មក​ដឹង​ទាំងអស់​គ្នា ថា​ថ្ងៃទីពីរ​នៃព្រះរាជពិធីបុណ្យ​អុំទូក​មាន​អ្វី​កើត​ឡើងខ្លះ

  • 2018-11-23 06:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ឲ្យ​ដឹង​ថា​អ្នក​ចូល​រួម​ក្នុងពិធី​បុណ្យ​អុំទូក​នៅ​រាជធានីភ្នំពេញ​នា​ថ្ងៃទីពីរ​នៃ​ព្រះរាជពិធីនេះ​មាន​ចំនួន​ប្រហែលជា​មួយ​លាននាក់ និងមាន​ការ​ឃាត់​ខ្លួន​មនុស្ស​ជាង​១០​នាក់​ធ្វើ​ការ​អប់​រំ​ផង​ដែរ។​

បើ​តាម​ព័ត៌មាន​របស់អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ឲ្យ​ដឹង​អ្នក​ចូល​រួមកំសាន្ត​ក្នុង​ព្រះ​រាជពិធីបុណ្យ​អុំទូក​កាលពី​ម្សិលមិញ នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ចន្លោះពី​៩០ម៉ឺន​ទៅ​មួយ​លាន​នាក់​គិត​ត្រឹម​ម៉ោង​៥ល្ងាច។

បើ​តាម​ប្រ​ភព​ដដែល​​បន្តថា​កាលពី​ម្សិល​មិញ​មនុស្ស​១៣​នាក់​បាន​ពាក់​អាវមាន​សរសេរ​អក្សរ Army និង​Police ត្រូវ​បាន​ឃាត់​ខ្លួន និង​អប់រំ​រួច​ដកហូត​អាវទាំងនោះ។ ក្រៅពី​នោះ​ក៏មាន​ដែរ​ទូក​មួយ​គ្រឿង​បាន​លិច តែ​បានជួយ​សង្គ្រោះទាន់ពេល​ ហើយ​កីឡាករ​ទាំង​២៤​នាក់​បាន​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព។

ប្រ​ភព​ដដែល​ឲ្យ​ដឹង​ទៀតថា​កាលពី​ម្សិល​មិញ​ក៏មាន​ក្មេង​វង្វេង​ឪ​ពុក​ម្តាយ​ចំនួន​១៤​នាក់ ត្រូវ​បានជួយអន្តរាគមន៍ និង​ប្រ​គល់ជូន​អាណាព្យាបាល​វិញ​ផង​ដែរ។ ក្រៅពីនេះ ក៏មាន​ដែរ​ករណី​លួច​ម៉ូតូ​មួយ​ករណី បាត់​ម៉ូតូ​មួយ​គ្រឿង។​

គួរ​បញ្ជាក់ថា​សម្រាប់ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ​សមត្ថកិច្ច​ចម្រុះ​ទាំងចំហ និង​សម្ងាត់មាន​ចំនួន​ជាង​មួយម៉ឺន​បីពាន់​នាក់ និងមានទូកចូលរួម​ប្រ​កួត២៩៥​គ្រឿង និង​កីឡា​ករ​ជិត​ពីរ​ម៉ឺន​នាក់៕


អត្ថបទ៖ ទូច សុខា