អ្នក​គ្រប់គ្រង​កីឡាករ​ទៅ​វ៉ៃ​នៅ ONE​ តស៊ូ​ដើម្បី​កម្ពុជាលើឆាកអន្តរជាតិ​

  • 2018-11-27 03:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គ្រប់​ក្រុម​កីឡាករ​​​ទៅ​ប្រកួត​នៅ​សង្វៀន​ ONE​ លោក​ Jose Conway​ ​បាន​មក​ស្រុក​ខ្មែរ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០១៥ ដែល​ធ្វើ​ឲ្យ​ លោក​មិន​នឹក​ស្មាន​ថា​ខ្លួន​អាច​ភ្ជាប់​និស្ស័យ​ជា​មួយ​​កីឡាករ​គុន​ខ្មែរ​ ចាន់​ រតនា​ ឡើយ។

លោក​ Conway និង​ ចាន់​ រតនា​ សព្វ​ថ្ងៃ​មាន​ទំនាក់ទំនង​ជិត​ស្និត។ ពួក​គាត់​បាន​ចាប់​ដៃ​គ្នា​ដើរ​ប្រមូល​ផ្តុំ​អ្នក​ស្នេហា​វិស័យ​ក្បាច់​គុន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ក្នុង​ឆន្ទៈ​​លើក​ស្ទួយ​កីឡា​នេះ​ដើម្បី​ប្រឡូក​ក្នុង​ពិភព​គុន​ក្នុង​ស្តង់ដារ​កម្រិត​​ខ្ពស់។ ពួក​គាត់​ក៏​បាន​បញ្ចូល​សមាជិក​ថ្មី​ទៀត​ផង​ដែរ​រួម​មាន​ជើង​ខ្លាំង​មក​ពី​ប្រទេស​ភូមា​ ភូ​ ថាវ​ និង​កីឡាករ​ខ្មែរ​-​អាមេរិក​ អម​ សុផាណារិទ្ធ។

ចាន់ រតនា (ស្តាំទី១) លោក Conway (ស្តាំទី​២) សុផាណារិទ្ធ (ឆ្វេង​ទី១) និងភូ ថាវ

Conway ដែល​មាន​ដើម​កំណើត​នៅ​សហរដ្ឋ​អាមេរិក​​បាន​រំលឹក​ថា ៖«ខ្ញុំ​ពិត​ជា​រំភើប​ ជា​មួយ​អ្វី​ដែល​ពួក​គាត់​កំពុង​ធ្វើ​ណាស់​ ទាំង​ការ​បង្ហាត់​ក្បាច់​គុន​ និង​ការ​ចាក់​ដោត​វប្បធម៌​របស់​ក្បាច់​គុន​ខ្មែរ​ ​ក៏​ដូច​ជា​យុទ្ធ​គុន​ខម។​ពេល​នោះ​ខ្ញុំ​បង្កើត​កម្មវិធី​សប្បុរស​ធម៌​មួយ​ឈ្មោះ​​ ប្រយុទ្ធ​ដើម្បី​កម្ពុជា​ «Fight​ For​ Cambodia»​ ដើម្បី​​រក​​ប្រាក់​ទ្រទ្រង់​វិស័យ​អប់រំ​ និង​ វិស័យ​ក្បាច់​គុន​ ជា​អ្វី​ដែល​ក្លឹប​«សិល្បៈ»​ព្យាយាម​ធ្វើ​សព្វ​ថ្ងៃនេះ»។

លោក​ ​Conway​ ​ដែល​មាន​ស្រុក​កំណើត​នៅ​ទី​ក្រុង​បូស្តុន​ និង​មាន​ជំនាញ​​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ជឿ​ជាក់​ថា ខ្លួន​អាច​ប្រើ​ប្រាស់​ជំនាញ​របស់​ខ្លួន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពិភព​លោក​ឲ្យ​បាន​ខ្ទរខ្ទារ​បន្ថែម​ពី​កីឡា​ក្បាច់​គុន​កម្ពុជា។

«យើង​ជួយ​គ្នា​ច្រើន​ទាក់​ទង​នឹង​ការ​ឲ្យ​តម្លៃ​ ក៏​ដូច​ជា​ឆន្ទៈ​ក្នុង​ការ​ប្រើ​ប្រាស់​ក្បាច់​គុន​ចម្រុះ​សម្រាប់​ជួយ​ផ្លាស់​ប្តូរ​ជីវិត​របស់​ពួក​គាត់​ឲ្យ​ល្អ​ឡើង។ យើង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ ចូល​រួម​ជួយ​ពិភព​លោក​តាម​រយៈ​ក្បាច់​គុន។ យើង​ជឿ​ថា​ ក្បាច់​គុន​បង្រួប​បង្រួម​មនុស្ស​ជាតិ​ចូល​គ្នា»។

