កសិករ៖ កម្លាំង​មនុស្ស​មាន​តែ​អ្នក​វ័យ​ចំណាស់ៗ ហើយ​ទារ​ថ្លៃ​ឈ្នួល​ច្រូត​ថ្លៃ​ទៀត​

  • 2018-11-22 02:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ខ្លះ​បាន​បែរ​មក​ប្រើ​កម្លាំង​ម៉ាស៊ីន​ដើម្បី​ច្រូត​ស្រូវ​ជំនួស​ឲ្យ​ការ​ជួល​កម្លាំង​មនុស្ស ដោយ​ហេតុ​ថា​ពិបាក​រក​ជួល និង​មាន​តម្លៃ​ថ្លៃ​​ប្រ​ហាក់​ប្រ​ហែល​នឹង​ម៉ាស៊ីន​ដែរ។​

(កម្លាំង​ពល​កម្ម​មនុស្ស​ថ្លៃ កសិករ​ងាក​មកប្រើ​ម៉ាស៊ីន លឿន ហើយ​តម្លៃប្រប្រហាក់​ប្រហែល​គ្នា)

​បើ​តាម​របាយការណ៍​ក្រ​សួង​កសិកម្ម​​ការ​ធ្វើ​កសិកម្ម​ដោយ​ប្រើ​កម្លាំង​មនុស្ស​បាន​ធ្លាក់ចុះ​ពី​៨០​ភាគ​រយ​នៅ​ឆ្នាំ​១៩៩៣ និង​បន្ត​ធ្លាក់មក​ត្រឹម​៦​០​ភាគ​រយ​នៅ​ឆ្នាំ​២០០៥ លុះ​នៅ​ឆ្នាំ​២០១៧ ធ្លាក់​មក​ត្រឹម៤០​ភាគរយ។

អ្ន​ក​​ស្រី ​អ៊ុំ​ ស្ដើង ​រស់នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ ថា​អ្នក​ស្រី​​ត្រូវ​បង្ខំចិត្ត​ជួល​ម៉ាស៊ីន​ច្រូត​វិញ​ព្រោះ​មិន​អាច​រក​ជួល​កម្លាំង​មនុស្ស​បាន​ទៀត​ទេ​សព្វ​ថ្ងៃ​នេះ​។ អ្នក​ស្រី​អះអាង​ថា​ដោយសារ​​តែ​អ្នក​ភូមិ​ដែល​​មាន​កម្លាំង​ពេញ​វ័យ​​ចេញ​រក​មុខ​របរ​ផ្សេង​ទៀត​​មិន​នៅ​ចាំ​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ដូច​មុន​ទេ​​។​​

អ្នក​ស្រីបន្ត​​ថា​៖ «ឆ្នាំ​នេះ​តម្លៃ​ឈ្នួល​ថ្លៃ​ណាស់​ម្នាក់​៣ម៉ឺនរៀល​ក្នុង​មួយ​ថ្ងៃ​ហើយ​អាច​ជួល​បាន​តែ​​អ្នក​​មាន​វ័យ​ចាស់ៗ​​...ពិបាក​បន្តិច​ព្រោះ​គាត់​ធ្វើ​ការ​មិន​សូវ​រហ័ស​ដូច​ក្មេងៗ​ទេ...​ឆ្នាំ​មុន​ថ្លៃ​ឈ្នួល​តែជាង​ពីរ​ម៉ឺន​រៀន​ទេ​ក្នុង​មួយ​ថ្ងៃ»។

ចំណែក​កសិករ​ម្នាក់​ទៀត​គឺលោក​ហ៊ុន ​ហាំ​​ បាន​ឲ្យ​ដឹង​ដែរ​​ថា​គ្រួ​សារ​​លោក​​​ទើប​តែ​ឈប់​​ជួល​កម្លាំង​មនុស្ស​ច្រូត​ស្រូវ​រយៈ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​សារ​តែ​លោក​ប្ដូរ​មក​ធ្វើ​ស្រូវ​អ៊ី​អ៊ា​ហើយ​ស្រូវ​ប្រ​ភេទ​នេះ​​វា​មិន​ងាយ​ដួល​ និង​អំណោយ​ផល​ល្អ​អាច​​ច្រូត​​ដោយ​ម៉ាស៊ីន​បាន​​។

លោក​បន្តថា​​​ម៉្យាង​ទៀត​​​លោក​មិន​ចង់​ចំណាយ​​​ពេល​វេលា​​​យូរ​ និង​ម្យ៉ាង​ចំណាយ​ថវិកា​តិចជាង​ជួល​កម្លាំង​មនុស្ស​ក្នុង​ការ​ច្រូត​កាត់ផងដែរ​ ខណៈ​កូនៗ​របស់​លោក​រវល់​ការងារ​នៅ​​​រោង​ចក្រ​។​

លោក​បន្ត​ថា​៖​ «អញ្ចឹង​ខ្ញុំ​ត្រូវ​ជួល​ម៉ាស៊ីន​ច្រូត​ដើម្បី​ឲ្យ​ងាយ​ស្រួល​ហើយ​ក៏​​ចំណាយ​​ថវិកាតិច​​ជាង​ផង​ដែរ»។

ថ្វី​បើ​យ៉ាងនេះ​ក្តី​ក៏​កសិករខ្លះ​នៅ​ទ្រាំជួល​កម្លាំង​មនុស្ស​ដែរ ដោយ​ថា​ស្រែ​នៅ​ឆ្ងាយពី​ផ្លូវ​ពិបាក​ចូល​ម៉ាស៊ីន​ច្រូត​ និង​ស្រូវ​ដួល​ជាដើម​។

(កសិករ​ខ្លះ​នៅ​ច្រូត​ដោយ​ខ្លួន​ឯង ដោយ​ពិបាក​រក​កម្លាំង​មនុស្សជួល និង​ស្រែ​នៅ​ឆ្ងាយ​ពិបាក​ចូល​ម៉ាស៊ីន)

អ្នកស្រី​អ៊ូច​ សុ​គ​ន្ធា​​​ បាន​​ប្រាប់ Sabay ដែរ​ថា​អ្នកស្រី​មាន​ស្រែ​ជម្រៅ​មួយ​កន្លែង​ដែល​អាច​ទទួល​ផល​បាន​ពី​២៥​ទៅ​៣០​ស្បោង​ក្នុង​១រដូវ​។​

អ្នកស្រី​ថា​​អ្នកស្រី​​នៅតែ​​ត្រូវ​ការ​កម្លាំង​មនុស្ស​ច្រូត​​ព្រោះ​បើ​ជួល​ម៉ា​ស៊ីន​​ពិបាក​ត្រង់​ថា​ទី១​ស្រែ​​ជ្រៅ​នៅ​មាន​ទឹក​ត្រឹម​ជង្គង់​ឯ​ណោះ​ហើយ​ត្រូវ​បូម​​​ទឹក​ចេញ​​​ទៀត​បើ​ជួល​​ម៉ាស៊ីន​​ច្រូត​​។

ហេតុ​ផល​មួយ​ទៀត​អ្នកស្រី​ថា​ការ​ជួល​ម៉ាស៊ីន​មក​ច្រូត​ស្រូវ​ធ្វើ​ឲ្យ​​មាន​ការ​ខាត​បង់​ច្រើន​​​ព្រោះ​ថា​កន្លែង​ខ្លះ​ស្រូវ​ដួល​រាប​ដល់​ដី​ហើយ​ថា​​ម៉ាស៊ីនពិបាក​ច្រូត​ក្នុង​​ស្ថានភាព​បែប​នេះ​។​

អ្នក​ស្រី​ សុ​គន្ធា​ បន្ត​ថា​​៖​ «បើ​ជួល​មនុស្ស​ច្រូត​បាន​ផល​៣០​​ស្បោង​...​ច្រូត​ម៉ា​ស៊ីន​បាន​តែ​២០​ស្បោង​យ៉ាង​ច្រើន​បំផុត»៕​

គួរ​បញ្ជាក់ថា​តាម​ក្រ​សួង​កសិកម្ម​ប្រ​ជា​កសិករ​ខ្មែរ​បាន​ងាក​មក​ប្រើ​ម៉ាស៊ីន​ក្នុង​វិស័យ​កសិកម្ម​​ជាង​៩៦​ភាគ​រយ​ហើ​នៅ​ពេល​បច្ចុប្បន្ន​នេះ៕

អត្ថបទដោយ៖ ជិន វេន