ចេះគន្លឹះ​ទាំង​នេះ ដឹង​តែ​កាន់​ស្មាតហ្វូន​ណា​ ក៏​ថតរូប​ស្អាត​ដែរ​

  • 2018-11-23 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​លើ​ស្មាតហ្វូន​ជា​ចំណុច​ទាក់ទាញ​ភាគច្រើន​បំផុត សម្រាប់​អ្នក​ប្រើប្រាស់ ចង់​ផ្លាស់ប្ដូរ​ឡើង​ជំនាន់​រវាង​ឆ្នាំ​នីមួយ​ៗ។ សមត្ថភាព​កាមេរ៉ា​ល្អ​ផ្តល់​គុណសម្បត្តិ​មួយ បូក​ផ្សំ​នឹង​បច្ចេកទេស​ប្រើប្រាស់​បាន​ល្អ រូបភាព​ចេញ​មក​កាន់​តែ​ស្អាត​។ 

ថត​រូប​ច្រើន​សន្លឹក​

ថត​រូប​ច្រើន​សន្លឹក អាច​មាន​ជម្រើស​ច្រើន​សម្រាប់​រូបភាព​ស្រស់​ស្អាត ប៉ុន្តែ​មិនមែន​ចុច​យក​ៗនោះ​ទេ គឺ​មាន​ការ​ផ្ទៀងផ្ទាត់​លទ្ធផល​ខ្លួន​ចង់​បាន​។ រូបភាព​ច្រើន​មែន ប៉ុន្តែ​អាច​ពឹង​ជំនួយ​ពី Google Photos ដូចនេះ Internal Storage មិន​សូវ​មាន​បន្ទុក​ខ្លាំង​។ 

ប្រើ​មុខងារ Burst Mode ឬ​ចាប់​រូបភាព​ចេញ​ពី​វីដេអូ​កម្រិត 4K

Burst Mode ជា​មុខងារ​ល្អ​មួយ​សម្រាប់​ចាប់​រូបភាព​ក្មេងៗ ឬ​ជា​ក្រុម (អាច​មាន​អ្នក​ស្នើ​ចុច​ថត​ម្តង​ទៀត) ហើយ Subject មាន​ចលនា ដូចជា​សកម្មភាព​កីឡា ឬ​សត្វ​ចិញ្ចឹម​។ 

លោក Jonathan Feist ជា​អ្នក​និពន្ធ​អត្ថបទ​នៅ​វេបសាយ Android Authority និង DroneRush ណែនាំ​ឲ្យ​សាក​ថត​វីដេអូ​កម្រិត 4K ហើយ​ជ្រើសរើស​ចំណែក Frame មួយ​ប្រើ​ជា​រូបភាព​។ ចំពោះ​រូបភាព​ទាញ​ចេញ​ពី​វីដេអូ​អាច​មាន​ទំហំ​ប្រហែល 8MP។ ហើយ​វិធី​ងាយស្រួល​បំផុត គឺ​ចុច​ថតរូប អំឡុង​ពេល​ថត​វីដេអូ។ ឬ​អាច​ប្រើ​កម្មវិធី AndroVid ជំនួយ​បាន ត្រង់​ចំណុច​ចាប់​រូបភាព​ពី​វីដេអូ​នេះ​។ 

រៀន​ប្រើ​កម្មវិធី​កាមេរ៉ា​

គួរ​ចំណាយ​ពេល​សិក្សា​ស្វែង​យល់ អាច​ថា​រាល់​មុខងារ​កម្មវិធី​កាមេរ៉ា​ផ្តល់​ឲ្យ ដើម្បី​ទាញ​ប្រយោជន៍​ពី​មុខងារ​ទាំង​នេះ​បញ្ចូល​ទៅ​ក្នុង​រូបភាព ដូចជា​ការ​កំណត់ Focus ឬ​កែប្រែ​កម្រិត​ពន្លឺ (Exposure)។ អ្នក​មិន​អាច​រីក​ចម្រើន​បាន​ទេ​ក្នុង​ការ​ថតរូប​ប្រើ​ស្មាតហ្វូន បើ​រាល់​ការ​ប្រើប្រាស់​ពឹង​តែ​លើ​មុខងារ​ស្វ័យប្រវត្តិ​។ 

ទាញ​យក​កម្មវិធី​ក្រៅ​បន្ថែម​

បើ​កម្មវិធី​កាមេរ៉ា​មាន​ស្រាប់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ មិន​ល្អ​គ្រប់គ្រាន់ ឬ​គិត​ថា​ប្រើ​អស់​មុខងារ​ហើយ អាច​សាក​កម្មវិធី​ថតរូប​ក្រៅ​បាន ដូចជា Footej Camera, Candy Camera, Google Camera HDR+ ឬ Open Camera មាន​មុខងារ​ល្អ​ៗអាច​គ្រប់គ្រង​រូបភាព​ដោយ​ខ្លួន​ឯង​។ 

ពិត​ជា​ត្រូវការ​ប្រើ Flash មែន​ទេ​

កាមេរ៉ា​ស្មាតហ្វូន​ជាច្រើន បាន​ពង្រឹង​គុណភាព​រូបភាព ពេល​ថត​នៅ​កម្រិត​ពន្លឺ​ទាប អាច​ថា​មិន​មាន​តម្រូវ​ការ​ប្រើ Flash នៅ​ស្ថានភាព​នេះ​ទេ​។ ជារឿយ Flash អាច​ធ្វើ​ខូច​រូបភាព​បាន​។

ពេល​ថតរូប​នៅ​ទី​ងងឹត អាច​សាក​ថត​ប្រើ Flash និង​មិន​ប្រើ Flash ប៉ុន្មាន​សន្លឹក ហើយ​ជ្រើសរើស​តាម​ការ​គួរ​។ គួរ​ដឹង​ផង​ដែរ អ្នក​ជំនាញ​ថតរូប​ជាច្រើន​មាន​ទំនោរ​ថត​រូប​បែប​ងងឹត ដោយសារ​អាច​មាន​ស្រមោល​ខ្លះ​លេច​ឡើង​ក្នុង​រូបភាព​។ 

ចេះ​ប្រើ​ពន្លឺ​ព្រះអាទិត្យ​

ពេល​ថត​រូប​មនុស្ស គួរ​ជៀសវាង​បញ្ចូល​រូប​ព្រះអាទិត្យ​ចំ លើកលែង​តែ​អ្នក​ចង់​បង្កើត​ទិដ្ឋភាព​បែប Silhouettes។ អាច​ព្យាយាម​ឲ្យ​ពន្លឺ​ព្រះអាទិត្យ​ជះ​លើ Subject ជៀស​ជាង​តម្រង់​ចំ​កាមេរ៉ា​។ 

ចង់​ថតរូប​ព្រះអាទិត្យ​បាន​ល្អ គួរ​ថត​ក្រោយ​ថ្ងៃ​រះ ឬ​មុន​ពេល​ថ្ងៃ​លិច មាន​ពណ៌​មាស​ស្រទំ​ស្រស់​ស្អាត ហើយ​អាច​ផ្ដោត​លើ​ទិដ្ឋភាព​ជើង​មេឃ ឬ​ងើយ​ឡើង​ទៅ​លើ​បន្តិច ពេល​ថត​។ 

បើក​ប្រើ​គំនូស​ឆ្នូត​បង្ហាញ​លើ​អេក្រង់​

Rule Of Thirds ផ្តល់​ទិដ្ឋភាព​បាន​ល្អ បង្កើន​កម្រិត​ចាប់​អារម្មណ៍​ដល់ Subject ដោយ​កំណត់​ធាតុ​សំខាន់​នៅ​លើ​ចំណុច​ប្រសព្វ​នៃ​បន្ទាត់​ឆ្នូត​។ គួរ​បើក​បង្ហាញ​បន្ទាត់​ឆ្នូត​លើ​កម្មវិធី​កាមេរ៉ា​ បែងចែក​ទិដ្ឋភាព​រូប​ជា ៩ ផ្នែក។ 

