ម្ដង​នេះ ស៊ឹម សុវណ្ណារ៉ុង ព្រលយ​រឿង ចូល​ធ្វើ​ជា​តារា​ចម្រៀង​ផលិតកម្ម

  • 2018-11-15 03:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ឹម សុវណ្ណា​រ៉ុង ដែល​ល្បី​ឈ្មោះ​តាម​រយៈ​ការ​ធ្វើ​បទ​ចម្រៀង​ខ្លួន​ឯង​ច្រៀង​ខ្លួន​នោះ នៅ​ពេលនេះ​បាន​ដាច់​ចិត្ត​ព្រលយ​រឿង​ចូល​ធ្វើ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម ថា​លោក​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ផលិតកម្ម​ណា​មួយ​នា​ពេល​ខាង​មុខ។

“បាទ...បង ខ្ញុំ​នឹង​យល់​ព្រម បើ​មាន​ការ​ព្រមព្រៀង​គ្នាច្បាស់​លាស់..."។ ស៊ឹម សុវណ្ណារ៉ុង ថ្លែង​បែប​នេះ ក្រោយ​ពី​បាន​ចំណាយ​ពេល​ធ្វើ​ជា​តារា​ចម្រៀង​ក្រៅ​ផលិតកម្ម​អស់​រយៈ ពេល​ប្រមាណ​ជាង ១​ឆ្នាំ ពោល​គឺ​ជាង​តារា​ចម្រៀង​ឯករាជ្យ។ យ៉ាង​ណា ក៏​ធ្វើ​បែប​នេះ គឺ​មាន​ការ​ចំណាយ​ច្រើន លើ​ការ​ផលិត​បទ​ចម្រៀង​មួយ​ៗ។ ដូច្នេះ​ហើយ សុវណ្ណារ៉ុង បញ្ជាក់​ថា ចង់​មាន​ផលិតកម្ម​រឹង​មាំ​មួយ​ធ្វើ​ជា​ទ្រនំ។

និយាយ​ដល់​ចំណុច​នេះ តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់ដំបង បញ្ជាក់​ថា កាល​ពី​អតីត​ធ្លាប់​មាន​ផលិតកម្ម​ក្នុង​ស្រុក​មួយ បាន​ទាក់​ទង​ដែរ ប៉ុន្តែ​ពេល​នោះ លោក​នៅ​ជា​តារា​ចម្រៀង​កុង​ត្រា​ជាមួយ​ផលិតកម្ម "ឥន្ទ្រី​មាស" ទើប​លោក​មិន​អាច​រំលោភ​កិច្ច​សន្យា​ជាមួយ​ផលិតកម្ម​បាន។ យ៉ាង​ណា បច្ចុប្បន្ន តារា​ចម្រៀង​រូប​នេះ បាន​ចាក​ចេញ​ពី​ផលិតកម្ម​ខាង​លើ​ហើយ ក្រោយ​ពី​រួម​រស់​ជាមួយ​គ្នា​មួយ​រយៈ​ធំ។

“បាទ...ឥឡូវ​ខ្ញុំ​បាន​ចេញ​ពី​ផលិតកម្ម​ហើយ មក​ធ្វើ​ជា​តារា​ចម្រៀង​ឯករាជ្យ តែ​អត់​មាន​បញ្ហា​អី​ទេ គឺ​ខ្ញុំ​ផុត​កុងត្រា អីចឹង​ក៏​សម្រេច​ចេញ​ទៅ ហើយ​រាល់​ថ្ងៃ​កំពុង​ប្រឹង​ធ្វើ​បទ​ចម្រៀង​ខ្លួន​ឯង​បង...!”។ ដោយ​សារ​តែ​បែប​នេះ ទើប​លោក​ព្រលយ​ថា លោក​ស្វាគមន៍ សម្រាប់​ចាប់​អារម្មណ៍​ពី​ផលិតកម្ម​ក្នុង​ស្រុក​នានា ពោល​ប្រសិន​បើ​អាច​ព្រមព្រៀង​គ្នា​លើ​ការ​ចរចា​ការងារ ដែល​អាច​ទទួល​យក​បាន​ទាំង​សងខាង លោក​រីករាយ​នឹង​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ណា​មួយ​វិញ។

ស៊ឹម សុវណ្ណា​រ៉ុង ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង ក្រោយ​ពី​ចេញ​បទ Original Song ផ្ទាល់​ខ្លួន​នៅ​ឆ្នាំ ២០១៧ មាន​ចំណង​ជើង​ថា "កុំ​ទ្រាំ​ស្នេហ៍​អ្នក​ក្រ​ដូច​បង" ដែល​និពន្ធ​ដោយ​លោក​ផ្ទាល់ និង​ធ្វើ​បទ​ភ្លេង​ថ្មី​ដោយ ឌីជេ ខាណា ជា​ពលករ​នៅ​ថៃ​ដូច​គ្នា សម្រួល​តន្ត្រី​ដោយ​លោក អ៊ិច សំណាង ។

មក​ដល់​សព្វ​ថ្ងៃ សុវណ្ណា​រ៉ុង បាន​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ចិត្ត​យុវវ័យ​មួយ​រូប ក្នុង​នោះ​លោក​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ជា​ច្រើន​រួច​មក​ហើយ មាន​ដូច​ជា​បទ "អូន​លេង​សើច តែ​បង​ឈឺ​ចាប់" "ប្រពន្ធ​ក្មេង" និង​បទ "ស្ទាវ​ក្រ​ដូច​បង" "បង​គ្មាន​ម៉ូតូ​ថ្មី ស្រី​បែក​ចិត្ត" ជា​ដើម៕

អត្ថបទ៖ ទារិកា