ជប៉ុន ផលិតស្រោមមុខមនុស្ស អាចកុម្ម៉ង់ឲ្យដូចមុខមនុស្សពិតៗបាន

  • 2018-11-16 08:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រោម​មុខ ដែល​មាន​លក្ខណៈ​ដូច​មុខ​មនុស្ស​ពិតៗ ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​តូច​មួយ នៅ​ជនបទ​នៃ​ប្រទេស​ជប៉ុន កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​ពី​ឧស្សាហកម្ម​បច្ចេកវិទ្យា និង កម្សាន្ត ទាំង​ក្នុង និង​ក្រៅ​ស្រុក រហូត​ដល់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ទៀត​ផង។

លោក Osamu Kitagawa

ស្រោម​មុខ​ផលិត​ឡើង​ពី​ជ័រ និង​ប្លាស្ទិក ដោយ​បុគ្គលិក​ចំនួន ៥នាក់ ដែល​មាន​តម្លៃ ៣សែន​យ៉េន ឬ ២ ៦៥០ដុល្លារ​នេះ កំពុង​ប៉ុនប៉ង​ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​លើ​ស្បែក​មុខ កាន់​តែ​ដូច​ពិតៗ​ជាង​នេះ​ទៀត។

ស្ថាបនិក​ក្រុមហ៊ុន លោក Osamu Kitagawa បាន​ចាប់ផ្ដើម​គំនិត​នេះ​ឡើង ខណៈ​កំពុង​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​បោះពុម្ព​មួយ។ ប៉ុន្តែ​លោក​ត្រូវ​ចំណាយ​ពេល ២ឆ្នាំ ដើម្បី​ធ្វើ​ការ​ពិសោធន៍​មុន​ពេល​រក​វិធី​ប្រើ​ទិន្នន័យ​ផ្ទៃ​មុខ 3D ពី​រូបថត​ដែល​មាន​គុណភាព​ខ្ពស់ ដើម្បី​បង្កើត​ស្រោម​មុខ និង​ចាប់ផ្ដើម​លក់​វា​នៅ​ក្នុង​ឆ្នាំ២០១១។

លោក Osamu Kitagawa

ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​ខេត្ត Shiga របស់​លោក Kitagawa ទទួល​បាន​ការ​បញ្ជា​ទិញ​ប្រហែល ១០០ស្រោម​មុខ​ជា​រៀងរាល់​ឆ្នាំ​ពី​ឧស្សាហកម្ម​ផ្នែកកម្សាន្ត, យានយន្ត, បច្ចេកវិទ្យា និង​ក្រុមហ៊ុន​សន្តិសុខ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ប្រទេស​ជប៉ុន។ ជាក់ស្ដែង ក្រុមហ៊ុន​រថយន្ត​ជប៉ុន​មួយ​បាន​បញ្ជា​ទិញ​ស្រោម​មុខ​មនុស្ស​កំពុង​ដេក​លក់ (បិទ​ភ្នែក) ដើម្បី​ចង់​ដឹង​ថា បច្ចេកវិទ្យា​សម្គាល់​ផ្ទៃ​មុខ​មនុស្ស​របស់​ពួក​គេ អាច​ចាប់​អ្នក​បើកបរ​ដេក​លក់​ពេល​កំពុង​បើកបរ​បាន​ឬ​ក៏​អត់។

លោក Kitagawa វ័យ៦០ឆ្នាំ បាន​បញ្ជាក់​ថា លោក​ធ្វើ​ការ​ជាមួយ​អតិថិជន​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធានា​ថា ផលិតផល​របស់​លោក​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ខុស​ច្បាប់ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​នោះ​ទេ។ លោក​បាន​បន្ថែម​ទៀត​ថា គោលដៅ​របស់​លោក​គឺ​បង្កើត​ស្រោម​មុខ​ឲ្យ​ដូច​មុខ​មនុស្ស​ពិត​ប្រាកដ ១០០ភាគរយ ហើយ​លោក​សង្ឃឹម​ថា​នឹង​ប្រើប្រាស់​វត្ថុ​ធាតុ​ទន់​ជាង​នេះ​នា​ពេល​អនាគត ដូចជា ស៊ីលីកូន ជាដើម៕

ចុច​អាន៖

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សេង ឡុង