ឆ្មក់ចាប់បានកន្លែងផលិត និងលក់ស្រោមអនាម័យក្លែងក្លាយ ជាង៥សែនប្រអប់

  • 2018-11-22 03:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ពី​បទ​ផលិត និង​លក់​ស្រោម​អនាម័យ​ក្លែងក្លាយ។ ប៉ូលិស​ស្រុក Cangnan ដែល​ដឹក​នាំ​ការ​ស៊ើបអង្កេត បាន​ឆ្មក់​ចូល និង​រឹប​អូស​ស្រោម​អនាម័យ​ជាង ៥សែន​ប្រអប់ ដែល​មាន​តម្លៃ​សរុប ៥០លាន​យ័ន ឬ ៧លាន​ដុល្លារ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ស្រោម​អនាម័យ​ក្លែងក្លាយ​ទាំង​នោះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​សណ្ឋាគារ ផ្សារ​ទំនើប និង​ប្រតិបត្តិ​ករ​តាម​ម៉ាស៊ីន​លក់​ទំនិញ នៅ​ភាគ​កណ្ដាល និង​ភាគ​ខាង​កើត​នៃ​ប្រទេស​ចិន ក្រោម​ស្លាក​សញ្ញា​នៃ​ម៉ាក​ល្បីៗ​ជា​ច្រើន។

ជាមួយ​គ្នា​នេះ​ដែរ ប៉ូលិស​បាន​ព្រមាន​ថា ស្រោម​អនាម័យ​ក្លែងក្លាយ​ទាំង​នោះ អាច​បង្ក​ជា​ការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ ក្រោយ​ឆ្មក់​ចូល​ចាប់​ដល់​រោងចក្រ​ផលិត​នៅ​ក្នុង​ខេត្ត Henan និង Hubei និង​រោងចក្រ​វេច​ខ្ចប់​នៅ​ស្រុក Cangnan ខេត្ត Zhejiang។ បើ​តាម​សារព័ត៌មាន South China Morning Post បាន​រាយការណ៍​ថា ប្រតិបត្តិការ​ខាង​លើ​បាន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​មនុស្ស ១៧នាក់ នៅ​រោងចក្រ​ផ្សេងៗ​គ្នា។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ស្រោម​អនាម័យ បាន​ក្លាយ​ជា​ផលិតផល​ក្លែងក្លាយ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​ចិន ជា​ធម្មតា​មាន​តម្លៃ​ពី ២០ ទៅ ៥០ យ័ន​ក្នុង​មួយ​កញ្ចប់ (៣ ដល់ ២២ ដុល្លារ)៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង