ប្រយ័ត្នវេទនាខ្លួន! ទៅលេងមណ្ឌលគីរីថ្ងៃអុំទូក មិនបានកក់កន្លែងគេង សូមដាក់តង់ទៅផង

  • 2018-11-20 08:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មណ្ឌល​គីរី បាន​ក្លាយ​ជា​គោលដៅ​ដំណើរ​កម្សាន្ត​ដ៏​ពេញ​និយម​បំផុត​ សម្រាប់​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ខាង​មុខ​នេះ។ ប្រសិន​បើ​មិន​បាន​កក់​កន្លែង​គេង​ទុក​មុន ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ខេត្ត​ប៉ែក​ភូមិ​ភាគ​ឦសាន​នេះ ប្រាកដ​ជា​ពិបាក​រក​កន្លែង​បំផុត​ហើយ។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ម្សិល​មិញ​នេះ លោក ឬទ្ធិ បាន​ខល​កក់​រីសត សណ្ឋាគារ និង​ផ្ទះ​សំណាក់​នៅ​មណ្ឌលគីរី​ជិត​១០​កន្លែង តែ​សុទ្ធ​តែ​ពេញ​ទាំង​អស់​ គ្មាន​បន្ទប់​ទំនេរ​ឡើយ។ រីសត និង​ផ្ទះ​សំណាក់​មួយ​ចំនួន សុទ្ធ​តែ​បាន​ឆ្លើយ​ប្រាប់​លោក​ថា គ្មាន​សល់​បន្ទប់​គេង​ឡើយ សម្រាប់​ថ្ងៃ​អុំទូក។

រីសត និង​ផ្ទះ​សំណាក់​ទាំងនោះ​​ប្រាប់​ថា​ពេញ​គ្មាន​សល់ ហើយ​កន្លែង​ខ្លះ​ទៀត​មាន​ភ្ញៀវ​កក់​តាំង​ពី​ខែ​កក្កដា​មក​ម្ល៉េះ ពោល​កក់​មុន​ជិត​កន្លះ​ឆ្នាំ។ រីសត និង​ផ្ទះ​សំណាក់​ដែល​ឆ្លើយ​ថា​ពេញ​ដូចជា៖ Emario Mondulkiri Resort, Indigenous People Lodge, Greenhouse Retreat,Nature Lodge, Ayana Kandara Boutique Hotel Mondulkiri, Passion Grove Lodge, Mondulkiri, Passion Grove Lodge, Mondulkiri។ល។

ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ឆ្លើយ​ស្រដៀង​គ្នា​ថា បើ​មិន​បាន​កក់​ទុក​មុន​ គឺ​ពិបាក​រក​ខ្លាំង​ណាស់ មិន​ថា​កន្លែង​ល្បី មិន​ល្បី គឺ​ពេញ​ទាំង​អស់។ មូល​ហេតុ​នេះ ​ព្រោះ​អំឡុង​ខែ​វិច្ឆិកា​នេះ ទេសភាព​នៅ​មណ្ឌលគីរី​ស្អាត​បំផុត គ្រប​ដណ្ដប់​ដោយ​អាកាសធាតុ​ដ៏​ត្រជាក់ ដែល​ជា​ចំណង់​ចំណូល​ចិត្ត​មនុស្ស​ភាគ​ច្រើន។ ភ្ញៀវ​ដែល​ដឹង​មុន គឺ​គេ​កក់​តាំង​ពី​ ៤ ទៅ​៥​ខែ​មុន សម្រាប់​ត្រៀម​ក្នុង​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​នេះ​តែម្ដង។

ដោយ​ឡែក​តម្លៃ​ស្នាក់​នៅ​វិញ ក៏​មាន​ការ​ឡើង​ថ្លៃ​គួរ​ឲ្យ​កត់​សម្គាល់។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រប់គ្រង​រីសត និង​ផ្ទះ​សំណាក់​ទាំង​នោះ​ប្រាប់​ថា រីសត​ដែល​តម្លៃ​ក្នុង​ថ្ងៃ​ធម្មតា ៤០ ឬ​៥០​ដុល្លារ ឡើង​ដល់​៦០ ទៅ​៧០​ដុល្លារ តាម​ប្រភេទ​បន្ទប់។ ចំណែក​ផ្ទះ​សំណាក់​វិញ តម្លៃ​ថ្ងៃ​ធម្មតា​ត្រឹម ១០ ឬ​១៥​ដុល្លារ ឡើង​ដល់​២៥ ទៅ​៣៥​ដុល្លារ​ក្នុង​១​យប់៕

​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី