Morata សារភាពថា ខ្លួនធ្លាប់ចង់ចេញពី Chelsea
- 2018-11-15 11:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Morata សារភាពថា ខ្លួនធ្លាប់ចង់ចេញពី Chelsea
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Chelsea បានសារភាពថា ខ្លួនចង់ចាកចេញពីក្លឹប Chelsea កាលពីរដូវក្ដៅឆ្នាំនេះ ដោយសារតែសម្ពាធខ្លាំងពេកក្នុងការលេង នៅកីឡដ្ឋាន Stamford Bridge តែគេប្ដូរចិត្តវិញ ដោយសារតែ មានជំនួយពីពេទ្យផ្លូវចិត្ត។
Morata បាននិយាយថា៖ " ខ្ញុំបានប្រាប់ប្រពន្ធ និងគ្រួសារថា ខ្ញុំចង់ដកឃ្លាពីបាល់ទាត់។ ខ្ញុំរងសម្ពាធខ្លាំង ហើយក្នុងស្ថានភាពបែបនេះ ខ្ញុំយល់ថា បើខ្ញុំមិនប្រាប់ពួកគេទេ វានឹងអាក្រក់ជាងហ្នឹងទៀត។ ក្នុងរដូវក្ដៅនេះ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំនឹងរកក្លឹបណា ដែលខ្ញុំលេងដោយសប្បាយចិត្តម្ដងទៀត " ។
កីឡាកររូបនេះ បានបន្តថា៖ " ប្រពន្ធខ្ញុំសើច ហើយថា ខ្ញុំនិយាយឆ្កួតៗ។ ពេលនោះហើយ ខ្ញុំក៏សម្រេចចិត្តនៅបន្តទៀត។ ក្នុងកាលៈទេសៈបែបនេះ ខ្ញុំទើបតែដឹងថា ខ្ញុំត្រូវតែបង្វឹកអារម្មណ៍ ព្រោះអីវាមិនមែនហ្វឹកហាត់កាយសម្បទាមួយមុខទេ " ។
ខ្សែប្រយុទ្ធរូបនេះ បានបន្ថែមទៀតថា៖ " ការទៅពិភាក្សាជាមួយពេទ្យផ្លូវចិត្តនេះ គឺសម្រាប់អ្នកដែលមានបញ្ហាអវិជ្ជមាន ហើយសម្រាប់ខ្ញុំ វាជួយកាត់បន្ថយសម្ពាធ និងប្រមូលអារម្មណ៍ខ្ញុំ។ ពេលនេះ ខ្ញុំសប្បាយចិត្តនៅ Chelsea ជាងលេងនៅ ជម្រើសជាតិអេស្ប៉ាញទៀត ហើយខ្ញុំនឹងទៅពិភាក្សាជាមួយអ្នកចិត្តសាស្ត្រនៅពេលក្រោយផងដែរ "។
សូមបញ្ជាក់ផងដែរថា Morata បានផ្ទេរពី Real Madrid មក Chelsea នៅឆ្នាំ ២០១៧។ ក្នុងឆ្នាំនោះដែរ កីឡាករអេស្ប៉ាញជួបបញ្ហាជាច្រើនដូចជា ការស្លាប់របស់មិត្តជិតស្និទ្ធរបស់ខ្លួន ហើយប្រពន្ធខ្លួនក៏ពិបាកក្នុងការពពោះដែរ៕