នា​ថ្ងៃ​សុក្រ​ ទី​៧​ ខែ​ធ្នូ​ ខាង​មុខ​នេះ​ ចាន់​ រតនា​ នឹង​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ជើង​ខ្លាំង​វ៉ៃ​មិន​ធ្លាប់​ចាញ់​របស់​ឥណ្ឌូណេស៊ី​ នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​អាស៊ី​ ONE: DESTINY OF CHAMPIONS ក្នុង​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។ ក្រៅ​ពី​មាន​វត្តមាន​ ចាន់​ រតនា​ លើ​ឆាក​អន្តរជាតិ​នេះ កីឡា​ការិនី​ទើប​រះ​ថ្មី​ ឯម​ សុវណ្ណា​ ក៏​ បង្ហាញ​ខ្លួន​តំណាង​ឲ្យ​កម្ពុជា​ដែរ។

ក្បាច់​គុន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​រីក​ចម្រើន​ខ្លាំង​ ដោយ​សារ​មាន​ស្ថាប័ន​​ប្រដាល់​​យក្ស​ជា​ច្រើន​បាន​ដឹក​នាំ​វិស័យ​នេះ​ដូច​ជា​សង្វៀន​​ ONE​ Championship​ ជា​ដើម​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​បញ្ចេញ​សមត្ថភាព​ ឡើង​ប្រយុទ្ធ​ក្នុង​កម្រិត​ស្តង់ដារ។

លោក​ Conway ​មើល​ឃើញ​ពី​ទេពកោសល្យ​របស់​កីឡាករ​កម្ពុជា​ ប៉ុន្តែ​ក៏​ទទួល​ស្គាល់​ថា​ កម្ពុជា​ត្រូវ​ការ​ផ្លាស់​ប្តូរ​ច្រើន​​ទៀត​ បើ​ចង់​មាន​អ្នក​ប្រយុទ្ធ​ខ្លាំង​ៗ​កម្រិត​ពិភព​លោក។ លោក​ថា​៖ «​នៅ​ក្នុង​ប្រទេស​ ម្នាក់​ៗ​មាន​កម្រិត​​ប្រហាក់ប្រហែល​គ្នា​ ប៉ុន្តែ​​ពេល​ឡើង​ប្រកួត​អន្តរជាតិ​​ទើប​ដឹង​ថា​ គេ​ខ្លាំង​ៗ​ ដោយ​សារ​គេ​មាន​លុយ​សម្រាប់​ការ​ហ្វឹកហាត់ អាហារ​ ក្លឹប​ហាត់​​ពោរពេញ​ដោយ​សម្ភារៈ​ទំនើប​ សំបូរ​អ្នក​ជំនាញ​ជួយ​បង្ហាត់​​ទាំង​កម្លំាង​កាយ និង​ស្មារតី​​ស្រប​តាម​គោលការណ៍​ត្រឹម​ត្រូវ។ ប្រសិន​បើ​យើង​មាន​អ្វី​ៗ​គ្រប់​គ្រាន់​ដូច​គេ​ យើង​ក៏​មិន​អន់​ជាង​គេ​ដែរ។ យ៉ាង​ណា​ អ្វី​ដែល​កីឡាករ​មាន​សព្វ​ថ្ងៃ​ក៏​ល្អ​ហើយ»។

ក្នុង​ឆ្នាំ​២០១៨​​នេះ​ឃើញ​ថា ចលនា​ក្នុង​វិស័យ​កីឡា​​កម្ពុជា​ជា​ច្រើន​មាន​សកម្មភាព​រួម​ទាំង​ការ​​បើក​សហព័ន្ធ​យុទ្ធ​គុន​ចម្រុះ​ កីឡាករ​ កីឡា​ការិនី​​ជា​ច្រើន​​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដូច​ជា​នៅ​សង្វៀន​ ONE Championship​ ជា​ដើម។

លោក​ Conway រំពឹង​ថា នៅ​ឆ្នាំ​២០១៩​ខាង​កម្ពុជា​ កីឡា​គុន​ចម្រុះ​កម្ពុជា​ និង​ប្រដាល់​គុន​ខ្មែរ​កាន់​តែ​រីក​សាយ​លើ​ឆាក​អន្តរជាតិ។ «ខ្ញុំ​បាន​និយាយ​ជា​មួយ​លោក​ ហ៊ុន​ ច័ន្ទរាជ​ ​អំពី​សហព័ន្ធ​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ ដើម្បី​​រក​​មធ្យោបាយ​ធ្វើ​ការ​ជា​មួយ​គ្នា​សម្រាប់​លើក​ស្ទួយ​វិស័យ​នេះ»៕

អត្ថបទ៖ Matias Andres

អត្ថបទពេញនិយម