ឱកាសមាស! ក្មេងប្រុសកម្ពុជា ចេះនិយាយ១៥ភាសា ត្រូវអញ្ជើញទៅច្រៀងនៅចិន

  • 2018-11-15 03:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​កម្ពុជា​អាយុ​១៤ឆ្នាំ​ម្នាក់ ដែល​ចេះ​និយាយ​រហូត​ដល់​ទៅ ១៥ភាសា កំពុង​ទទួល​បាន​ការ​ឧបត្ថម្ភ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ធ្វើ​បទសម្ភាសន៍ និង​ឱកាស​មាស​ក្លាយ​ជា​តារា​ចម្រៀង​ថែម​ទៀត​ផង។

ក្មេង​ប្រុស សាលីក និងអ្នកទេសចរ​ជនជាតិ​ម៉ាឡេស៊ី

កាល​ពី​សប្ដាហ៍​មុន ក្មេង​ប្រុស ធុច សាលីក បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​ជុំវិញ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​អ្នកទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ថត​វីដេអូ​គេ​បង្ហាញ​សមត្ថភាព​និយាយ​ភាសា​បរទេស ១៥ភាសា ខណៈ​កំពុង​លក់​វត្ថុ​អនុស្សាវរីយ៍ នៅ​ប្រាសាទ​តាព្រហ្ម។

នៅ​ក្នុង​វីដេអូ​ឃ្លិប​នោះ ក្មេង​ប្រុស សាលីក ចាប់ផ្តើម​និយាយ​ភាសា​ចិនកុកងឺ រួច​ក៏​និយាយ​ភាសា​ផ្សេង​ទៀត រួម​ទាំង ចិនកន្តាំង, ហ្វីលីពីន, បារាំង, អាល្លឺម៉ង់, ជប៉ុន, កូរ៉េ, ម៉ាឡេ និង​ថៃ ផង​ដែរ ដោយ​ភាសា​ទាំង​អស់​នេះ​ក្មេង​ប្រុស សាលីក សុទ្ធ​សឹង​តែ​រៀន​ចេះ​ពី​ភ្ញៀវ​ទេសចរ។

ទោះ​បី​ជា​យ៉ាង​ណា ក្មេង​ប្រុស​កម្ពុជា​រូប​នេះ​និយាយ​ភាសា​ចិនកុកងឺ​បាន​ល្អ​ជាង​គេ ហើយ​បង្ហាញ​ពី​អាមរ្មណ៍​ចង់​ទៅ​ចូល​រួម​កម្មវិធី​តន្រ្តី​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ទៀត​ផង។

យ៉ាងណាមិញ ប្អូន​ប្រុស​របស់ សាលីក ឈ្មោះ ធុច ទិត្យា អាយុ ១១ឆ្នាំ ក៏​ចេះ​និយាយ ១១ភាសា​ផង​ដែរ ហើយ​ចេះ​និយាយ​ភាសា​ចិនកុកងឺ​បាន​ល្អ​ជាង​គេ។

ក្មេង​ប្រុស ធុច ទិត្យា និង ក្មេងប្រុស សាលីក

យោង​តាម​សារព័ត៌មាន​ចិន Sinchew បាន​ឲ្យ​ដឹង​ថា ពួកគេ​ទទួល​បាន​ការ​អញ្ជើញ​ពី​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ចិន ដើម្បី​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង។ មិនតែប៉ុណ្ណោះ ក្មេង​ប្រុស សាលីក នឹង​មាន​ឱកាស​ដើម្បី​បង្ហាញ​ពី​សំឡេង​ស្រែក​ច្រៀង​របស់​ខ្លួន ហើយ​ក៏​មាន​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​នៅ​ទី​នោះ​ផង​ដែរ៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង