ផុតអុំទូកភ្លាម ឱក សុគន្ធ​កញ្ញា​ ចូលរួមការងារ​​សប្បុរសធម៌ដល់​សិល្បករ​ចាស់​ជរា

  • 2018-11-24 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គ្រាន់​តែ​​ពិធី​បុណ្យ​អុំ​ទូក​ចប់​ភ្លាម ​កំពូល​តារា​ចម្រៀង​ ឱក សុគន្ធ​កញ្ញា ​ងាក​មក​បរិច្ចាគ​ថវិកា​ដល់​ សិល្បករ​ចាស់​ជរា​​ និង​ព្រឹទ្ធាចារ្យ​បង្រៀន​ផ្នែក​សិល្បៈ​ នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​​ក្នុង​កម្មវិធី "រំលឹក​គុណ​គ្រូ​របាំ" ​ព្រឹក​នេះ ​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ធ្វើ​ឲ្យ​សិល្បករ​ជើង​ចាស់​ជា​ច្រើន​ទប់​អារម្មណ៍​មិន​បាន ​​​រំភើប​ចិត្ត​​ស្រក់​ទឹក​ភ្នែក​គ្រប់​គ្នា​ ​។

​​កម្ម​វិធី​ខាង​លើ ​ជា​ការ​​រៀប​ចំ​ឡើង​​ដោយ​ តា​រា​សម្ដែង សែម ឆវី និង​លោក សា​វិន ហ្វី​លីព ​ក្រោម​មូលនិធិ​ចែក​រំលែក​សេចក្ដី​ស្រលាញ់ ដើម្បី​ជា​ការ​ដឹង​​គុណ​ដល់​ព្រឹទ្ធាចារ្យ​ផ្នែក​របាំ និង​សិល្បករ​ជើង​ចាស់​ ដែល​ធ្លាប់​បាន​លះ​បង់​កម្លាំង​កាយ​ចិត្ត​បង្ហាត់​បង្រៀន​ដល់​សិស្ស​ជា​ច្រើន​នាក់។ កាន់តែ​រំជួល​ចិត្ត​បំ​ផុត​នោះ ​គឺ​សិល្បករ​ចាស់​ជរា​​ជា​ច្រើន ​អួល​ដើម​ករ ស្រក់​ទឹក​ភ្នែក ​ព្រោះ​រំភើប​ចិត្ត​នឹង​សកម្មភាព​សប្បុរស​ធម៌​ថ្ងៃ​នេះ ​។​​​​​​​​ ​

​ក្នុង​នោះ ​តារា​សម្ដែង​ ​ សាវិន ហ្វី​លីព បង្ហើប​ថា ម្ចាស់​បទ ​" ​កាត់​ចិត្ត​បែប​ណា" ​ដែល​ជា​អតីត​សិស្ស​​សាលា​ភូ​មិន្ទ​វិចិត្រ​សិល្បៈ ​បាន​ចូល​រួម​បរិច្ចាគ​​ទឹក​ប្រាក់​៥០០ដុល្លារ។ ​ទន្ទឹម​នឹង​នេះ ​ក៏​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​ ម៉េង កែវ ពេជ្ជតា ចំនួន៥០០ដុល្លារ ​និង​សប្បុរស​ជា​ច្រើន​ផង​ដែរ។ សកម្មភាព​នេះ ​លោក​ប្រាប់​ថា ជា​លើក​ទី​១​ហើយ ​តែ​លោក​​នឹង​គ្រោង​រៀប​ចំ​នៅ​ឆ្នាំ​ក្រោយ​ៗ​បន្ត​បន្ទាប់​ទៀត ​ដើម្បី​ជា​ចំណែក​ជួយ​ដល់​ព្រឹទ្ធាចារ្យ​ និង​វីរៈ​សិល្បករ​ចាស់​ជរា​ជាច្រើន ​ដែល​កំពុង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព ​និង​សុខភាព​ជា​ដើម។​​​​​​

​សម្រាប់​កម្ម​វិធី​នេះ​ មាន​ព្រឹទ្ធាចារ្យ​ផ្នែក​របាំ និង​សិល្បករ​ជើង​ចាស់​ចំនួន​៧០​រូប ​​អញ្ជើញ​ពួក​គាត់​​ទាំង​អស់​​​​​​​ពិសា​អាហារ​ថ្ងៃ​ត្រង់​ជា​លក្ខណៈ​បូហ្វេ​ ព្រម​ទាំង​ចែក​​ថវិកា​ជូន​គាត់​ទាំង​អស់​គ្នា៕

រូបភាព៖ ផ្តល់ឲ្យដោយ សាវិន ហ្វីលីព

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម