ក្រសួង​ចេញ​មុខពន្យល់​ច្បាស់ៗ​ពី​នីតិវិធី លើ​ស្ថានីយឬដេប៉ូលក់​សាំង​មិន​គ្រប់​លីត្រ​

  • 2018-11-16 02:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ក​ពាណិជ្ជកម្មឲ្យ​ដឹង​ថាមន្ត្រី​ជំនាញ​ប្រេង​ឥន្ធនៈ​នៃ​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​បាន​អនុវត្តនូវ​វិធាន​ការ​ចំនួន​ពីរ​ទៅ​លើ​ស្ថានីយ ឬដេប៉ូ​លក់​ប្រង​ឥន្ធនៈ​ដើម្បី​ផ្តល់​យុត្តិធម៌ដល់​​អ្នក​ទិញ និង​អ្នក​លក់​។

(មន្ត្រីកំពុង​ពិនិត្យ​បិរមាណ និង​គុណភាពប្រេងឥន្ធនៈ/រូបភាព៖ ក្រ​សួង​ពាណិជ្ជកម្ម)

កន្លង​មក​ធ្លាប់​មាន​ជា​ចម្ងល់​ពី​មហាជន​មួយ​ចំនួន​ទាក់ទង​នឹង​វិធាន​ការ​ទៅ​លើ​ស្ថានីយ ឬដេប៉ូ​ប្រេង​ឥន្ធនៈ​ដែល​លក់​មិន​គ្រប់​លីត្រ ឬ​មិន​មាន​គុណភាព​ត្រឹម​ត្រូវ ថា​តើ​គួរ​មាន​វិធាន​ការ​ផ្លូវ​តុលាការ​ឬ​យ៉ាងណា។​​

​​កាលពី​ល្ងាច​ពី​ម្សិល​មិញ​ក្រ​សួង​ពាណិជ្ជ​កម្ម​​បាន​ចេញ​សេចក្តី​ប្រ​កាស​ព័ត៌មានមួយ ដោយ​បាន​សរ​សេរថា​ចំពោះ​វិធាន​ការ​ទី​មួយ​សម្រាប់​ស្ថានីយឬដេប៉ូ​លក់​ប្រេស​ឥន្ធនៈ​ដែល​រក​ឃើញ​លើក​ដំបូង​ថា​លក់​មិន​គ្រប់​លីត្រ ឬ​គុណភាព​​​សារ​ធាតុ​អុក​តាន​លម្អៀង​មិន​ត្រឹម​ត្រូវ​តាម​ស្តង់ដារ នោះ​ម្ចាស់​ស្ថានីយ ឬ​ដេប៉ូ នឹង​តម្រូវ​ឲ្យ​ធ្វើ​កិច្ច​សន្យាកែតម្រូវ​ភាព​មិន​ប្រ​ក្រ​តី​ឡើង​វិញ។ ក្រៅពី​នេះ​ក៏​មាន​ផ្សព្វ​ផ្សាយ​ឈ្មោះ​ស្ថានីយ ឬដេប៉ូ​ទាំងនោះ​នៅ​តាម​បណ្តាញ​សារព័ត៌មាន​ផង​ដែរ។

ប្រ​ភពដដែល​បន្តថា​សម្រាប់​ស្ថានីយ ឬដេប៉ូ​ដដែល​មាន​ភាព​មិន​ប្រ​ក្រ​តីជា​លើក​ទី​ពីរ​ អគ្គនាយក​ដ្ឋាន​កាំកុងត្រូលនឹង​ស្នើទៅ​កាន់​ក្រ​សួង​ពាណិជ្ជកម្មព្យួរ​អាជ្ញាបណ្ណអាជីវកម្ម​បណ្ដោះអាសន្ន និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ បើ​តាម​ក្រ​សួង​ពាណិជ្ជកម្ម​ការចុះ​ត្រួតពិនិត្យនេះ​ធ្វើ​ឡើង​ដោយមិនឲ្យ​ម្ចាស់​ស្ថានីយ​ឬ​ដេប៉ូ​ដឹង​មុន​ឡើយ។

​ក្រ​សួង​ពាណិជ្ជ​កម្ម​សរសេរ​បន្តថា​៖ «ក្នុង​តួនាទី​របស់​អគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល...​បាន​បំពេញ​ភារកិច្ច​ក្នុង​កិច្ច​ការពារអ្នក​ប្រើ​ប្រាស់​ ដោយ​តម្កល់​ផល​ប្រ​យោជន៍ជាតិ និង​ផល​ប្រ​យោជន៍​ប្រ​ជា​ពល​រដ្ឋ​​ជាធំ​ ជាពិសេស​ពាក់​ព័ន្ធនឹង​សុវត្ថិភាព​ចំណី​អាហារ និង​ការ​ក្លែង​បន្លំទំនិញ​គ្រប់​រូបភាព»។

បើ​តាម​សេចក្តី​ប្រ​កាសព័ត៌មាន​ ថ្មី​ៗនេះ​មន្ត្រីជំនាញ​បានធ្វើ​ការ​ជា​មួយ​ព្រះ​រាជអាជ្ញា​ ដើម្បី​ងាយស្រួល​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​ភ្លាម​ៗ​នៅ​ពេល​រក​ឃើញ​ភាព​មិន​ប្រ​ក្រ​តីណាមួយ។ ទន្ទឹម​នឹង​នេះ​ក្រ​សួង​ក៏បាន​ប្រើ​ប្រាក់​ការ​ពិសោធន៍​ ដោយ​ថា​ដើម្បី​ឲ្យ​បាន​ភស្តុតាង​ លទ្ធផល​ច្បាស់​លាស់​ និង​មាន​​សុក្រិតភាព​ សម្រាប់​ផ្តល់​យុត្តិធម៌​ដល់​ទាំងអ្នក​ទិញ និង​អ្នក​លក់៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម