៤ ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​បាល់ទះ​ខ្មែរ​មិន​ទាន់​ឈាន​ទៅ​រក​ភាព​ជោគជ័យ​

  • 2018-11-16 04:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិស័យ​បាល់ទះ​ជា​កីឡា​​ពេញ​និយម​បំផុត​នៅ​កម្ពុជា ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រជា​ជន​ជា​​ច្រើន​ចូល​ចិត្ត​កីឡា​នេះ ​នៅ​តាម​ភូមិ​ឃុំ​​នានា​​ក្នុង​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​​បើ​ងាក​ទៅ​មើល​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​វិញ​នៅ​មាន​កម្រិត​នៅ​ឡើយ ​មិន​ទាន់​មាន​ស្នាដៃ​ណាមួយ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ដូច​ជា​ស៊ីហ្គេម​ជា​ដើម។

​កាល​ពី​ពេល​កន្លង​ទៅ​មាន​គ្រូ​ៗ​កម្រិត​ខ្ពស់​មួយ​ចំនួន​របស់​កម្ពុជា ដែល​កំពុង​បង្ហាត់​ក្នុង​ក្លឹប​បាល់ទះ​អាជីព​កម្ពុជា ​បាន​លើក​ឡើង​ពី​ហេតុ​ផល ផ្សេង​ៗ​គ្នា​​ជុំ​វិញ​​ការ​មិន​ទៅមុខ​របស់​វិស័យ​កីឡា​នេះ។ ថ្ងៃ​នេះ​ Sabay សូម​លើក​យក​ ៤ ចំណុច​ពិសេស​ៗ ដែល​អាច​ជា​ដើមចម​​ឲ្យ​ឲ្យ​កីឡា​ដ៏​ពេញ​និយម​មួយ​នេះ​មិន​ទាន់​ជោគជ័យ៖

ក្រុម​បាល់ទះជម្រើសជាតិកម្ពុជា

១-​ថ្នាក់​ដឹក​នាំ៖ ថ្នាក់​ដឹក​នាំ​ជា​ចំណែក​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​នេះ​ឲ្យ​ទៅមុខ។ ទោះ​ជា​យ៉ាង​ណា ​ប្រមុខ​ដឹក​នាំ​គួរ​តែ​មាន​ការ​បង្កើត​លីគ​​អាជីព​ឲ្យខាងតែ​បាន ពី​ព្រោះ​ចំណុច​នេះ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការ​បង្កើត​ការ​ប្រកួត​ឲ្យ​កីឡាករ​មាន​សកម្មភាព​ជាប់​លាប់​។

២-​​អ្នក​លេង​បាល់​ល្អ​​ៗ​មួយ​ចំនួន​មិន​ចង់​ចូល​ជម្រើស​ជាតិ៖ មែនទែន​ទៅ​​​មាន​អ្នក​លេង​បាល់ទះ​ខ្លាំង​​កម្ពុជា​មួយ​ចំនួន​នៅ​តែ​គិត​ថា ការ​ចូលរួម​ជម្រើស​ជាតិ​ធ្វើ​ឲ្យ​រូប​គេ​បាត់បង់​​ការ​ដើរលេង​ស៊ីលុយ​នៅ​តាម​តារាង​នានា​។ ​ជាង​នេះ​ទៅ​ទៀត​អ្នក​ខ្លះ​គិត​ថា វិស័យ​កីឡា​នៅ​តែ​មាន​ភាព​ពុករលួយ​ ដោយ​ប្រមូល​តែ​គ្នា​ឯង​ឬ​ខ្សែ​ ចូល​ជម្រើស​ជាតិ​ជា​ដើម។ ចំណុច​ទាំង​អស់​នេះ​​អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​គួរតែ​គិត​ឡើង​វិញ ពី​ព្រោះ​រាជរដ្ឋាភិបាល​កំពុង​តែ​អភិវឌ្ឍន៍​វិស័យ​កីឡា និង​ប្រមូល​កៀរគរ​កីឡាករ​ល្អៗ​​មក​ចូល​ជម្រើស​ជាតិ ដើម្បី​បាន​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​ជាតិ។

សកម្មភាព ម៉ាប់ ឆ្វេង លេង​ស៊ីលុយ

៣-សកម្មភាព​របស់​ជម្រើស​ជាតិ៖ បើ​និយាយ​ពី​ចំណុច​នេះ​គឺ​រឹតតែ​ខ្សត់ខ្សោយ​មែនទែន ពី​ព្រោះ​បាល់ទះ​ជម្រើស​ជាតិ​ត្រូវ​បាន​គេ​ដឹង​ថា ស្ទើរ​តែ​គ្មាន​ការ​ប្រកួត​សោះ​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​នេះ​ធ្វើ​ឲ្យ​ការ​ប្រមូល​ផ្ដុំ​របស់​ជម្រើស​ជាតិ​​​ហាក់​គ្មាន​ប្រយោជន៍។ ចំណុច​នេះ​គ្រូ​បង្វឹក​បាល់ទះអាជីព​មួយ​ចំនួន​សុទ្ធ​តែ​បាន​និយាយ​ដូច​គ្នា​ថា កីឡាករ​បាល់ទះ​កម្ពុជា​ខ្វះ​បទ​ពិសោធ​លើ​ឆាក​អន្តរជាតិ​មែនទែន ដោយសារ​កង្វះ​ការ​ប្រកួត​។

​​​​៤-ក្លឹប​បាល់ទះ​៖ ​បច្ចុប្បន្ន​ក្លឹប​បាល់ទះ​ស្រុក​ខ្មែរ​ ត្រូវ​បាន​គេ​ដឹង​ថា ​មាន​តែ​៤​ក្លឹប​ប៉ុណ្ណោះ គឺ វិសាខា, ក្រសួង​មហាផ្ទៃ កងពលធំ​អន្តរាគមន៍​លេខ៣ និង​ក្លឹប​បាល់ទះ​អង្គរក្ស​។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​ត្រូវ​បាន​គេ​ដឹង​ថា ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស ហាក់​មិន​​មាន​សកម្មភាព​សឹង​តែ​ត្រូវ​បាន​ដក​ខ្លួន​ទៀត។ បញ្ហា​ក្លឹប​បាល់ទះ​មាន​តិច​នេះ​ហើយ ទើប​ការ​បង្កើត​លីគ​អាជីព​ហាក់​មិន​អាច​ដំណើរ​ការ​បាន។ នេះ​បើ​​ប្រៀបធៀប​ជា​មួយ​ក្លឹប​បាល់ទះ​អាជីព​នៅ​ថៃ (មាន​១០​ក្លឹប​​លេង​នៅ​លីគ​ទី​១) និង​វៀតណាម (មាន​១២​ក្លឹប​លេង​នៅ​លីគ​ទី១​)៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​