ថាអីចេះខុស! អ្នកទៅលេងមណ្ឌលគីរីថ្ងៃអុំទូក រៀបរាប់ចង់អួលដើមក រឿងរកកន្លែងអត់បាន

  • 2018-11-26 03:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 49

ចន្លោះមិនឃើញ

ខេត្ត​មណ្ឌលគីរី បាន​ក្លាយ​ជា​គោលដៅ​ដំណើរ​កម្សាន្ត របស់​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​បំផុត រហូត​ដល់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ ក៏​ដូចជា​រីសត ផ្សេងៗ​មិន​អាច​រក​កន្លែង​ឲ្យ​ភ្ញៀវ​គេង​បាន។

លោក បញ្ញាស័ក្ដិ ដែល​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​រាប់​ពាន់​នាក់ បាន​ទៅ​លេង​ខេត្ត​មណ្ឌលគីរី នៅ​ថ្ងៃ​ឈប់​សម្រាក នៃ​ព្រះរាជ​ពិធី​បុណ្យ បាន​ប្រាប់ Sabay ថា​លោក និង​គ្រួសារ​មិន​បាន​កក់​ផ្ទះ​សំណាក់​ទុក​មុន​ នៅ​ទី​បំផុត​លោក​ត្រូវ​បក​ត្រឡប់​ទៅ​ខេត្ត​រតនគីរី​ទាំង​កណ្ដាល​យប់​ដើម្បី​ រក​កន្លែង​គេង។ អ្នក​ភ្នំពេញ​រូប​នេះ ​បន្ត​ថា លោក​បាន​រក​កន្លែង​គេង​មិន​តិច​ជាង​២០​កន្លែង​ឡើយ ជិះ​បក​ចុះ​បក​ឡើង រហូត​ដល់​ម៉ោង​១១​យប់ នៅ​តែ​រក​មិន​បាន។

លោក​បន្ត​ទាំង​អួល​ដើម​ក​ថា មាន​កូន​តូច​ៗ​ផង ខ្លះ​យំ ខ្លះ​ស្រែក​ពេញ​ឡាន ព្រោះ​ឃ្លាន​ផង ងងុយ​ផង។ លោក​ចាត់​ទុក​ថា នេះ​ជា​មេរៀន​មួយ ប្រសិន​បើ​ចង់​ទៅ​លេង​ខែ​បុណ្យ​ទាន ជា​ពិសេស​ក្នុង​អំឡុង​ខែ​១១ ឬ​ខែ​១២ គួរ​កក់​កន្លែង​គេង​មុន​យ៉ាង​តិច​ឲ្យ​បាន​១ខែ ទៅ​២​ខែ។ លោក ក៏​ប្រាប់​ដែរ​ថា ដោយ​សារ​សមាជិក​គ្រួសារ​លោក​ច្រើន​ពេក ទើប​មិន​ហ៊ាន​សុំ​ផ្ទះ​អ្នក​ស្រុក​ស្នាក់​នៅ។

ដោយ​ឡែក ក៏​មាន​ភ្ញៀវ​ទេសចរ ជា​ច្រើន​ផ្សេង​ទៀត​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ពី​បញ្ហា​រក​កន្លែង​គេង​មិន​បាន ក្នុង​អំឡុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​មណ្ឌលគីរី​នេះ។

ចំពោះ​ផ្ទះ​សំណាក់ សណ្ឋាគារ និង​រីសត បើ​តាម​ការ​សាកសួរ​ពី​ក្រុម​ការងារ Sabay បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ចាប់​ផ្ដើម​កក់​តាំង​ពី​ខែ​កក្កដា ​មក​ម្ល៉េះ។ ដូច្នេះ​អ្នក​ដែល​មាន​គម្រោង​ទៅ​ភ្លាមៗ ពិបាក​បន្តិច​ហើយ​រឿង​រក​កន្លែង​គេង មិន​ថា​កន្លែង​ល្បី ឬ​មិន​ល្បី​ពេញៗ​ទាំង​អស់។ ក្នុង​នោះ​ តម្លៃ​ស្នាក់​នៅ​ក៏​មាន​ការ​កើន​ឡើង​ដែរ កន្លែង​ខ្លះ​១​យប់ ១០ ឬ​១៥​ដុល្លារ ឡើង​ដល់​៣០ ទៅ​៣៥​ដុល្លារ។ រី​ឯ​រីសត និង​សណ្ឋាគារ​ខ្លះ ឡើង​ពី​តម្លៃ ៤០ ឬ​៥០​ដុល្លារ ក្នុង​១​យប់ ទៅ​ដល់ ៦០ ទៅ​៧០​ដុល្លារ។

បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍ ខេត្ត​មណ្ឌល​គិរី​បាន​ឲ្យ​ដឹង​ថា ​ទេសចរ​ដែល​ទៅ​ទស្សនា​ក្នុង​ខេត្តមណ្ឌលគិរី ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មាន​ចំនួនសរុប ២២ ៦៤១នាក់ ក្នុងនោះ​ទេសចរជាតិចំនួន ២២ ២៣៣នាក់ ទេសចរអន្តរជាតិចំនួន ៤០៨នាក់ ធៀបនឹងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៧ សរុបចំនួន ១៣ ៧៧២នាក់ ក្នុងនោះទេសចរជាតិ ១៣ ៤៧៦នាក់ ទេសចរអន្តរជាតិ ២៩៦នាក់ កើនសរុប ៦៤,៣៩% ទេសចរអន្តរជាតិកើន ៣៧,៨៣%។ ការងារសន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងខេត្ត មានភាពល្អប្រសើរ៕


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