រឿង​ សោភ័ណ្ឌ​ ប៉ះ​ ហ្វៃប៉ា ​ក្រើក​ទៀត​ហើយ​ស្អែក​នេះ​

  • 2018-11-16 04:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វៃប៉ា​ ចេញ​មុខ​ជា​ថ្មី​សងសឹក​ រឿង​ សោភ័ណ្ឌ​ ស្អែក​នេះ​ ដែល​ជា​ជំនួប​ល្អ​មើល​ និង​អ្នក​គាំទ្រ​ចង់​ទស្សនា​បំផុត​ ព្រោះ​ជើង​ខ្លាំង​មក​ពី​ថៃ​ខាង​លើ​នេះ​ធ្លាប់​ភ្លាត់​ចាញ់​សន្លប់​ម្ដង​ដោយ​មិន​នឹកស្មាន។​

រឿង សោភ័ណ្ឌ(ក្រហម) ហ្វៃប៉ា​(ខៀវ)

គូ​ខាង​លើ​នេះ​នឹង​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​តែ​ម្ដង​ ដោយ​សារ​អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​ថ្វី​ដៃ​ ហើយ​ជា​ជំនួប​សងសឹក​ទៀត​ផង​ ដូច្នេះ​ម្នាក់ៗ​គឺ​ចង់​ឈ្នះ​រៀងៗ​ខ្លួន។​ ការ​ប្រកួត​នេះ​រឹតតែ​តានតឹង​ និង​ល្អ​មើល​ថែម​ទៀត​ ព្រោះ​អ្នក​ទាំង​ពីរ​មាន​ការ​ឃ្នើស​ចិត្ត​គ្នា​មុន​ការ​ប្រកួត​ផង​ដែរ​ តាម​រយៈ​យល់​ឃើញ​របស់​ពួកគេ​មុខ​ការ​ប៉ះ​គ្នា​ផ្លូវ​ការ​ថ្មីៗ​នេះ។​

ហ្វៃប៉ា​ ជា​កីឡាករ​មាន​កាយសម្បទា​ល្អ​ ទាំង​សាច់​ និង​កម្ពស់​ចំណែក​ស្នៀត​ប្រយុទ្ធ​ក៏​មិន​អន់​ឡើយ​ ប៉ុន្តែ​ដោយ​សារ​តែ​ប្រយ័ត្ន​កណ្ដាប់​ដៃ​ប៉ុណ្ណោះ​ មិន​ចាប់​អារម្មណ៍​ការ​ទាត់​ចោល​របស់​ សោភ័ណ្ឌ​ នា​ជំនួប​ទី១​ ជា​ហេតុ​ធ្វើ​ឲ្យ​សន្លប់​ទាំង​មិន​ទាន់​ចេញ​ក្បាច់​អស់​ផង​ ដូច្នេះ​ប៉ះ​លើក​នេះ​ដឹង​តែ​ជក់ចិត្ត​ហើយ។​

រឿង សោភ័ណ្ឌ(ក្រហម) ហ្វៃប៉ា​(ខៀវ)

ចំណែក​ សោភ័ណ្ធ​ របស់​កម្ពុជា​វិញ​ តប់​ទៅ​និង​ការ​លើក​ឡើង​របស់​ ហ្វៃប៉ា​ ដែល​ថា​ខ្លួន​«វ៉ៃ​រំអួយ​ និង​សុំ​ឲ្យ​វ៉ៃ​អស់​ពី​សមត្ថភាព»​ ថា​ សូម​កុំ​វ៉ៃ​ចំណុច​ពិសេស​របស់​ខ្លួន​ទៅ​បាន​ហើយ។​ ដូច្នេះ​ពេល​ប្រកួត​ស្អែក​នេះ​ច្បាស់​ណាស់​ ពួកគេ​ចង់​ផ្ដាច់​គ្នា​រៀងៗ​ខ្លួន​ហើយ។​ ប៉ះ​គ្នា​លើក​នេះ​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ប្រហែល​ជា​ប្រុងប្រយ័ត្ន​ខ្លាំង​ហើយ​ ជាង​ការ​ប៉ះ​គ្នា​ជា​មួយ​ កាំឡៃផេត​ សប្ដាហ៍​មុន​ទៅ​ទៀត។​ ការ​ហ្វឹកហាត់​វិញ​ជឿជាក់​ថា​ម៉ត់ចត់​ និង​ច្រើន​ជាង​មុន​ដែរ។​

ហ្វៃប៉ា ពេលសន្លប់លើកទី១

រំលឹក​ដែរ​ថា​ រឿង​ សោភ័ណ្ឌ​ ធ្លាប់​ផ្ដួល​ ហ្វៃប៉ា​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ ម្ដង​ហើយ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ CNC​ កាល​ពី​ថ្ងៃ​ទី៨​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ ពួកគេ​នឹង​ប៉ះ​គ្នា​នា​រសៀល​ស្អែក​នេះ​ជា​លើក​ទី២​ នៅ​ CNC​ ដដែល៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​