ការ​សិក្សា​មួយ​បង្ហាញ​ថា​ហ្ស៊ែន​ណា​ដែល​អ្នក​បាន​ពី​ម្តាយ ហើយ​ហ្ស៊ែន​ណា​ដែល​អ្នក​បាន​ពី​ឪពុក

  • 2018-11-25 06:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​​បើ​នរណា​ម្នាក់​និយាយ​ថា​​កូន​ស្រី​នេះ​ដូច​ "ម្តាយ​" គេ​បេះបិទ នោះ​បាន​ន័យ​ថា​ការ​លើក​ឡើង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

ក្រៅពី​នោះ​​ ទ្រឹស្ដី​វិទ្យាសាស្ត្រ​​​មួយ​លើក​ឡើង​ពី​​របៀប​រស់នៅ​របស់​ឪពុក​ មុន​ពេល​ចាប់កំណើត​របស់​ទារក​រួមមាន​៖អាហារ​ដែល​ឪពុក​ទទួល​ទាន និង ផ្លូវ​អារម្មណ៍​ដែល​ឪពុក​គិត​ ​គឺ​ជា​មូលដ្ឋាន​នៃ​សុខភាព​របស់​ទារក។ រីឯ​ភិនភាគ​សំខាន់ៗ​របស់​ទារក​​​រួមមាន៖ ច្រមុះ បរិវេណ​ជុំវិញ​បបូរមាត់​ រង្វង់​ភ្នែក ថ្ពាល់ និង ចង្កា​ គឺ​ជា​កន្លែង​ដែល​ពួកគេ​អាច​នឹង​កាត់​ទៅ​រក​ឪពុក​ឬ​ម្តាយ។ នេះ​បើ​តាម​វេបសាយ Brightside។

ខាង​ក្រោម​នេះ​គឺ​​ជា​ការ​សិក្សា​មួយ​ដែល​ដក​ស្រង់​ដោយ​ប្រភព​ខាង​លើ ដើម្បី​​បង្ហាញ​ថាតើ​ហ្ស៊ែន​ណា​ដែល​អ្នក​បាន​ពី​ម្តាយ ហើយ​ហ្ស៊ែន​ណា​ដែល​អ្នក​បាន​ពី​ឪពុក៖

១ ភេទ

ទារក​ដែល​កើត​មក​ជា​កូន​ប្រុស​ឬ​ស្រី ​អាស្រ័យ​ទៅ​លើ​​ក្រូម៉ូសូម​ឪពុក​ ព្រោះ​ទារក​ក្នុង​ផ្ទៃ​តែងតែ​ទទួល ក្រូម៉ូសូម X ពី​ម្តាយ ​និង ពី​ឪពុក​អាច​ជា​ក្រូម៉ូសូម X ដែល​មាន​ន័យថា​ទារក​ដែល​​កើត​មក​ជា​ក្មេង​ស្រី ឬ បើ​ទទួល​ក្រូម៉ូសូម Y ពី​ឪពុក ​ទារក​ដែល​នឹង​​កើត​មក​ជា​ក្មេង​ប្រុស។

ការ​កត់​សម្គាល់​បែប​សាមញ្ញ​មួយ​គឺ បើ​ឪពុក​មាន​បងប្អូន​ប្រុស​ច្រើន​ក្នុង​គ្រួសារ គាត់​នឹង​មាន​កូន​ប្រុស​ច្រើន​ជាង​កូន​ស្រី ឬ បើ​ឪពុក​មាន​បង​ប្អូន​ស្រី​ច្រើន​ក្នុង​គ្រួសារ នោះ​គាត់​នឹង​មាន​កូន​ស្រី​ច្រើន​ជាង​កូន​ប្រុស។

