នៅ​ភ្នំពេញ​កំពុង​ប្រ​ណាំងទូក ឯ​វត្ត​មួយ​នៅ​ខេត្ត​តាកែវ​កំពុង​ប្រ​ណាំង​ខ្ទះ

  • 2018-11-23 07:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាក់​ខុស​ពី​វត្ត ឬ​ខេត្ត​ផ្សេត​បន្តិច​វត្ត​មួយ​នៅ​ខាង​កើត​ក្រុង​ដូន​កែវ​ ខេត្ត​តាកែវ នៅ​ថ្ងៃនេះ​បាន​រៀប​ចំ​កម្មវិធី​​ប្រលង​ប្រ​ណាំង​ជិះ​ខ្ទះ​យក​​រង្វាន់​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​ប្រ​ណៃ​ណី​ជាតិ​។

​ព្រះ​តេជ​គុណ ​អ៊ី​ ថា​ ព្រះ​ចៅ​អធិការ​វត្ត​ឧត្ដម​រង្សី​ព្រៃ​ទប់​​មាន​ទី​តាំង​ក្នុង​ឃុំ​ស្រ​ងែ​ស្រុក​ទ្រាំង​ខេត្ត​តាកែវ​មាន​សង្ឃ​ដី​ការ​ថា​ ព្រះអង្គ​រៀបចំ​​កម្មវិធី​នេះ​​រយៈ​ពេល​២​ឆ្នាំ​មក​​ហើយ​​ថា​កម្មវិធី​នេះ​មាន​​គោល​បំណង​ចូល​រួម​អបអរ​កម្មពិធី​​បុណ្យ​អុំ​ទូក​​ឲ្យ​​មាន​សភាព​កាន់តែ​អធិកអធម​នៅ​តាម​ទី​​វត្តអារាម​ជនបទ​។

ព្រះ​ចៅ​អធិការ​វត្ត​ដដែល​បន្ត​ថា​ពី​មុន​មក​ព្រះ​អង្គ​​​ក៏​ចង់​ឲ្យ​​មាន​ការ​ប្រណាំង​អុំ​ទូក​ដែរ​តែ​ដោយ​សា​វត្ត​នៅ​ឆ្ងាយ​ពី​បឹង​ហើយ​មាន​តែ​ស្រះ​ទឹក​បែប​នេះ​​ក៏​បាន​រៀប​ចំ​ការ​ប្រណាំង​ជិះ​ខ្ទះ​នេះ​ដើម្បី​ឲ្យ​​ប្លែក​ពី​គេ​បន្តិច​និង​ដើម្បី​ទាក់​ទាញចំណាប់អារម្មណ៍​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផង​ដែរ​​​​។

ព្រះ​ចៅ​អធិការ​វត្ត​ដដែល​បន្ត​ថា ដើម្បី​​ញាំង​អោយ​កម្មវិធី​នេះ​កាន់​តែ​សប្បាយ​និង​មាន​ការ​ចូល​រួម​កាន់​តែ​ច្រើន​ព្រះអង្គ​បាន​បង្កើត​ឲ្យ​​មាន​ការ​ផ្ដល់​រង្វាន់​តាម​ចំណាត់ថ្នាក់​គឺ លេខ​១​បាន​រង្វាន់​៤០ម៉ឺន​រៀល​ លេខ​២​បាន​២៥​ម៉ឺន​រៀល​លេខ​៣​ និង​លេខ​៤​បាន​២០​ម៉ឺន​រៀល​។

លោក ​អួង ​​ថន​ ជា​សមាជិក​គណៈកម្មការ​រៀបចំ​កម្មវិធី​ប្រាប់​ថា​​​លក្ខខ័ណ្ឌ​ងាយ​ៗ​​នៃ​ការ​ប្រណាំង​ចែក​ចេញ​ជា​វគ្គ​ៗ​។ លោក​ថា​កីឡាករ​ត្រូវ​ជិះ​លើ​ឆ្នាំង​ខ្ទះ​អុំដោយ​ដៃ​សំ​ដៅ​ទៅ​គោល​ដៅ​ចម្ងាយ​ប្រ​ហែល​៥០​ម៉ែត្រ​។​ លោក​ពន្យល់​ថា​​ឧបមា​ថា​​កីឡា​ទាំងអស់​មាន​៥​ក្រុម​ហើយ​ក្រុម​​​នីមួយៗ​មាន​កីឡាករ​​៤​​នាក់​នោះគឺ​ថា​ក្នុង​១​ជុំ​ត្រូវ​ជម្រុះ​​ចេញ​កីឡាករ​ម្នាក់ពោល​គឺ​ត្រូវ​ធ្វើ​បែប​នេះ​រហូត​ដល់​វគ្គ​ចុង​ក្រោយ​នៅ​សល់​៤​នាក់​​ទើប​ប្រ​កួត​យក​ពី​លេខ​១​ដល់​លេខ​៤​​។

លោក​ ហូ សារ៉ាត់​ កីឡាករ​ម្នាក់​​ប្រាប់​ថា​លោក​បាន​ចុះ​ឈ្មោះ​ប្រ​ណាំង​ជិះ​ខ្ទះ​នេះ​កាលពី​ឆ្នាំ​មុន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ ហើយ​ឆ្នាំ​នេះ​លោក​បាន​មក​ចុះ​​ឈ្មោះ​ប្រណាំង​ម្ដង​ទៀត​មុន​ពេល​លោក​ត្រលប់​ទៅ​ធ្វើការ​ប្រទេស​ថៃ​វិញ​។​​ កីឡាករ​ដដែល​បញ្ជាក់​ថា​​កម្មវិធី​នេះ​ពិត​ជា​សប្បាយ​​ហើយ​លោក​ចង់​ឲ្យ​​មាន​អ្នក​ចូល​រួម​កាន់តែ​ច្រើន​ថែមទៀត​​៕

អត្ថបទដោយ៖ ជិន វេន