មេនូឡាយហ្វ៍ ចែកមួកសុវត្ថិភាពជាង ១ ០០០ មួកក្នុងខេត្តព្រះសីហនុ

  • 2018-11-20 08:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចែកមួកសុវត្ថិភាពចំនួនជាង ១ ០០០ មួកទៅដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ក្នុងខេត្តព្រះសីហនុ តាមរយៈកម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ ដែលរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី។

កាលពីឆ្នាំ ២០១៧ ៧៥% នៃអ្នកទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាគឺជាអ្នកបើកបរទោចក្រយានយន្ត ប៉ុន្តែក្នុងចំណោមនោះមានអ្នកបើកបរជាមនុស្សពេញវ័យតែ ២៧% និងអ្នករួមដំណើរជាកុមារចំនួន ៨% ប៉ុណ្ណោះដែលបានពាក់មួកសុវត្ថិភាព។ ការរងរបួស និងមរណភាពទាំងនេះអាចបង្ការបានយ៉ាងមានប្រសិទ្ធភាពតាមរយៈការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។

យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវអាចកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលធ្ងន់ធ្ងររហូតដល់ ៦៩% និងហានិភ័យនៃការទទួលមរណភាពបានរហូតដល់ ៤២%។ កម្មវិធី “មួកសុវត្ថិភាពសម្រាប់គ្រួសារ” នឹងអាចជួយដោះស្រាយបញ្ហាទាំងនេះតាមរយៈការសហការជាមួយនឹងមាតាបិតា អាណាព្យាបាលសិស្ស ដែលជាអ្នកធ្វើការសម្រេចចិត្តប្រចាំគ្រួសារ និងជាបុគ្គលគម្រូដល់កុមារ។ ចំនួន ៨៥% នៃមាតាបិតា អាណាព្យាបាលសិស្ស គឺជាអ្នកសម្រេចចិត្តដ៏ចម្បងក្នុងការទិញមួកសុវត្ថិភាពសម្រាប់កូនៗ និង ៧៨% គឺជាអ្នកក្រើនរំលឹកដល់កុមារឱ្យពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឱ្យដឹងថា៖ "យើងប្តេជ្ញាធ្វើការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់នូវអនាគតល្អប្រសើរសម្រាប់ក្រុមគ្រួសារនៅក្នុងសហគមន៍ដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម។ ចាប់តាំងពីឆ្នាំ ២០១២ មក កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ បានផ្តល់នូវការអប់រំ និងជំនាញអំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្សចំនួនជាង ៤ ០០០ នាក់ និងមាតាបិតាសិស្សចំនួនជាង ៨ ០០០ នាក់។ តាមរយៈការអប់រំនេះ យើងបានជួយដល់ក្រុមគ្រួសាររាប់ពាន់គ្រួសារឱ្យមានជម្រើសសុវត្ថិភាពល្អៗ និងបានចូលរួមកសាងសហគមន៍ឱ្យកាន់តែមានសុវត្ថិភាពជាងមុន"។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបានបញ្ជាក់ផងដែរថា៖ "ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានសិស្សមួយរូបបានទទួលមរណភាព ហើយយ៉ាងហោចណាស់មានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួនប្រាំពីរនាក់ទទួលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។"

ចុងក្រោយលោក គឹម បញ្ញា ប្រាប់ថាកម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ នឹងផ្តល់នូវមួកសុវត្ថិភាពដ៏មានគុណភាព និងការបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាសិស្សដែលរស់នៅក្នុងសហគមន៍ដែលងាយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នេះ៕

អត្ថបទ៖ ថា ម៉ាលីដា