លែង​ជា​មួយ HDR

ទូរសព្ទ​ភាគច្រើន​លើ​ទីផ្សារ​មាន​មុខងារ HDR Mode ដែល​បន្សំ​រូបភាព​នូវ​កម្រិត​ពន្លឺ​ខុសគ្នា​ទៅ​ជា​ទម្រង់​រូបភាព​ល្អ​ប្រសើរ​មួយ​។ HDR ល្អ​បំផុត ពេល​ចាប់​រូបភាព​ទេសភាព និង​ទីក្រុង ដែល​បន្សំ​មេឃ​ភ្លឺ និង​ស្រមោល​ងងឹត បង្កើត​រូបភាព​យ៉ាង​ទាក់ទាញ​។ វត្តមាន​កាមេរ៉ា​ប្រើ​បច្ចេកវិទ្យា AI អាច​ពិបាក​បែងចែក​រូបភាព​ថត​ប្រើ HDR និង រូបភាព​ស្តង់ដារ​។ 

អំបូរ Pixel របស់ Google បង្ហាញ​ថា​ការ​ថតរូប HDR (ជាពិសេស HDR+ Mode) ក៏​មាន​ប្រយោជន៍​ថត​ពេល​យប់​ដែរ​។ ជា​រួម HDR ល្អ​ទាំង​ពេល​ថ្ងៃ និង​យប់​។

សាក​ប្រើ Manual Mode

ក្នុង​ការ​ប្រើប្រាស់ Manual Mode ឲ្យ​បាន​ល្អ ត្រូវការ​ចំណាយ​ពេល​ស្វែងយល់ សាកល្បង​ច្រើន​។ ចំណេះដឹង​បឋម គួរ​ចេះ​ប្រើប្រាស់ Shutter Speed (រយៈពេល​កាមេរ៉ា​ចំហ យូរ​ល្អ​ពេល​ងងឹត ប៉ុន្តែ​ត្រូវការ​ឲ្យ​កាមេរ៉ា​នៅ​នឹង​), ISO (ជា​កម្រិត​ពន្លឺ​មួយ ចំពោះ ISO នៅ​កម្រិត​ទាប​ល្អ​ពេល​ថ្ងៃ ខណៈ​នៅ​កម្រិត​ខ្ពស់​ល្អ​ពេល​យប់ ប៉ុន្តែ​បើ​ខ្ពស់​ពេក​អាច​បង្កើត​ជា Noise លើ​រូបភាព) និង Aperture (ទំហំ​កាមេរ៉ា​ចំហ ឲ្យ​ពន្លឺ​ចូល​តាម Lens ទៅលើ Sensor)។ ការ​កែប្រែ ISO, Exposure និង Aperture មាន​ភាព​សំខាន់​សម្រាប់​លទ្ធផល​រូបភាព ពេល​កែប្រែ​តែ​មួយ ជា​ធម្មតា​ត្រូវការ​កែប្រែ​មួយ​ផ្សេង​ទៀត​។

ប្រើ Tripod

Tripod អាច​ជួយ​ផ្តល់​លំនឹង​កាមេរ៉ា​មិន​ឲ្យ​រង្គើ ពេល​កំពុង​ថត បូក​ផ្សំ​ទាំង​មុខងារ Self-timer ឬ ខ្សែ​កាស អាច​ឲ្យ​កាមេរ៉ា​អនុវត្ត​ថត ដោយ​មិន​ប៉ះ​តួ​កាមេរ៉ា កាន់​តែ​ធ្វើ​ឲ្យ​កាមេរ៉ា​លែង​ញ័រ ហើយ​រូបភាព​ផលិត​ចេញ​មក​មិន​ព្រាល ជាពិសេស​ពេល​ថត​ប្រើ Exposure រយៈពេល​យូរ​។ 

