“ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌​លើក​ទី​៦” ត្រឡប់​មក​វិញ​ម្ដង​ទៀត​ហើយ តើ​មាន​អ្វី​ប្លែក​សម្រាប់​ឆ្នាំ​នេះ

  • 2018-11-28 02:20:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ព្រឹត្តិ​ការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌​លើកទី៦​” ជា​កម្មវិធី​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្លឹប​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ប្រចាំ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដោយ​ទទួល​ការ​អនុញ្ញាត និង​គាំទ្រ​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​ស្នាក់​ការ​កណ្ដាល​កាក​បាទ​ក្រហម​កម្ពុជា ។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី០៨​ ខែ​ធ្នូ ឆ្នាំ២០១៨ នេះ ចាប់​ពី​វេលា​ម៉ោង​ ៨:០០ នាទី​ព្រឹក រហូត​ដល់​ម៉ោង ៩:០០ នាទី​យប់ នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។

កម្មវិធី “ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌​លើក​ទី​៦​” ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ធំៗ​ចំនួន ៣ គឺ៖

  • ១, គម្រោង​ទី ១ “​ក្ដី​សង្ឃឹម” ​

“ក្តី​សង្ឃឹម” ជា​គម្រោង​ទី​១ នៃ​កម្ម​វិធី​ “ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌​លើក​ទី​៦​” ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​នៅ​ក្នុង​ឆ្នាំ​មូលដ្ឋាន នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដោយ​ផ្តល់​ជូន​ពួកគាត់​នូវ​ប្រាក់​ឧបត្ថម្ភ​ជា​រៀង​រាល់​ខែ ដើម្បី​សម្រួល​បន្ទុក​លើ​ការ​ចំណាយ​មួយ​ចំនួន​របស់​ពួកគាត់​ក្នុង​ការ​សិក្សា។

  • ២, គម្រោង​ទី ២ “មួយ​ជំហាន​ដើម្បី​ការ​អប់រំ”​

“មួយ​ជំហាន​ដើម្បី​ការ​អប់រំ” ជា​គម្រោង​ទី​២ នៃ​កម្មវិធី “ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌​លើកទី ៦​”​ ដែល​ត្រូវ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​សាលា​បឋម​សិក្សា​មួយ​ចំនួន​នៅ​តាម​តំបន់​ដាច់​ស្រយាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​បញ្ហា​ខ្វះ​ខាត​ទៅ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ក្នុង​សាលា​រៀន ។

  • ៣,​ គម្រោងទី៣ “ពន្លឺ​សប្បុរសធម៌

ពន្លឺ​សប្បុរសធម៌” ជា​គម្រោង​ទី​៣ នៃ​កម្មវិធី “ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌​លើក​ទី​៦​”​ ដែល​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​និស្សិត​ទូទៅ​នៅ​ក្នុង​វិទ្យាស្ថាន ដែល​ជួប​បញ្ហា​ផ្សេងៗ​ដូចជា៖ គ្រោះថ្នាក់​ចរាចរណ៍ មាន​ជំងឺ សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​ស្លាប់​ដែល​ត្រូវ​ការ​ជំនួយ​ឧបត្ថម្ភ​ជាដើម តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ជូន​ដល់​ពួក​គាត់ ។

កម្មវិធី ​ “ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌” ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ ៣ ០០០​នាក់ មក​ពី​១៨​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទូទាំង​រាជធានី​ភ្នំពេញ។

ជាមួយ​គ្នា​នេះ​ដែរ កម្មវិធី “ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌​លើក​ទី​៦” ក៏​មាន​ការ​អញ្ជើញ​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ផលិត​កម្ម​សាន់​ដេ (Sunday) ផលិត​កម្ម​ថោន (Town) និង​តារា​ចម្រៀង Original Song ល្បីៗ​ផងដែរ​។​ ក្នុង​នោះ​ក៏​មាន​ការ​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល សេវា​កម្ម​ផ្សេងៗ​ពី​ក្រុមហ៊ុន​ដែល​ជា​ដៃ​គូ​ហាសការណ៍​របស់​យើង ​និង​ស្នាដៃ​របស់​និស្សិត​ប្រចាំ​មហា​វិទ្យាល័យ​នីមួយៗ​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ អ្វី​ដែល​ពិសេស​នោះ កម្មវិធី “ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្រ្តី​សប្បុរសធម៌​លើក​ទី​៦” ក៏​មាន​បញ្ចូល​នូវ​ផ្ទាំង​ទស្សនីយភាព​ល្ខោន​បុរាណ​ខ្មែរ ​ការ​សម្តែង​ក្បាច់​គុណ​ខ្មែរ​យុទ្ធ​ក្រម​ខម​មហានគរ ការ​សម្ដែង​ជា​លក្ខណៈ​ប្រពៃណី និង​សម័យ ពី​សំណាក់​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្ទាល់ និង​មាន​ការ​រំា​លេង​កម្សាន្ត​នៅ​ពេល​ល្ងាច​ផងដែរ ។

គួរ​បញ្ជាក់​ផងដែរ​ថា កម្មវិធី “ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្រ្តី​សប្បុរសធម៌​លើក​ទី​៦” នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី០៨ ខែ​ធ្នូ ឆ្នាំ ២០១៨ នេះ ចាប់ពី​វេលា​ម៉ោង ០៨ : ០០ នាទី​ព្រឹក រហូតដល់ ០៩ : ០០ នាទី​យប់ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហើយ​តម្លៃ​សំបុត្រ​ចូល​រួម​កម្មវិធី ត្រឹមតែ ៦ ០០០រៀល តែ​ប៉ុណ្ណោះ ដែល​អាច​រក​ជាវ​បាន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា៕  

អត្ថបទ៖ ដៃគូសហការ