៥ វិធី​សាស្ត្រ​រាង​ចាស់​គំរឹល​ តែ​​ជួយ​ឱ្យ​អ្នក​ដើរ​លេង​អស់​លុយ​តិច បាន​សប្បាយ​កប់

  • 2018-11-24 04:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​មិន​តិច​ទេ​ដែល​ទៅ​ដើរ​លេង​ម្ដងៗ ​មក​វិញ​ត្រូវ​ដេក​កើត​ទុក្ខ​ដោយ​សារ​តែ​អស់​លុយ​ច្រើន ហើយ​មិន​សូវ​បាន​សប្បាយ​ចិត្ត។ ដូច្នេះ​បើ​អ្នក​ក៏​ស្ថិត​ក្នុង​ចំណោម​ពួក​គេ​ដែរ​នោះ ៥​វិធី​ខាង​ក្រោម​នេះ​ប្រហែល​អាច​ជួយ​អ្នក​ឱ្យ​មាន​ថ្ងៃ​វិស្សមកាល​ ឬ​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​បាន​រីករាយ ហើយ​មិន​សូវ​ចំណាយ​ខ្ពស់៖

១- កក់​សំបុត្រ​យន្តហោះ​ធូរ​ថ្លៃ

ការ​ចំណាយ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​គឺ​ជា​បន្ទុក​មួយ​ដែល​មិន​អាច​ជៀស​បាន។ បើ​សិន​ត្រូវ​ទៅ​ត្រឹម​ប្រទេស​ជិត​ខាង​ អ្នក​អាច​ជ្រើស​រើស​​មធ្យោបាយ​ឡាន​ក្រុង ជា​ជាង​យន្តហោះ ទោះ​បី​វា​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច តែ​​អ្នក​អាច​រីករាយ​នឹង​ទេសភាព​តាម​ដង​ផ្លូវ និង​អាច​កាត់​បន្ថយ​ចំណាយ​សម្រាប់​អ្នក​មាន​កញ្ចប់​ថវិកា​មាន​កំណត់។

រូបតំណាង

ផ្ទុយ​ទៅ​វិញ បើ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដោយ​យន្តហោះ មាន​វិធី​សាស្ត្រ​មួយ​ទៀត​គឺ​ស្វែង​រក​ក្រុម​ហ៊ុន​ណា​ដែល​លក់​សំបុត្រ​ក្នុង​តម្លៃ​ធូរ​ថ្លៃ ឬ​កក់​​សំបុត្រ​មុន​ពេល​ធ្វើ​ដំណើរ​យូរ​ខែ ឬ​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​ចំ​ថ្ងៃ​ធ្វើការ ឬ​មួយ​ទៀត​ជ្រើស​រើស​ក្រុម​ហ៊ុន​អាកាសចរណ៍​តូចៗ។

យ៉ាងណា​មិញ សម្រាប់​តម្លៃ​សំបុត្រ​ធូរ​ថ្លៃ​ អ្នក​ក៏​ត្រូវ​ត្រៀម​ចិត្ត​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​​ ដូច​ជា ជើង​ហោះហើរ​មិន​ទៀងទាត់ បរិយាកាស​ក្នុង​យន្តហោះ​មិន​មាន​ផាសុកភាព និង​បញ្ហា​ផ្សេងៗ​ទៀត​ជា​ដើម។

២- រក​បន្ទប់​ណា​តម្លៃ​ថោក ឬ​សមរម្យ

បន្ទាប់​ពី​បន្ទុក​លើ​មធ្យោបាយ​ធ្វើ​ដំណើរ អ្នក​ត្រូវ​ចំណាយ​លើ​ការ​ស្នាក់​នៅ​ថែម​ទៀត។ ដូច្នេះ​ដើម្បី​ចំណាយ​តិច អ្នក​គួរ​តែ​​រក​មើល​​តាម​វិបសាយ​ផ្សេង​ៗ​ដែល​ផ្ដល់​​ការ​កំណត់​តម្លៃ​បន្ទប់​ខុស​ៗ​គ្នា ដើម្បី​ជា​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។ ក្រៅ​ពី​នេះ អ្នក​ក៏​អាច​ស្វែង​រក​តាម​រយៈ​ប័ណ្ណ​ផ្សព្វផ្សាយ​របស់​សណ្ឋាគារ ឬ​រមណីយដ្ឋាន​នានា​ដែល​​អាច​មាន​កម្មវិធី​បញ្ចុះ​តម្លៃ​ជា​ដើម។

រូបតំណាង

ជា​គំនិត​មួយ​ទៀត អ្នក​ក៏​ជ្រើស​រើស​ការ​ស្នាក់​នៅ​ជា​លក្ខណៈ​​ផ្ទះ​ស្នាក់ Homestay ឬ​បន្ទប់​ជួល​ ព្រោះ​កន្លែង​ទាំង​នេះ​​មាន​តម្លៃ​ធូរ​ជាង​សណ្ឋាគារ និង​ដោយ​សារ​តែ​យើង​ទៅ​ដើរ​លេង មិន​ចំណាយ​ពេល​នៅ​កន្លែង​គេង​ច្រើន ដូច្នេះ​វា​អាច​សន្សំ​ចំណាយ​បាន​ខ្លះ។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ កន្លែង​ស្នាក់​នៅ​ទាំង​នោះ​មាន​សុវត្ថិភាព និង​មាន​មតិ​ល្អ​ៗ​ពី​អ្នក​មាន​បទពិសោធន៍​ស្នាក់នៅ​មុនៗ។

​​៣- ពេល​ទៅ​ដល់ ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ

បើ​អ្នក​ទៅ​ដើរ​លេង​ដោយ​ខ្លួន​ឯង (មិន​ទៅ​តាម​ក្រុមហ៊ុន​ទេសចរណ៍) អ្នក​ត្រូវ​ចំណាយ​បន្ថែម​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ចំណាយ គួរ​ពិចារណា​លើ​មធ្យោបាយ​សាធារណៈ​នានា​ដូច​ជា​ ឡាន​ក្រុង រថភ្លើង​ជា​ដើម។ ក្រៅ​ពី​នេះ អ្នក​អាច​ជួល​កង់ ឬ​ម៉ូតូ​នៅ​តាម​សណ្ឋាគារ ឬ​រមណីយដ្ឋាន។

រូបតំណាង

៤- សាក​ភ្លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ

មិន​ត្រឹម​តែ​មាន​តម្លៃ​ធូរ​ជាង​ក្នុង​ភោជនីយដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាហារ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​អាច​ឱ្យ​អ្នក​​ទទួល​បាន​រសជាតិ​ថ្មី និង​ស្វែង​យល់​ពី​វប្បធម៌​នៃ​ប្រទេស​ទាំង​នោះ​បាន​ច្រើន​ទៀត​ផង។

រូបតំណាង

៥-ទៅ​ជា​ក្រុម

ការ​ដើរ​កម្សាន្ត​ជា​ក្រុម ​អាច​ជួយ​សន្សំ​សំចៃ​បាន​ច្រើន នេះ​បើ​គិត​​ដល់​​ការ​ចាយ​វាយ​លើ​ការ​ធ្វើ​ដំណើរ បន្ទប់​ស្នាក់នៅ អាហារ អ្នក​អាច​ចែក​គ្នា​ចេញ​បាន។ ប៉ុន្តែ​យ៉ាង​ណា​ក៏​គួរ​ពិភាក្សា​គ្នា​មុន​សម្រេច​ចិត្ត ជៀសវាង​ការ​អាក់អន់​ចិត្ត​គ្នា ឬ​រើស​កន្លែង​ខុស៕

រូបតំណាង

ចុចអាន៖

ប្រភព៖ Kanha   អត្ថបទ៖ សរ សុគន្ធី