ប្រើ Focus Peaking

Focus Peaking ជា​មុខងារ​ល្អ​មួយ មាន​ប្រើ​ក្នុង Manual Mode លើ​ទូរសព្ទ LG និង Samsung ថ្មីៗ​នេះ។​ គំនូស Focus Peaking នៅ​តំបន់​ Focus ទិដ្ឋភាព​មាន​ពណ៌​ភ្លឺ ធ្វើ​ឲ្យ​ចំណុច Focus ងាយស្រួល​លេច​រូបរាង​ ច្បាស់​។ នេះ​ងាយស្រួល​ប្រាប់​ច្បាស់ៗ ពី​កន្លែង​កាមេរ៉ា​កំពុង Focus មិន​ត្រឹម​តែ Subject ប៉ុន្តែ​ក៏​រួម​មាន​ធាតុ​ដទៃ​ទៀត​ផង​ដែរ​។ 

ជូត​សម្អាត​ Lens

Lens មាន​ស្នាម​ប្រឡាក់​ អាច​ធ្វើ​ឲ្យ​ខូច​សម្រស់​ទិដ្ឋភាព​បាន ដូចនេះ​រាល់​ពេល​មុន​ថត គួរ​ជូត​សម្អាត Lens ជាមួយ​នឹង​ក្រណាត់​ទន់​។ 

ប្រើ​ជម្រើស Auto-fix របស់ Google Photos

កម្មវិធី Google Photos មាន​មុខងារ​ច្រើន​ជាង​ត្រឹម​ផ្តល់​សេវាកម្ម Backup រូបភាព​។ ក្នុង​នោះ​ក៏​អាច​កែប្រែ ពន្លឺ ពណ៌ ឬ​តម្រឹម​រូបភាព រួម​ទាំង​ជម្រើស​ជួសជុល​រូបភាព​ស្វ័យប្រវត្តិ (Auto-fix) ដោយ​គ្រាន់​តែ​ចុច​ជម្រើស Edit > ចុច Auto។ 

ទាញ​យក​កម្មវិធី​កាត់ត​រូប​ខុស​ៗគ្នា​

Google Photos មាន​មុខងារ​កែប្រែ​ជាច្រើន ប៉ុន្តែ​ក៏​អាច​ទាញ​ប្រយោជន៍​ពី​កម្មវិធី​ផ្សេង​បន្ថែម​បាន​ដែរ ដូចជា Snapseed ជា​ដើម​។ កម្មវិធី​កាត់ត មាន​មុខងារ​ចាប់​ពី​កែប្រែ​រូប​ប្រភេទ RAW, កែ​ពណ៌ White Balance, បន្ថែម Filter, តម្រឹម រួម​ទាំង​ជម្រើស Auto-fix។ 

តម្រឹម​យក​ចំណុច​សំខាន់​

ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន មាន​សមត្ថភាព​ល្អ និង​កម្រិត Megapixels ធំ​គ្រប់គ្រាន់ អាច​ទ្រាំទ្រ​ការ​តម្រឹម​បាន​។ ដូចនេះ ពេល​ថតរូប​ធំ​ទូលាយ ចង់​តម្រឹម​យក​ផ្នែក​ល្អ​បំផុត អាច​ធ្វើ​បាន​ដោយ​មិន​សូវ​បារម្ភ​។ បើ​ពេល​ថត​បាន​គិត​ពី​រូបមន្ត Rule of Thirds អាច​តម្រឹម​តាម​ក្រោយ​យក​ចំណុច​ល្អ​បំផុត​បាន​។ 

ចាប់​ប្លង់​​រូបភាព​ជា​បន្ទាត់​

ទិដ្ឋភាព​ផ្លូវ​ថ្នល់ គំនូស​បន្ទាត់ ឬ​អាគារ​តម្រៀប​គ្នា​ជា​ជួរ ឬ​បន្ទាត់ ពេល​ថត​អាច​បន្ថែម​ជម្រៅ​ទិដ្ឋភាព ទាញ​ចក្ខុ​អ្នក​ទស្សនា​ចូល​ទៅ​តាម​បន្ទាត់​នោះ​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម