កម្ពុជានឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍«ទិវាពិភពលោកប្រយុទ្ធជំងឺអេដស៍» ដើមខែក្រោយនេះ
- 2018-11-17 07:39:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍«ទិវាពិភពលោកប្រយុទ្ធជំងឺអេដស៍» ដើមខែក្រោយនេះ
ចន្លោះមិនឃើញ
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ខាងលើនឹងរៀបចំព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី១ ធ្នូ ខាងមុខនេះ។ មុនថ្ងៃកម្មវិធីមកដល់ អង្គការ AHF បានរៀបចំនូវសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីសកម្មភាពនានាដែលបានគ្រោងទុក។
អង្គការ AHF ក៏ក្រើនរំលឹកដល់មនុស្សជាតិគ្រប់រូបនៅថ្ងៃទិវាពិភពលោកប្រយុទ្ធនឹងអេដស៍ថា "សង្គ្រាមប្រយុទ្ធនឹងជំងឺអេដស៍នៅមិនទាន់បញ្ចប់ទេ!"។ ជារៀងរាល់ឆ្នាំនៅតែមានមនុស្សប្រមាណ ១លាននាក់ បានស្លាប់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ និងយ៉ាងហោចណាស់ក៏ជាង១លាន ៨សែននាក់ បានឆ្លងជំងឺអេដស៍ក្នុងមួយឆ្នាំៗ។
នៅថ្ងៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា នឹងបង្កើតឲ្យមានសកម្មភាពជាច្រើនរួមមាន ៖ ការប្រគំតន្រ្តីអបអរអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានជួយក្នុងការគាំពារដល់អ្នករស់នៅជាមួយមេរោគអេដស៍បានចំនួន ១លាននាក់ក្នុងពេលបច្ចុប្បន្ន និងពិធីសម្ពោធគម្រោងតេស្តឈាមរកមេរោគអេដស៍ដោយរថយន្តចល័តរបស់អង្គការ AHF នៅកម្ពុជា។ អង្គការ AHF កម្ពុជារៀបចំសន្និសីទសារព័ត៌មាន និងការប្រកាសទិវាពិភពលោកប្រយុទ្ធនឹងអេដស៍ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅ ថ្ងៃសៅរ៍ ទី១ ធ្នូ ២០១៨នេះ នៅទីលានកោះពេជ្រ ទីក្រុងភ្នំពេញ។
ម៉ោង ៣ល្ងាច ដល់ ៣:៤០នាទី ៖ មានការចូលរួមពីស្ថាប័នរដ្ឋាភិបាល និងសហគមន៍ចំនួនជិត ១ពាន់នាក់ជួបជុំគ្នា។ បើកយុទ្ធនាការដោយឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ហើយនឹងមានក្បួនដង្ហែនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ការរាំកន្ត្រាក់អារម្មណ៍ ការរាំហែក្បួន និងការធ្វើតេស្តឈាមរកមេរោគអេដស៍។
ម៉ោង ១៨:៣០ ដល់ ២១:៣០ ៖ នឹងមានការប្រគំតន្ត្រីដោយកំពូលតារាល្បីៗ ដូចជាលោក ខេមរៈ សេរីមន្ត លោកអូន ក្រុមកំប្លែង និងតារាផ្សេងៗទៀត ហើយបើកទូលាយសម្រាប់មហាជនទូទៅក៏អាចចូលរួមទស្សនាដោយសេរី។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី បានលើកឡើងថា៖«យើងសង្ឃឹមថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ នឹងធ្វើឲ្យយុទ្ធនាការប្រយុទ្ធនឹងមេរោគអេដស៍កាន់តែប្រសើរឡើង ទាំងនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក" បច្ចុប្បន្នមានមនុស្សប្រមាណជា ៦៧០០០នាក់នៅកម្ពុជា កំពុងរស់នៅជាមួយមេរោគអេដស៍ ហើយក្នុងចំណោមអ្នកជំងឺជាងពាក់កណ្តាលកំពុងទទួលការថែទាំ និងព្យាបាលដោយមានការគាំទ្រពីអង្គការ AHF» ។
ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ នឹងឆ្លុះបញ្ជាំងថាមេរោគអេដស៍អាចការពារ និងព្យាបាលបាន ហើយចំពោះអ្នកដែលរស់នៅជាមួយមេរោគនេះ ពួកគេនៅតែអាចរស់នៅបានប្រកបដោយសុខភាពល្អ និងមានផលិតភាពដោយមានការគាំពារ និងទទួលបានថ្នាំការពារមេរោគអេដស៍យ៉ាងត្រឹមត្រូវ។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការធំបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នAHF កំពុងផ្តល់ការថែទាំសុខភាព និង សេវាថែទាំដល់មនុស្សជាង១លាននាក់ ក្នុង ៤១ប្រទេស ទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការីបបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត។
ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍សូចចូលទៅ វិបសាយ www.aidshealth.org ឬ ផេកហ្វេសប៊ុក www.facebook.com/aidshealth៕