អំឡុង​ពិធី​បុណ្យ​អុំទូក​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ជាង​ ៥លាន​នាក់ ទូទាំង​ប្រទេស

  • 2018-11-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ ៣ថ្ងៃ​ នៃ​ពិធី​បុណ្យ​អុំទូក​ ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​បាន​ដើរ​កម្សាន្ត​​សរុប​ចំនួន ជាង​៥លាន​នាក់ ក្នុង​នោះ​អ្នក​ដើរ​កម្សាន្ត​នៅ​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស​​មាន​​​ប្រមាណ ៩២,៥​ម៉ឺន​នាក់ អត្រា​កំណើន​ប្រមាណ ១៥,៦% ខណៈ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៤,៥​លាន​នាក់ កើន​ឡើង​ជិត​៥០% ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ ក្រសួង​ទេសចរណ៍។

អ្នកចូលរួម​បុណ្យ​អុំទូក​ នៅ​មុខវាំង

យោង​តាម​ផេក​ហ្វេសបុក​របស់​ក្រសួង​ទេសចរណ៍ ដែល​បាន​ដក​ស្រង់​ប្រសាសន៍​របស់ ឯកឧត្ដម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ឈប់​សម្រាក ព្រះ​រាជពិធី​បុណ្យ​អុំទូក អក​អំបុក លយ​ប្រទីប សំពះ​ព្រះខែ រយៈ​ពេល​៣ថ្ងៃ (២១-២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨) នេះ ភ្ញៀវ​ទេសចរ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅ​តាម រមណីយដ្ឋាន​ទេសចរណ៍​នានា តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប​ប្រមាណ ៩២,៥​ម៉ឺននាក់ ក្នុង​អត្រា​កំណើន​ប្រមាណ ១៥,៦% ខណៈ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៤,៥​លាននាក់ កើន​ឡើង​ជិត ៥០%។

១៖ ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​ក្នុង​នោះ​រួមមាន៖ (មិន​បូក​បញ្ចូល​រាជធានី​ភ្នំពេញ​ទេ) 

  • ភ្ញៀវ​ជាតិ​ប្រមាណ ៨៤,២ ម៉ឺន​នាក់ ក្នុង​អត្រា​កំណើន ១៥,៣% 

  • ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៨.៣ ម៉ឺន​នាក់ ក្នុង​អត្រា​កំណើន ១៨,៥% 

  • សរុប​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស៖ ៩២,៥ ម៉ឺន​នាក់

២៖ សម្រាប់​រាជធានី​ភ្នំពេញ 

តាម​របាយ​ការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ-អន្តរជាតិ មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៤,៥​លាន​នាក់ បាន​ចូល​មក​ទស្សនា​ព្រះ​រាជពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ ហើយ​ក្នុង​នោះ ក៏​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ១,២​ម៉ឺន​នាក់ បាន​ចូល​ទស្សនា​វេទិកា​បុណ្យ​អុំទូក ដែល​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​ផងដែរ។

នៅ​អំឡុង​ពេល​បុណ្យ​អុំទូក​នេះ​ដែរ គ្មាន​ឡើយ​អំពើ​ហិង្សា​ និង​អសន្តិសុខ​កើត​ឡើង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ លោក​ឧត្ដម​សេនីយ៍​ឯក ឆាយ គឹមខឿន ប្រធាន​លេខាធិការដ្ឋាន​ នៃ​គណៈកម្មការ​ការពារ​នៃ​ក្រសួង​មហាផ្ទៃ ដែល​បាន​ប្រាប់​ វិទ្យុ​បារាំង RFI។

ប៉ុន្តែ​ប្រភព​ខាង​លើ​បញ្ជាក់​ថា មាន​បទ​ល្មើស​តិចតួច​បាន​កើត​មាន​ឡើង ដូចជា​ករណី​ចោរ​លូក​ហោប៉ៅ ករណី​ក្មេង​វង្វេង​ និង ករណី​ចោរកម្ម​តិចតួច​បាន​កើត​មាន​ឡើង។ ប៉ុន្តែ​អាជ្ញាធរ​បាន​ចាត់​ទុក​ថា នេះ​គឺជា​រឿង​ធម្មតា​នៅ​ក្នុង​ពិធី​បុណ្យ​ជាតិ​ដែល​មាន​មនុស្ស​រាប់​លាន​នាក់​បាន​មក​ចូលរួម​ទស្សនា។

ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ មាន​ទូក​សរុប​ចំនួន ២៩៥ទូក មាន​ទូក​ខ្នាត​អន្តរជាតិ​បុរស​ចំនួន​ ៩៦ទូក ទូក​ខ្នាត​អន្តរជាតិ​នារី ចំនួន ២ ក្នុង​នោះ​កម្លាំង​អុំ​សរុប​ ១៩ ០១៦នាក់ ដែល​មាន​កម្លាំង​អុំ​បុរស ១៥ ២៧២នាក់ និង​កម្លាំង​អុំ​នារី​ ១៤១នាក់។ ខណៈ​កម្លាំង​ត្រៀម​​អុំ​បុរស​ចំនួន​ ៣ ៥២៥នាក់ និង​កម្លាំង​ត្រៀម​​អុំ​នារី​ចំនួន​ ៧៩នាក់​ប៉ុណ្ណោះ។

ចំពោះ​លទ្ធផល​វិញ ទូក​អុំ​ផ្នែក​បុរស​មក​ពី​ខេត្ត​ព្រះវិហារ​ «កោះកែសែនជ័យ​បារមី​ព្រះ​អង្គ​ខ្មៅ» ឧបត្ថម្ភ​ដោយ​ ឯកឧត្ដម ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ខណៈ​ទូក​ឈ្មោះ «សារាយ​តេជោ​សែនជ័យ» មក​ពី​ខេត្ត​កណ្ដាល​ឧបត្ថម្ភ​ដោយ​សម្ដេច​ ហ៊ុន សែន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ និង​ទូក​ឈ្មោះ «សម្ដេច​វិបុល​បញ្ញា​បារមី​មានជ័យ» មក​ពី​ខេត្ត​តាកែវ​ ឧបត្ថម្ភ​ដោយ​កូន​ប្រុស​សព​ លោក​សុខ អាន​ ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ៣៕

អត្ថបទ៖ សុផល