ចំណុច​អ្នក​បើក​បរ​គួរ​ដឹង ប្រ​យ័ត្ន​ជាប់ពន្ធនាគារ​ដោយ​សារអំពើល្មើស​របស់​ខ្លួន​

  • 2018-11-27 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តាម​បណ្តាញ​សារព័ត៌មាន​ ស្ទើ​ររាល់ថ្ងៃ​មាន​សេចក្តី​រាយការណ៍​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​តាម​ដង​ផ្លូវ មាន​ខ្លះ​កើត​ចេញពី​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង បើក​បរ​លឿន និង​មិន​គោរពសិទ្ធិ​អាទិភាព​ជាដើម។

(រថយន្ត និង​ម៉ូតូ​កំពុង​បើក​ត្រឡប់​ក្រោយ​ត្រង់​សញ្ញា​ហាមបត់​)

ក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​មាន​មាត្រា​មួយ​ចំនួន​ចែង​ពីទោសទណ្ឌ​ដល់​អ្នក​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង បើក​បរ​ដោយ​ធ្វេសប្រហែស និង​ខ្ជីខ្ជា​ជា​ដើ។​

មាត្រា៧៧​នៃ​ច្បាប់ចរាចរណ៍​ផ្លូវ​គោក​ចែង​ថា​ជនជណា​បើក​បរ​ក្នុង​ស្ថានភាព​ស្រ​វឹង​មានជាតិ​អាល់​កុល​ចាប់ពី​០,៤០​មីលីក្រាម​ក្នុង​មួយ​លីត្រខ្យល់​ឡើ​ងទៅ​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​មួយ​ខែ ទៅ​ប្រាំមួយ​ខែ និង​ពិន័យជា​ប្រាក់ពី​ប្រាំបីសែន ទៅ​បួន​លាន​រៀល។

នៅ​ត្រង់មាត្រា​៨៣​ចែងថា​ជនណា​បើក​បរ​ខ្ជីខ្ជា ធ្វេស​ប្រហែស មិន​ប្រុង​ប្រ​យ័ត្ន មិន​គោរព​បទ​បញ្ញត្តិ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក បង្កឲ្យ​អ្នក​ផ្សេង​មាន​របួស អសមត្ថភាព​បំពេញ​ការងារ​ស្មើ ឬលើសពី​ប្រាំបី​ថ្ងៃ​ចាប់ពី​ថ្ងៃ​កើត​ហេតុ ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពីប្រាំមួយ​ខែ ដល់​ពីរ​ឆ្នាំ និង​ពិន័យជា​ប្រាក់​ពី ពីរ​លានទៅ​ដល់​១០​លាន​រៀល។ ក្រៅពី​នេះ​អាច​នៅមាន​ជាប់​ទោស​បន្ថែម​ដែលមាន​ចែង​ក្នុង​មាត្រា​៥៣​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ដូច​ជាការ​ព្យួរ​លិខិត​បើក​បរ និង​ការ​ហាម​ឃាត់​បើក​បរ​យាន​គ្រប់ប្រ​ភេទ​ជា​ដើម។​

មាត្រា​ដដែល​ចែង​បន្តថា​ចំពោះ​អ្នក​បង្កគ្រោះ​ថ្នាក់​ចរាចរណ៍​ហើយ​រត់​គេច​មិន​ចង់ទទួល​ខុសត្រូវ​ ឬ​​បង្កឲ្យ​មាន​អ្នក​របួស​ច្រើន​នាក់នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​មួយ​ឆ្នាំទៅ​បីឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី​បួន​លានទៅ​១៥​លាន​រៀល។

ចំណែក​​អ្នក​បើក​បរ​ខ្ជីខ្ជា ធ្វេស​ប្រហែង​បង្ក​ឲ្យ​មាន​អ្នកស្លាប់​វិញមាត្រា៨៥​ចែង​ថា​ត្រូវ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ​ពី​មួយ​ឆ្នាំទៅ​បី​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី​បួន​លាន​រៀល​ទៅ​១៥លាន​រៀល។ ក្នុង​ករណី​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់ច្រើន​នាក់​ត្រូវ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគា​រ​ពី​ពីរ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី​១០​លាន​ទៅ​ដល់​២៥​លាន​រៀល៕

អត្ថបទ៖ ទូច សុខា