ស្ថាប័ន​អន្តរជាតិ​៥​ ផ្តល់ថវិកា​ជិត​៣០​លាន​ដុល្លារ សម្រាប់​វិស័យអប់រំនៅ​កម្ពុជា​

  • 2018-11-14 07:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូល​និធិ​ភាព​ជាដៃគូ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​វិស័យ​អប់​រំ​ហៅ​កាត់​ថា​ CDPF គ្រោង​ចំណាយ​ថវិកា​ជិត​៣០​លាន​ដុល្លារ​សម្រាប់​​អនុវត្ត​គម្រោង​​ដំណាក់​កាល​ទី​បី​រយៈ​ពេល​បួន​ឆ្នាំ​បន្ត​ទៀត ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​ផែន​ការ​យុទ្ធសាស្រ្ត​វិស័យ​អប់រំ​នៅ​កម្ពុជា។​

(ស្ត្រីម្នាក់​កំពុ​ងអង្គុយ​ទស្សនា​វីដេអូទាក់ទង​នឹង​វិស័យ​អប់រំនៅ​កម្ពុជា)

សេចក្តី​ប្រ​កាស​ព័ត៌មាន​រួម​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ​សរសេរ​ថា CDPF គឺជា​ភាព​ជាដៃគូរវាង​សហភាព​អឺរ៉ុប ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយ​អែត(SIDA) USAID Unicef និង​ភាព​ជា​ដៃគូសកល​សម្រាប់​ការ​អប់រំ (GPE)។​

ប្រ​ភព​ដដែល​បន្តថា​សម្រាប់​រយៈពេល​បួន​ឆ្នាំ​ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២១នេះ ស្ថាប័ន​អន្តរជាតិ​ទាំង​នេះ​នឹង​ផ្តល់​ថវិកា​ចំនួន​២៧​លាន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​ដំណាក់​កាលទី​បី​បន្តទៀត។

ប្រ​ភព​ដដែល​ឥ្យ​ដឹង​ទៀត​ថា​ក្នុង​ដំណាក់​កាល​ទី​បី​នេះ​មូនិធិ​ អភិវឌ្ឍ​លើ​ការ​ពង្រឹង​សមត្ថភាព​ក្រ​សួង​អប់រំ​ក្នុង​ការ​រៀប​ចំផែន​ការ ពិនិត្យ​តាម​ដាន​ គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ និង​គ្រប់​គ្រប់គ្រង​កំណែ​ទម្រង់​វិស័យ​អប់​រំ​ឲ្យ​កាន់តែ​ប្រ​សើរ។

ក្រៅពី​នេះ​ក៏​មាន​ការ​បង្កើន​សមត្ថភាព​មន្ត្រី​​នៅ​ថ្នាក់​ខេត្ត និង​ស្រុក​​ក្នុង​ការ​រៀបចំផែន​ការ​គ្រប់​គ្រង និង​ធានា​ការ​អនុវត្តគោល​នយោបាយ​​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព និង​ផ្តល់​សេវា​អប់​រំ​កាន់តែ​ប្រសើរ។​

សម្រាប់​ចំណុច​ចុងក្រោយ​គម្រោង​នេះ​នឹង​ពង្រឹង​សមត្ថភាព​ និង​គណនេយ្យ​ភាព​នៅ​កម្រិត​សាលា​ ដូចជា​សមត្ថភាពគ្រូបង្រៀន នាយក​សាលា ក្នុង​ការ​រៀបចំផែនការ បែងចែកថវិកា និង​ការគ្រប់​គ្រង​ ដើម្បី​បង្កើន​ការ​ចូល​រួម និង​លើកកម្ពស់​ការសិក្សា។​ នេះ​បើតាម​សេចក្តី​ប្រ​កាស​ព័ត៌មាន​ដដែល។

ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រ​ចាំ​កម្ពុជា​លោក George Edgar ត្រូវ​បាន​ដក​ស្រង់​សម្តី​នៅ​ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​ថា CDPF​​ផ្តល់​លទ្ធភាពឲ្យមាន​ការ​រៀបចំ​​យុទ្ធ​សាស្រ្ត​​​​​​ និង​ការ​សម្រប​សម្រួល​ល្អ ស៊ីស​ង្វាក់​គ្នា​ ដើម្បី​ផ្តោត​លើ​កា​រអភិវឌ្ឍសមត្ថភាព​ដល់​មន្ត្រីគ្រប់​ជាន់​ថ្នាក់​របស់​ក្រ​សួង​អប់​រំ រាប់​បញ្ចូល​ទាំង​សាលា​រៀន​ផង។

សម្រាប់​លោក​ស្រី​ Natascha Paddison ប្រ​ធាន​ស្តីទី​របស់​Unicef ប្រ​ចាំកម្ពុជា​លើក​ឡើង​ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​ដែរ​ថា៖ «កម្មវីធី​ CDPF​មាន​សារៈសំខាន់​ព្រោះ​វា​បាន​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៃ​សង្គម​កម្ពុជា​ក្នុង​កំណែ​ទម្រង់​អប់រំ​ចាប់​ពី​មន្ត្រី​រដ្ឋាភិបាល​រហូត​ដល់​នាយក​សាលា គ្រូបង្រៀន និង​មាតាបិតា​សិស្ស...​យើង​សង្ឃឹម​ថា​កម្មវិធីនេះ​នឹង​ផ្តល់​ផ្តល់ភាព​អង់អាច​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​វិនិយោគ​លើ​វិស័យ​អប់​រំ សម្រាប់​កូនៗអាច​ទទួលបា​ន​ក្នុង​រយៈពេល​វែង»។

គួរ​បញ្ជាក់​​ថា​គម្រោងនេះ​ចាប់​ផ្តើម​ដំបូង​នៅ​ឆ្នាំ២០១១​​ដែល​មាន​ពីរ​ដំណាក់​កាល​ចន្លោះពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៧ និង​បាន​ចំណាយ​ថវិកា​អស់​ប្រ​មាណ​ជា​៣០​លាន​ដុល្លារ៕

អត្ថបទ៖ ទូច សុខា