ចាប់​ពី​ថ្ងៃ​នេះ​បងប្អូនកម្មករ/ការិនី​ អាច​ធ្វើកុងបើកប្រាក់ខែ​តាម​ អេស៊ីលីដា បានហើយ

  • 2018-11-20 08:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ ធនាគារ អេស៊ីលីដា ភីអិលស៊ី ​បាន​ប្រកាស​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​សមាគម សមា​គមរោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ស្តីពី​ការ​ប្រើប្រាស់​សេវា​បើក​ប្រាក់បៀវត្ស ដោយ បណ្ឌិត អ៊ិន ចាន់នី និង លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀង។

បាន​ន័យ​ថា​​កម្មករ​រោង​ចក្រ​ ដែល​នៅ​ក្រោម​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជាអាច​ធ្វើ​ការ​បើក​ប្រាក់​ខែ​តាម​រយៈ​បញ្ជរ ទូរATM

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្តី​សោមនស្ស​រីករាយ ដោយ​បាន​ចាប់​ដៃគូ​សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយសមា​គមរោង​ចក្រ​កាត់​កាត់ដេរ​នៅ​កម្ពុជា (GMAC) ក្នុង​ការ​បម្រើសេវា​បើក​ប្រាក់បៀវត្ស​ជូន​ដល់​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ តាម​រយៈ​សេវា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​ប្រាក់បៀវត្ស​របស់​កម្មក​រ​-​កម្មការិនី ដោយ​ប្រព័ន្ធ​អេ​ឡិ​ច​ត្រូ​និក និង​ផ្តល់​ភាពងាយស្រួល ឆាប់រ​ហ័​ស មាន​សុវត្ថិភាព​ខ្ពស់ ចៀស​វាង​នូវ​ហា​និ​ភ័​យ​ផ្សេងៗ និង​ចំណេញ​ពេលវេលា​ក្នុង​ការបើក​ប្រាក់បៀវត្សរ៍​ដល់​ដល់​បង​ប្អូន​កម្មករ​-​កម្ម​ការ​នី ។

តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់​មធ្យោបាយ​បើក​ប្រាក់បៀវត្សរ៍​ងាយស្រួល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដល់​កម្មករ​-​កម្មការិនី នៃ​រោច​ក្រ​កាត់ដេរ​ដែល​ជា​សមាជិក​សមា​គមរោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ។ កម្មករ​-​កម្មការិនី អាច​បើក​ប្រាក់បៀវត្ស​តាម​រយៈ​អេស៊ីលីដា យូ​នី​ធី​ទាន់​ចិត្ត (ACLEDA Unity ToanChet) អេ​ធី​អឹម (ATM) គ្រប់​ពេលវេលា ២៤​ម៉ោង​ក្នុង​១​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​១ សប្តាហ៍ ឬ​បញ្ជរ​បេឡា​នៅតាម​កា​រិ​យាល័យ​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​ខេត្ត​-​ក្រុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា រៀងរាល់​ម៉ោង​ធ្វើការ​ដោយ​មិន​គិតថ្លៃ​សេវា ។

ពិសេស​ជាង​នេះ​ទៅទៀត តាម​រយៈ​សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត កម្មករ​-​កម្មការិនី អាច​ធ្វើ​ការផ្ទេរ​ប្រាក់​ទៅកាន់​សាច់ញាតិ​/​បង​ប្អូន​, បង់ថ្លៃ​ប្រើប្រាស់​ទឹក​-​ភ្លើង​, ទិញ​កាតទូរ​ស័​ព្ទ​, ពិ​និត្យ​មើល​ទឹកប្រាក់​ក្នុង​គណនី និង​ប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត រួមទាំង​ការទូទាត់​ថ្លៃ​ទិញ​ទំនិ​ញ និង​សេវាកម្ម នានា​តាម​រយៈ​ QRCodeដែល​មាន​នៅតាម​ទីតាំង​ដៃគូ​ទាន់​ចិត្ត របស់​ធនាគារ អេស៊ីលីដា ប្រមាណ​ជាង ១៦,០០០ ដៃគូ នៅ​ទូទាំង​ប្រទេស ដោយ​មិន​គិតថ្លៃ​សេវា ។​

លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀង ប្រធាន​សមា​គមរោង​ចក្រ​កា​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​មាន​ប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជួយ​ដល់​កម្មករ​-​ក​ម្មា​រិនី​យ៉ាងច្រើន ហើយ​ផ្ដល់​នូ​វ​សុវត្ថិភាព​ខ្ពស់ និង​ឆាប់រ​ហ័​ស ជាក់ស្ដែង លោក​ក៏បាន​ប្រើប្រាស់​នូ​វ​សេវា​ធនាគារ​អេឡិចត្រូ​និក​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាពិសេស សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត ផងដែរ​។ លោក​ប្រធាន​សមា​គម បាន​បញ្ជាក់​ទៀតថា នៅពេលដែល កម្មករ​ប្រើប្រាស់​សេវា​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បង​ប្អូន​កម្មករ​-​កម្មការិនី​អាច​ចំណេញបាន​ច្រើន ដោយ​អាច​ធ្វើ​ការចាត់ចែង​សាច់ប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ​ទូរ​ស័ព្ទច​ល័​ត​បាន​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង​។ ហើយ​លោក​ប្រធាន​សមា​គម​ក៏បាន​លើកទឹកចិត្ត​ដល់​សមាជិក GMAC ទាំងអស់​ឲ្យ​ប្រើប្រាស់​សេវាកម្ម របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​ទទួលបាន​នូ​វ​អត្ថប្រយោជន៍​ដ៏​វិសេសវិសាល​ទាំង​នេះ ។

អត្ថបទ៖ ថា ម៉ាលីដា