ឃើញឈ្មោះកុំទាន់អាលសើច! អ្នកធ្វើត្រីងៀតក្ដចិន រកចំណូលបាន១ថ្ងៃៗកប់ក្ដោង
- 2018-11-28 01:58:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញឈ្មោះកុំទាន់អាលសើច! អ្នកធ្វើត្រីងៀតក្ដចិន រកចំណូលបាន១ថ្ងៃៗកប់ក្ដោង
ចន្លោះមិនឃើញ
ត្រីងៀតក្ដចិន ជារបររកស៊ីមួយ របស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជាយូរណាស់មកហើយ ប៉ុន្តែមិនសូវមានអ្នកស្គាល់ច្រើន។ ដោយឡែកថ្មីៗនេះ មានការចែករំលែកជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម ពីយីហោត្រីងៀត ដ៏ចម្លែកគ្មាន២នេះ។ តែបើបានដឹងពីចំណូលអ្នកធ្វើត្រីងៀតក្ដចិននេះ គឺមិនធម្មតាឡើយ។
«ខ្ញុំផាត់ចំណាយប្រចាំថ្ងៃហើយជាមធ្យមសល់ជាង ១០ម៉ឺនរៀល ពីការធ្វើ និងលក់ត្រីងៀតក្ដចិន»។ នេះជាការរៀបរាប់របស់អ្នកស្រី សោម សាវឿន វ័យ ៤៤ឆ្នាំ ដែលជាអ្នកធ្វើងៀតត្រីក្ដចិន នៅទំនប់កោះព្រាប (ទំនប់រលកចាស់) សង្កាត់ ០១ ក្រុង-ខេត្ត ព្រះសីហនុ។
អ្នកខេត្តព្រៃវែង ដែលបានទៅរស់នៅខេត្តព្រះសីហនុអំឡុងឆ្នាំ ២០១៣ បានឲ្យដឹងថា ដើមឡើយអ្នកស្រី បានធ្វើការងារជាកម្មកររោងចក្រ ប៉ុន្តែ ធ្វើការហត់ និងប្រាក់ខែតិច ចាយមិនគ្រប់ ក៏ល្បីថា ត្រីក្ដចិន ធ្វើងៀតឆ្ងាញ់ ក៏ងាកមកចាប់អាជីពនេះ ក៏ឃើញថា កាក់កបជាងធ្វើការឲ្យគេ។
«យើងធ្វើការឲ្យគេមិនស្រួលប៉ុន្មានទេ ហត់ក៏ហត់ ហើយបានប្រាក់តិច តែយើងរកស៊ីខ្លួនឯងហត់តែបានលុយច្រើន។ ខ្ញុំអាចលក់ត្រីបានប្រមាណជា ១០គីឡូក្នុង១ថ្ងៃ ដោយក្នុង១គីឡូ លក់បាន ១៨ ០០០-២០ ០០០រៀល ដូច្នេះខ្ញុំចំណាយហើយអាចសល់បានជាង ១០ម៉ឺនរៀល ក្នុង១ថ្ងៃ។
ចំពោះទីផ្សារមិនខ្វះទេ ភ្ញៀវទេសចរដែលបានទៅលេងខេត្តព្រះសីហនុ រមែងទៅដល់ទំនប់រលក និងឆ្លៀតសួររកត្រីងៀតក្ដចិន ទិញត្រឡប់យកទៅផ្ទះទុកញុំា។ មួយទៀត មាននៅភ្នំពេញ កំពង់ចាម និង ខេត្តកំពង់ធំ កុម្ម៉ង់ យកទៅលក់ ដូច្នេះខ្ញុំដាក់តាមឡានផ្ញើទៅឲ្យគេ។ «ខ្ញុំលក់បានទាំងនៅផ្ទះ និងលក់តាមខេត្តផ្សេងៗ»។
ចំណុចពិសេសរបស់ត្រីងៀតក្ដចិន គឺមានសាច់ច្រើន និងរស់ជាតិឆ្ងាញ់ប្លែកពីគេ។ គ្រឿងផ្សំនៃត្រីងៀតនេះ មានតែ ប៊ីចេង ស្ករ រំដេង និង ម្ទេសក្រៀមប៉ុណ្ណោះ។ ដូច្នេះក្រោយពេលវះ និងប្រឡាក់រួច ហាលថ្ងៃប្រហែលពីរថ្ងៃអាច យកទៅលក់បានហើយ។
ទាក់ទងនឹងឈ្មោះត្រីនេះ អ្នកស្រីមិនបានដឹងច្បាស់នោះទេ ប៉ុន្តែអ្នកខេត្តខេត្តព្រះសីហនុ គេនិយាយឈ្មោះត្រីនេះតាំងពីដើមមក រហូតដល់ពេលបច្ចុប្បន្ន។ ម៉្លោះហើយមានភ្ញៀវខ្លះប្លែកនឹងឈ្មោះ ក៏ទិញយកទៅសាករសជាតិ ត្រីងៀតក្ដចិននេះ ហើយខ្លះសរសើរថា ត្រីនេះពិតជាឆ្ងាញ់៕