ប្រើ​បណ្ដាញ​សង្គម​ត្រឹម ៣០ នាទីក្នុងមួយថ្ងៃ អាច​កាត់​បន្ថយ​កម្រិត​ជម្ងឺ​ធ្លាក់​ទឹកចិត្ត​បាន​

  • 2018-11-14 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មី​មួយ​ដោយ​ក្រុម​ស្រាវជ្រាវ​នៅ​​សាកល​វិទ្យាល័យ Pennsylvania រក​​ឃើញ​​ថា​​ការ​​កំណត់​រយៈពេល​ប្រើប្រាស់​បណ្ដាញ​សង្គម​ត្រឹម ៣០ នាទី​ក្នុង​មួយ​ថ្ងៃ អាច​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​។​ ជាពិសេស ការ​កាត់បន្ថយ​ពេលវេលា​អូស​មើល​រូបភាព​មិត្តភក្ដិ​នានា អាច​កាត់បន្ថយ​ហានិភ័យ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត និង​ភាព​ឯកោ​បាន​។ 

ក្នុង​ការ​សិក្សា និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ១៤៣ នាក់​បាន​សាកល្បង ដោយ​បែងចែក​ជា​ក្រុមៗ ហើយ​កំណត់​រយៈពេល​ប្រើ Facebook, Instagram និង Snapchat ត្រឹម ៣០ នាទី​ក្នុង​មួយ​ថ្ងៃ ដោយ​បណ្ដាញ​សង្គម​មួយៗ​ប្រើ​ពេល ១០នាទី ខណៈ​ក្រុម​មួយ​ទៀត​អាច​ប្រើ​បណ្ដាញ​សង្គម​តាម​ទម្លាប់​ធម្មតា​។ 

ក្រោយ​ពេល ៣ សប្តាហ៍ និស្សិត​ត្រូវ​បាន​សួរ​វាយតម្លៃ​ជម្ងឺ​ផ្លូវ​ចិត្ត​តាម​តំបន់ ៧ ខុសៗគ្នា រួមមាន ការ​ពឹងផ្អែក, ភ័យខ្លាច​ការ​បាត់បង់, ភាព​ឯកោ​, សេរីភាព​, ការ​ទទួល​ស្គាល់​ខ្លួន​ឯង​, តានតឹង​អារម្មណ៍​, បាក់​ទឹក​ចិត្ត និង​ការ​គោរព​ខ្លួន​ឯង​។ 

ប្រធាន​ក្រុម​ស្រាវជ្រាវ​សម្រាប់​ការ​សិក្សា​នេះ លោក Melissa Hunt បាន​ប្រាប់​វេបសាយ Science Daily ថា៖ "ការ​ប្រើ​បណ្ដាញ​សង្គម​តិច​ជាង​ធម្មតា អាច​កាត់​បន្ថយ​បាន​ទាំង​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត និង​អារម្មណ៍​ឯកោ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​"៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន