម-ថៃ កាន់តែជិតគ្នានៅចុងឆ្នាំ២០២០

  • 2018-11-13 10:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រសាសន៍​ឯក​ឧត្តម ថោង​ ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ឲ្យ​ដឹង​ថា​ ក្រសួង​កំពុង​ជំរុញ​ពន្លឿន​ការ​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្ត​កំពត​ឲ្យ​រួច​រាល់​នៅ​ចុង​ឆ្នាំ​២០២០។ កំពង់​ទេសចរណ៍​ដ៏​ថ្មី​មួយ​​នេះ​ មាន​សារៈ​សំខាន់​បំផុត​ នៃ​កិច្ចសហការ​ត្រីកាណ​សមុទ្រ​ដែល​មាន​សមុទ្រ​​កម្ពុជា ភ្ជាប់​ទៅ​ភូគុក(កោះត្រល់)​ វៀតណាម​ និង​កោះ​ឆាង​ នៃ​ប្រទេស​ថៃ​។

តាម​រយៈ​កិច្ចសហការ​នេះ កម្ពុជា​រំពឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​វៀតណាម​កាន់​តែ​ច្រើន​ ពី​តំបន់​ភូគុក​​​ដែល​ខ្មែរ​និយម​ហៅថា​កោះត្រល់​ ស្ថិត​នៅ​ក្នុង​ខេត្ត​គៀន​យ៉ាង​ ​ភាគ​ខាង​ត្បូង​ក្នុង​សមុទ្រ​របស់​ប្រទេស​វៀតណាម។

ភូគុក​​​ដែល​ខ្មែរ​និយម​ហៅថា​កោះត្រល់

​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ដំបូង​គេ​របស់​កម្ពុជា​មួយ​នេះ ត្រូវ​បានសាង​សង់​ក្រោម​​កម្ចី​ពី​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​ (ADB)​ ប្រមាណ​ជាង​៩​លាន​ដុល្លារ ​។ កំពង់​ផែ​នេះ សម្រាប់​បម្រើ​ឱ្យ​ការ​ដឹកជញ្ជូន​ទេសចរ​តាមផ្លូវ​សមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា ដែល​បណ្តាញ​ដឹក​ជញ្ជូន​នេះ​ភ្ជាប់​ទៅ​នឹង​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម មាន​កោះត្រល់​ជា​គោលដៅ​សំខាន់​ និង​ភាគខាងត្បូង​ប្រទេស​ថៃ មាន​ខេត្ត​ត្រាត​កោះ​ឆាង ភូ​កេ​ត​ជាដើម។

​កំពង់​ផែ​នេះ ត្រូវបាន​សង់​លើ​ផ្ទៃដី​៤​ហិកតា ដោយ​ក្រុមហ៊ុន​ចិន​​ SBPH Engineering & Constructions Co., Ltd មាន​រចនាសម្ព័ន្ធ​ជាច្រើន​ផ្នែក​ ស្របតាម​បទដ្ឋាន​ស្តង់ដារ​ផែ​ទេសចរណ៍​អន្តរជាតិ សម្រាប់​ទទួល​សំចត​ភ្ញៀវទេសចរ​ចេញចូល​ចុះឡើង​ឱ្យមាន​សុវត្ថិភាព ​និង​ធានា​នូវ​និរន្តរភាព​ខាង​បរិស្ថាន​ទៀត​ផង។ ​កំពង់ផែ​​នេះ ត្រូវបាន​គេរំពឹង​ថា នឹង​អាចជួយ​ទាក់ទាញ​ទេសចរ​មកកាន់​តំបន់​​សមុទ្រ​​នៃ​ប្រទេស​កម្ពុ​ជា មាន​ដូចជា​ខេត្ត​កែប​ កំពត ​ព្រះសីហនុ​ និង​កោះកុង​​ប្រមាណ​១៤​លាន​នាក់​ (ភ្ញៀវ​អន្តរជាតិ ៦លាននាក់) នៅ​ឆ្នាំ​២០៣០៕

​​​​​​​

​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម