រំជួលចិត្ត! មុន្នីរ័ត្ន ប្រាប់ដំណើររឿងពិត រហូតសំបុត្រ និងកាដូ ធ្លាក់ដល់ដៃរដ្ឋមន្ត្រីវ័យក្មេងម៉ាឡេស៊ី

  • 2018-11-15 07:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាក់ មុន្នី​រ័ត្ន គឺ​ជា​នារី​ខ្មែរ​ដំបូង ដែល​បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់ ព្រម​ជាមួយ​កាដូ​ជា​កូន​តុក្កតា​គួរ​ឲ្យ​ស្រលាញ់​មួយ​ ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​វ័យ​ក្មេង​រូប​សង្ហា​ម៉ាឡេស៊ី ដោយ​ជោគជ័យ​។

មុន្នីរ័ត្ន​ ដែល​ជា​អ្នក​តាមដាន​គ្រប់​សកម្មភាព​របស់​រដ្ឋ​មន្ត្រី ក្រសួង​យុវជន និង​កីឡា ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​ៗ​នេះ បាន​រៀបរាប់​ទាំង​អារម្មណ៍​រំភើប​មក​កាន់ Sabay ថា ក្រោយ​ពេល​លោក Syed Saddiq Abdul Rahman បាន​ឆ្លើយ​តប​យ៉ាង​ក្បោះក្បាយ​មក​កាន់​នាង គឺ​ធ្វើ​ឲ្យ​នាង​រំភើប​ខ្លាំង ដែល​ពិបាក​និយាយ​ឲ្យ​ត្រូវ​ថា​នាង​រំភើប​កម្រិត​ណា​នោះ​ទេ។ មុន្នីរ័ត្ន​បន្ត​ថា នាង​សម្រេច​ចិត្ត​ផ្ញើ​សំបុត្រ និង​កាដូ​នេះ​ទៅ​ទាំង​មិន​បាន​រំពឹង​ទុក​ថា លោក​នឹង​ឆ្លើយ​តប​ឡើយ ព្រោះ​ដឹង​ស្រាប់​ហើយ​ថា លោក​មាន​តួនាទី​ជា​អ្វី ហើយ​ភារកិច្ច​លោក​រវល់​ប៉ុណ្ណា​នោះ។

សំបុត្រមួយច្បាប់ មុន្នីរ័ត្ន បានផ្ញើទៅលោក

តែ​អ្វី​ដែល​នាង​មិន​រំពឹង​ទុក គឺ​ស្រាប់​តែ​ក្លាយ​ជា​ការ​ពិត ដោយ​រដ្ឋមន្ត្រី​រូប​សង្ហា​រូប​នេះ ឆ្លើយ​តប​យ៉ាង​ពីរោះពិសា គួរ​ឲ្យ​គោរព​បំផុត។ ត្រង់​នេះ​ គឺ​កាន់​តែ​ធ្វើ​ឲ្យ​ មុនីរ័ត្ន​ ស្រលាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង ត្រង់​ថា​លោក​មិន​ប្រកាន់​ខ្លួន​ថា​ជា​រដ្ឋមន្ត្រី តួនាទី​ខ្ពស់ អ្វី​នោះ​ទេ ដោយ​បាន​ទទួល​កាដូ​នាង ថែម​ទាំង​អាន​ខ្លឹមសារ នៃ​សំបុត្រ​របស់​នាង​ទៀត​ផង ទាំង​នាង​ជា​មនុស្ស​សាមញ្ញ ចំណែក​លោក​មាន​ឋានៈ​ខ្ពង់ខ្ពស់ ក្នុង​ជួរ​រដ្ឋាភិបាល​ម៉ាឡេស៊ី។

លោក កំពុងកាន់តុក្កតា របស់នាង និងសំបុត្រក្នុងដៃ

ចំណែក​ឯ​មូល​ហេតុ​នាំ​ឲ្យ​សម្រេច​ចារ​អក្ខរា នេះ​ទៅ​កាន់​លោក Syed Saddiq Abdul Rahman ព្រោះ​នាង​ពេញ​ចិត្ត​ខ្លាំង​បំផុត នូវ​អ្វី​ដែល​លោក​មាន​ ក្នុង​នាម​ជាយុវជន​ម្នាក់ ដែល​មាន​វ័យ​២០​ជាង​សោះ បាន​ខិត​ខំ​តស៊ូ​រហូត​បាន​ជោគជ័យ ខណៈ​ដែល​យុវជន​ខ្លះ​ក្នុង​វ័យ​ស្របាល​លោក កំពុង​តែ​រីករាយ​ សប្បាយ​នឹង​ជីវិត​ជា​យុវវ័យ​នៅ​ឡើយ។ យុវតី​រូប​នេះ​បន្ត​ថា ម្យ៉ាង​វិញ​ទៀត​លោក​បាន​បំពេញ​តួនាទី​ជា​រដ្ឋមន្ត្រី​នេះ​បាន​យ៉ាង​ល្អ ដូច​អ្វី​ដែល​លោក​បាន​ឃោសនា​ពេល​បោះ​ឆ្នោត គឺ​លោក​ពិត​ជា​ធ្វើ​បាន​ដូច​អ្វី​ដែល​បាន​និយាយ​មែន។ លោក​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ដល់​យុវជន តែងតែ​មាន​សារ​ជំរុញ លើក​ទឹក​ចិត្ត ដល់​យុវជន​ដទៃ​ទៀត។ ជាក់​ស្ដែង​ដូចជា​រូប​នាង មាន​កម្លាំង​ចិត្ត និង​ទឹក​ចិត្ត​ក៏​ដោយសារ​ មាន​រដ្ឋមន្ត្រី​វ័យ​ក្មេង​នេះ​ជា​គំរូ។

យុវតី មុន្នីរ័ត្ន

តើ​ហេតុអ្វី​ទើប​សំបុត្រ មុន្នីរ័្នត​ អាច​ធ្លាក់​ដល់​ដៃ​រដ្ឋមន្ត្រី​រូប​នេះ​បាន? បុគ្គលិក​ក្រុមហ៊ុន​ឯកជន​រូប​នេះ ប្រាប់​ថា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ នាង​បាន​ធ្វើ​ដំណើរកម្សាន្ត​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី និង​បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ។ អាច​ថា​ជា​រឿង​ចៃដន្យ​ដែរ នៅ​សណ្ឋាគារ​នោះ មាន​សេវា​ផ្ញើ​របស់​ទៅ​កាន់​រដ្ឋមន្ត្រី ក្រោយ​មក​នាង​បាន​សម្រេច​ចិត្ត​ដក​ស្លាប​ប៉ាកកា ចារ​អក្ខរា​មួយ ផ្ញើ​ទៅ​លោក Syed Saddiq Abdul Rahman ព្រម​ជាមួយ​កាដូ​មួយ​ដែល​នាង​បាន​ទិញ​ពី​ផ្សារ​ទូលទំពូង ជា​តុក្កតា​ Hero ​កែច្នៃ ចេញ​ពី​របស់​ចាស់ៗ​ទុក​លក់​ឲ្យ​ភ្ញៀវទេសចរ​ តម្លៃ​ជាង​២០​ដុល្លារ។

ក្រោយ​ផ្ញើ​ទៅ​នាង មិន​ដែល​នឹក​ស្រមៃ​ថា លោក​រដ្ឋមន្ត្រី​ដ៏​សែន​សង្ហា​មិន​ចាញ់​តារា​ខាង​លើ បើក​មើល​ឡើយ រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​បាន​បើក​មើល និង​ឆ្លើយ​តប​មក​នាង​វិញ។ គិត​ចាប់​ពី​ថ្ងៃ​ផ្ញើ និង​ថ្ងៃ​ដែល​លោក​ឆ្លើយ​មាន​រយៈពេល​ជិត​១​ខែ។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ​ចន្ទ ទី​២​ ខែ​កក្កដា​ ឆ្នាំ២០១៨ លោក Syed Saddiq Abdul Rahman បាន​ស្បថ​ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួងយុវជន និង​កីឡា​ថ្មី​របស់​ម៉ាឡេស៊ី។ បុរស​វ័យ ២៥​ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ក្មេង​ជាង​គេ​បំផុត​ក្នុង​ប្រទេស ម៉ាឡេស៊ី ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​ជាមួយ អនុរដ្ឋមន្ត្រី ២៣​រូប​ទៀត​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​មហាក្សត្រ Sultan Muhammad V ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម