មកដឹងតិចនិចសាងសង់ប្រាសាទជប៉ុន ការពារចោរចូលលួចរាប់សតវត្ស

  • 2018-11-22 05:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​អាយុ​កាល​រាប់​សតវត្ស​នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​តិចនិក​ដ៏​ពិសេស​មួយ ដើម្បី​ការពារ​ពី​ការ​ចូល​លួច​យក​វត្ថុ​មាន​តម្លៃ​របស់​ពួក​គេ នោះ​គឺ​ផ្ទៃ​ខាង​ក្រោម​អាច​បញ្ចេញ​សំឡេង​បាន។

ផ្ទៃ​នៃ​ប្រាសាទ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បញ្ចេញ​សំឡេង​នៅ​ពេល​ដើរ ដែល​គេ​ហៅ​ថា «Nightingale Floors» ឬ​ជា​ភាសា​ជប៉ុន «Uguisubari»។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ពី​អ្នក​ស៊ើបការណ៍ ចោរ និង ឃាតក ពី​ការ​ចូល​មក​ខាង​ក្នុង​ដោយ​គ្មាន​នរណា​ម្នាក់​ដឹង ដែល​វា​មាន​ប្រសិទ្ធភាព​ខ្លាំង សូម្បី​តែ​ពួក​និនចា​ក៏​អាច​បង្ក​ជា​សំឡេង​ដែរ។

ជា​ទូទៅ​ប្រព័ន្ធ​បែប​នេះ​មាន​នៅ​តាម​សាល​ធំៗ នៃ​រាជ​វាំង និង​ប្រាសាទ ហើយ​ត្រូវ​បាន​សាងសង់​ពី​ក្តារ​ស្ងួត ដែល​ធ្វើ​ឲ្យ​ដែក​គោល​កោស​ជាមួយ​នឹង​ដែក បង្កើត​ជា​សំឡេង​ឡើង។

យោង​តាម​គេហទំព័រ SoraNews24 របស់​ជប៉ុន បាន​បង្ហាញ​ថា អគារ​ខ្លះ​បាន​កំណត់​សំឡេង​ជាក់លាក់​មួយ សម្រាប់​អ្នក​រស់​នៅ ឬ​ក្រុម​សន្តិសុខ ក្នុង​គោលបំណង​តាមដាន​ការ​ដើរ ដើម្បី​ប្រាប់​ថា​សំឡេង​នោះ​ជា​ជំហាន​នៃ​មិត្ត ឬ​សត្រូវ។ ប្រសិន​បើ​ពួកគេ​ឮ​សំឡេង​ប្លែក ឬ​មិន​ស្គាល់​ច្បាស់ សន្តិសុខ​ប្រចាំ​អគារ​នឹង​ត្រូវ​បាន​ជូន​ដំណឹង​ភ្លាមៗ​តែម្ដង។ រឹតតែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ វា​អាច​ដឹង​ពី​ទីតាំង​របស់​អ្នក​ឈ្លានពាន ដោយ​សារ​កម្រិត​នៃ​សំឡេង និង​ទិសដៅ​នៃ​សំឡេង​ដែល​បន្លឺ​ចេញ​មក៕

ចុច​អាន៖

ប្រភព៖ butwalpage   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម