សារ៉េថ្ងៃគ្នាឲ្យហើយទៅ! ៤កន្លែងទេសភាពស្អាតកប់សារី បានទៅលេងចុងឆ្នាំល្អបំផុត

  • 2018-11-28 04:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​ឆ្នាំ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត សម្រាប់​មនុស្ស​គ្រប់​គ្នា ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​នានា។ ថ្ងៃ​នេះ​សូម​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​តំបន់​ទេសចរណ៍​ធម្មជាតិ ៤​កន្លែង អាច​និយាយ​បាន​ថា ប្រសិន​បើ​ទៅ​អំឡុង​ខែ​នេះ ឬ​ចុង​ឆ្នាំ គឺ​មាន​ទេសភាព​ស្អាត​ខ្លាំង​តែ​ម្ដង។ សូម​ទៅ​ស្គាល់​ទាំង​អស់​គ្នា​ណា៖

១. ភ្នំដូង​កន្លែង​កម្សាន្ត​ថ្មី​នៅ​កំពត

ភ្នំដូង​ជា​កន្លែង​ដើរ​លេង​ថ្មី​មួយ​ទៀត មិន​សូវ​មាន​អ្នក​ស្គាល់ ប៉ុន្តែ​បើ​និយាយ​ពី​ទេសភាព​វិញ​ស្អាត​ខ្លាំង បំផុត។ បើ​តាម​យុវតី​វ័យ​ក្មេង​ ធាវី ទើប​តែ​បាន​ទៅ​ដល់​ទីនោះ​លើក​ទី១ ប្រាប់​ Sabay ថា​នៅ​ទីនោះ​ស្ងប់ស្ងាត់ និង​ខ្យល់​អាកាស​បរិសុទ្ធ​ល្អណាស់ ជា​ពិសេស​មាន​ដូង​ទេរ​ស្អាតៗ ខ្សាច់​ពណ៌​ដូច​មាស ស្អាតខ្លាំងពិបាករកអ្វីប្រដូច ឲ្យស័ក្ដិសមនឹងសម្រស់ដ៏ត្រកាលមួយនេះ។

រូបភាព៖ ផ្ដល់សិទ្ធិ

អ្វី​ដែល​ធ្វើ​ឲ្យ​យុវតី​វ័យ​១៨​ឆ្នាំ ចូល​ចិត្ត​ការ​ថត​រូប​លេង​កម្សាន្ត​កាន់​តែ​ភ្ញាក់​ផ្អើល​នោះ គឺ​មាន​ភ្នំ​ខ្ពស់​ទាប​ហ៊ុមព័ទ្ធ​ជុំ​វិញ​ច្រូងច្រាង ជួយ​បង្កើត​សម្រស់​នៅ​ទីនោះ​កាន់​តែ​អស្ចារ្យ​ឡើង មិន​ចាញ់​ស្រុក​គេ​ឡើយ។ អ្នក​ខេត្ត​កំពត​រូប​នេះ​បន្ត​ថា យើង​អាច​ឈរ​ពី​កន្លែង​នោះ​មើល​ឃើញ​ទៅ​ដល់​ទឹក​ដី​ខេត្ត​កែប និង​កោះត្រល់​ទៀត​ផង។

រូបភាព៖ ផ្ដល់សិទ្ធិ

ទើប​តែ​ទៅ​លើក​ទី​១​ដែរ​យុវតី​រូប​នេះ​ប្រាប់​ទាំង​សើច​កក្អឹក​ថា មិន​ទាន់​ស្គាល់​ឈ្មោះ​ភូមិ​ ឃុំ នៅ​ទី​នោះ​ទេ តែ​ដឹង​តែ​ថា មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីរួម​ខេត្ត​កំពត ជិះ​ទៅ​តាម​ផ្លូវ​វត្ត​ត្រើយ​កោះ ហួស​ស្រែ​អំបិល​បន្តិច​ នឹង​ទៅ​ដល់​ទីនោះ​ហើយ។

រូបភាព៖ ផ្ដល់សិទ្ធិ
រូបភាព៖ ផ្ដល់សិទ្ធិ

២.ឧទ្យាន​ជាតិ​វីរៈជ័យ

លាត​សន្ធឹង​លើ​ផ្ទៃ​ដី​រាប់​រយ​ហិកតា គ្រប​ដណ្ដប់​ដោយ​វាល​ស្មៅ​ដ៏​ខៀវខ្ចី នៅ​លើ​កំពូល​ភ្នំ​ដ៏​ស្រស់​ស្អាត មាន​ដើម​រុក្ខជាតិ​តូច​ធំ ទទួល​ពន្លឺ​ព្រះអាទិត្យ​យ៉ាង​ច្បាស់ បាន​ធ្វើ​ឧទ្យាន​ជាតិ​វីរៈជ័យ​ក្លាយ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ទាក់ទាញ​បំផុត នៅ​លើ​ទឹកដី​ខេត្ត​រតនគីរី និង​ស្ទឹង​ត្រែង។