​​​​​​​​ដោយសារ​ក្រូម៉ូសូម Y មាន​​ហ្ស៊ែន​តិច​ជាង​ក្រូម៉ូសូម​ X ហើយ​ក្រូម៉ូសូម Y មួយ​ចំនួន​មាន​នាទី​រ៉ាប់រង​ការ​អភិវឌ្ឍ​នៃ​ប្រដាប់​បន្ត​ពូជ​បុរស ម្ល៉ោះ​ហើយ​បាន​ជា​ក្មេង​ប្រុស​ភាគ​ច្រើន​ស្រដៀង​ម្តាយ​ជាង​ឪពុក ខណៈ​ដែល​ក្មេង​ស្រី​ទទួល ​ក្រូម៉ូសូម​ X ទាំង​ពី​ឪពុក និង ម្តាយ​ម្ល៉ោះ​ហើយ​ពិត​ជា​ពិបាក​នឹង​កត់​សម្គាល់​ណាស់​ថា​កូន​ស្រី​ដូច​ឪពុក ឬ ដូច​ម្តាយ​ច្រើន​ជាង។

២ ធ្មេញ

ប្រភព​ដដែល​បង្ហាញ​ថា ធ្មេញ​​របស់​កូន​ដូច​ឪពុក​រាប់​តាំង​ពី​ទំហំ រូបរាង និង លក្ខខ័ណ្ឌ​សុខភាព​ធ្មេញ ព្រោះ​ហ្ស៊ែន​ធ្មេញ​របស់​ឪពុក​​​ខ្លាំង​ជាង​ម្តាយ។

ដូច្នេះ​ប្រសិន​បើ​ឪពុក​មាន​បញ្ហា​សុខភាព​ធ្មេញ កូន​​ក៏​ទំនង​ជា​មាន​បញ្ហា​នេះ​ដូច​គ្នា។

៣ ភាព​វៃឆ្លាត

ហ្ស៊ែន​ទទួល​រ៉ាប់រង​លើ​ភាព​ឆ្លាតវៃ​របស់​កូន​​គឺ ​ក្រូម៉ូសូម​ X។ ហេតុ​ដូច្នេះ​ កូន​ប្រុស ទទួល​ហ្ស៊ែន​នៃ​ភាព​ឆ្លាត​វៃ​ពី​ម្តាយ ខណៈ​ដែល​កូន​ស្រី​​ទទួល​​ហ្ស៊ែន​នៃ​ភាព​ឆ្លាត​វៃ​​ទាំង​ពី​ម្តាយ​និង​ឪពុក

ប្រភព​ខាង​លើ​បន្ថែម​ថា ៤០%​នៃ​​​ហ្ស៊ែន​​ភាព​ឆ្លាត​វៃ​បន្ត​ពី​ម្តាយ និង សល់​ពី​នោះ​​​កូនៗ​ទទួល​បាន​ពី​ការ​អប់រំ អំឡុង​ពេល​នៃ​ការ​លូតលាស់​និង​រៀន​​សូត្រ​របស់​ពួកគេ។

គិត​ជា​មធ្យម IQ របស់​ក្មេង​ប្រុស​លើស​ម្តាយ​គេ​ចំនួន​១៥​ពិន្ទុ។

៤ កម្ពស់

ឪពុកមានឥទ្ធិពលទៅលើកម្ពស់របស់កូន ៗ ច្រើនជាងម្តាយ។ បុរស​ខ្ពស់ ជាធម្មតា កូន​គេ​ក៏​ច្រើន​មាន​កម្ពស់​ខ្ពស់ៗ​ដែរ។ ជាមធ្យមប្រហែល ៦០ ទៅ ៨០% នៃកម្ពស់របស់មនុស្សអាស្រ័យលើឪពុកនិងម្តាយរបស់ពួកគេ

មាន​រូបមន្ត ២ ដើម្បី​កំណត់​កម្ពស់​នៃ​ទារក​នៅ​ពេល​ពួកគេ​ធំ​ពេញ​វ័យ

វិធី​ទី១ ប្រសិន​បើ​កូន​ប្រុស យក​កម្ពស់​ម្តាយ​បូក​កម្ពស់​ឪពុក​ រួច​បូក​បន្ថែម ១២,៧ សង់ទីម៉ែត្រ​ទៀត ហើយ​ចែក​នឹង​២នោះ​នឹង​ឃើញ​កម្ពស់​កូន​ប្រុស។

ប្រសិន​បើ​ជា​កូន​ស្រី យក​កម្ពស់​ម្ដាយ​បូក​កម្ពស់​ឪពុក ដក​ ៣៣ សង់ទីម៉ែត្រ​ រួច​យក​លទ្ធផល​ទៅ​ចែក​នឹង​២។

​​​​​​​​វិធី​ទី២ ចងចាំ​កម្ពស់​កូន​ស្រី​អ្នក​នៅ​ពេល​គេ​មាន​អាយុ​១៨​ខែ ហើយ​កម្ពស់​កូន​ប្រុស​អ្នក​នៅ​ពេល​គេ​មាន​អាយុ​២​ឆ្នាំ រួច​យក​លទ្ធផល​ទាំង​នេះ​ទៅ​គុណ​នឹង​២ នោះ​អ្នក​នឹង​រក​ឃើញ​កម្ពស់​ពួកគេ​នៅ​ពេល​កូន​ប្រុស​ស្រី​អ្នក​ធំ​ពេញ​វ័យ។

៥ ពណ៌​ភ្នែក

ភ្នែក​ពណ៌​ត្នោត​គឺ​ជា​ហ្ស៊ែន​ខ្លាំង។ ដូច្នេះ​ប្រសិន​បើ​ឪពុក​ម្ដាយ (ជា​ពិសេស​ឪពុក) មាន​ភ្នែក​ខ្មៅ ឬ ត្នោត​ កូន​នឹង​មាន​ភ្នែក​ពណ៌​ត្នោត។

ភ្នែក​ពណ៌​ខៀវ​នឹង​បៃតង​មាន​ហ្ស៊ែន​ខ្សោយ​ជាង​ពណ៌​ត្នោត ហើយ​បើ​ប្រៀបធៀប​ ពណ៌​ខៀវ​នឹង​បៃតង គឺ​ពណ៌​ខៀវ​មាន​ហ្ស៊ែន​ខ្លាំង​ជាង។

៦ ថ្ពាល់​ខួច

ថ្ពាល់​ខួច​គឺ​ជា​ហ្ស៊ែន​ត​ពូជ ដូច្នេះ​បើ​ឪពុក​ ឬ ម្តាយ​មាន​ផ្ពាល់​ខួច នោះ​​កូន​ទំនង​នឹង​អាច​មាន​លក្ខណៈ​ដូច្នេះ​ដែរ។

៧ សក់​រួញ​អង្កាញ់

សក់​រួញ​អង្កាញ់ ត្រូវ​ការ​ហ្ស៊ែន​​ខ្លាំង។ ប្រព័ន្ធ​សាមញ្ញ​គឺ​ដូច​នេះ៖

  • ប្រសិន​បើ​ ឪពុកម្តាយ​ទាំង​២​មាន​សក់​រួញ​អង្កាញ់ នោះ​កូន​នឹង​មាន​សក់​រួញ​អង្កាញ់
  • ប្រសិន​បើ​ ឪពុកម្តាយ​ទាំង​២​មាន​សក់​ត្រង់ នោះ​កូន​នឹង​មាន​សក់​ត្រង់​ដែរ
  • ប្រសិន​បើ​ ឪពុកម្តាយ មួយ​មាន​សក់​រួញ​អង្កាញ់ មួយ​ទៀត​មាន​សក់​ត្រង់ នោះ​កូន​នឹង​មាន​សក់​ទឹករលក
  • ប្រសិន​បើ​ឪពុកម្តាយ​ទាំង​២​​​មាន​សក់​រួញ​អង្កាញ់ នោះ​កូន​ក៏​អាច​មាន​សក់​ត្រង់​ដែរ ប្រសិន​បើ​​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​មាន​សក់​ត្រង់។

​សរុប​មក គេ​អាច​ព្យាករណ៍​ថា​ទារក​កើត​មក​នឹង​មាន​ភិនភាគ​ដូចម្ដេច​ខ្លះ ដោយ​ការ​សង្កេត​មើល​រូបថត​ឪពុកម្តាយ​​ដោយ​យក​ចិត្ត​ទុកដាក់​ទៅ​លើ (ច្រមុះ​ស្រួច​ឬ​បាក់ សក់​រួញ​ឬ​ត្រង់ ភ្នែក​ពណ៌​ត្នោត​ឬ) ព្រោះ​ចំណុច​​ទាំង​នេះ​ជា​ហ្ស៊ែន​ខ្លាំង​លេច​ធ្លោ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុខ លាងហ៊ត