​​ធ្លាក់​មែន​តែ​​គ្រូ​ឡាវ​ចង់​បញ្ចប់​ដោយ​ពិន្ទុ​ខ្ពស់​ ខណៈ​គ្រូ​កម្ពុជា​​ថា​ស្គាល់​ដៃ​គូ​ច្បាស់​​

  • 2018-11-20 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ទទួល​ក្រុម​ឡាវ​នា​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ពូល A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ​នៅ​ពហុ​​កីឡដ្ឋាន​​ជាតិ។

លោក V.Sundram Moothy

កម្ពុជា និង​ឡាវ​មាន ០ ពិន្ទុ​ដូច​គ្នា ដោយ​កម្ពុជា​​ឆ្លង​កាត់​ពីរ​​ប្រកួត ស្រប​ពេល​ឡាវ​៣​ប្រកួត​ ចាញ់​ទាំង​អស់​ដូច​គ្នា។ ទាក់​ទង​ការ​ប្រកួត​ល្ងាច​នេះ​លោក V.Sundram Moothy គ្រូ​បង្វឹក​របស់​ឡាវ​បាន​ឲ្យ​ដឹង​ថា ទោះ​ក្រុម​របស់​លោក​ធ្លាក់​ចេញ​ត្រឹម​វគ្គ​នេះ​មែន តែ​ក្រុម​របស់​លោក​ក៏​ចង់​បាន​ពិន្ទុ​ខ្ពស់​មួយ​ផង​ដែរ។

ដូច្នេះ​លោក​ចង់​ឲ្យ​កូន​ក្រុម​ទាំង​អស់​ប្រឹងប្រែង​លេង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ស្វែង​រក​ពិន្ទុ​ល្អ​ក្នុង​ពូល។ លោក​​​មើល​ឃើញ​ទម្រង់​លេង​របស់​កម្ពុជា​ថ្មី​ និង​ប្លែក​ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​សន្និដ្ឋាន​​អាច​ធ្វើ​បាន​ល្អ​ឬ​អត់​ក្នុង​ការ​ប្រកួត​ស្អែក​នេះ។

​ទន្ទឹម​គ្នា​នោះ​លោក Felix គ្រូ​បង្វឹក​របស់​កម្ពុជា​បាន​លើក​ឡើង​ដែរ​ថា កម្ពុជា​បាន​ត្រៀម​​រៀប​ចំ​ហ្វឹកហាត់​មាន​រយៈ​ពេល​យូរ​​សមរម្យ​។ លោក​មើល​ឃើញ​ថា កីឡាករ​របស់​លោក​ស្វែង​យល់​បាន​ច្រើន​ពី​គំនិត​អ្វី​ដែល​គ្រូ​បង្វឹក​ចង់​បាន។

លោក Felix

ទោះ​ជា​កីឡាករ​របស់​លោក​បាន​ប្រឹងប្រែង​ហ្វឹកហាត់ និង​​បាន​​យល់​ដឹង​ច្រើន​ពី​ការ​រៀប​ចំ​ក្ដី​ លោក​ផ្ដាំផ្ញើ​ទៅ​កាន់​កីឡាករ​កម្ពុជា​ទាំង​អស់​ថា ត្រូវ​តែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​សម្រាប់​ការ​ប្រកួត​នេះ។ ក្រុម​ឡាវ​បាន​ធ្លាក់​ចេញ​ពិត​មែន​ ប៉ុន្តែ​ពួក​គេ​​មាន​ទម្រង់​លេង​ល្អ និង​អាច​​បង្កើត​គ្រោះ​ថ្នាក់​ដល់​កម្ពុជា​គ្រប់​ពេល​វេលា។ ​ ​២​ប្រកួត​កន្លង​មក​របស់​កម្ពុជា​គឺ​ចាញ់ ម៉ាឡេស៊ី ១-០ និង​ចាញ់ ​មីយ៉ាន់ម៉ា ៤-១។ ចំណែក​ក្រុម​ឡាវ​ចាញ់ វៀតណាម ៣-០ ចាញ់ ម៉ាឡេស៊ី ៣-១ និង​ចាញ់​មីយ៉ាន់ម៉ា ៣-១​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​