រូបភាព៖ ផ្ដល់សិទ្ធិ

ស្ថិត​នៅ​ភូមិភាគ​ប៉ែក​ឦសាន នៃ​ប្រទេស​កម្ពុជា ឧទ្យាន​ជាតិ​វីរៈជ័យ គឺ​ជា​កន្លែង​លំហែ​អារម្មណ៍ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​ល្អ​បរិសុទ្ធ​មួយ​មិន​គួរ​មើល​រំលង។ ធម្មជាតិ​បាន​បង្កើត​ផ្ទាំង​ទស្សនីយភាព​ជា​ច្រើន ​​ក្នុង​ឧទ្យាន​មួយ​នេះ​សឹង​មិន​ជឿ​នឹង​ភ្នែក​​មាន​ទាំង​ដើម​ឈើ​ចម្រុះ​ពណ៌​យ៉ាង​ស្រស់​បំព្រង​នៅ​តាម​ដង​អូរ និង​សត្វព្រៃ​ជាច្រើន​កំពុង​សំងំ​រស់នៅ​យ៉ាង​មាន​សេចក្ដី​សុខ​ដូចជា សត្វ​ស្វា​កន្ទុយ​ស ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លា​ពពក ខ្ទីង និង ខ្លា​ឃ្មុំ​ជាដើម។

រូបភាព៖ ផ្ដល់សិទ្ធិ

ធ្វើ​ដំណើរ​ផ្សង​ព្រេង​បន្ត​ទៅ​មុខ​ទៀត ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ នឹង​ភ្លាំង​ភ្លឹក​ស្មារតី​ជាមួយ​សម្រស់​ទឹកជ្រោះ​ដ៏​ស្រស់​ត្រកាល​នៅ​កណ្ដាល​ព្រៃ​ស្រោង​មួយ​ហៅ​ថា​ ទឹក​ជ្រោះ​យក្ស​កែ។ ទឹក​ធ្លាក់​ហូរ​ពីលើ​កំពូល​ភ្នំ​ បង្កើត​ជា​សូរសៀង​គគ្រឹកគគ្រាក់ លាយ​ឡំ​ជាមួយ​សំឡេង​សត្វ​យំ អឺង​កង ចំណែក​ឯ​ទឹក​វិញ​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ដី​ ធ្វើ​ឱ្យ​ទប់​អារម្មណ៍​មិន​ជាប់​ចង់​តែ​ងូត​លេង​ឱ្យ​សប្បាយ​រីករាយ​។

រូបភាព៖ ផ្ដល់សិទ្ធិ

ដើម្បី​ទៅ​ដល់​ទីតាំង​​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី​នេះ អ្នក​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ស្រុក​តាវែង​ទៅ​ដល់​ភូមិ​មណ្ឌល​យ៉ន​ អ្នក​ទេសចរ​ត្រូវ​ឆ្លង​កាត់​ទន្លេ​សេសាន និង​អូរ​តាបូក​។ តាម​ផ្លូវ​ធ្វើ​ដំណើរ​អ្នក​ទេសចរ​អាច​មើល​ឃើញ​ផ្កា​ព្រៃ ទេសភាព​តាម​ដង​ព្រៃ​​មិន​ចេះ​ជិនណាយ។

រូបភាព៖ ផ្ដល់សិទ្ធិ
រូបភាព៖ ផ្ដល់សិទ្ធិ

៣. ទឹក​ជ្រោះ​កាចាញ​ខេត្ត​រតនគីរី

ទឹក​ជ្រោះ​កាចាញ ​មាន​កម្ពស់​ទឹក​ធ្លាក់​១២​ម៉ែត្រ ​​បែប​ធម្មជាតិ​សុទ្ធសាធ​​ ពុំ​​បាន​កែ​ច្នៃ​អ្វី​ឡើយ។ ភ្ញៀវ​​ អាច​លេង​ទឹក​បាន​ទាំង​នៅ​ខាង​លើ ឬ​នៅ​ខាង​ក្រោម​​ក្បែរ​ទឹក​ធ្លាក់ ​ហើយ​មាន​ស្ពាន​យោល​ប្រវែង​ប្រហែល​៣០​ម៉ែត្រ ដែល​សាង​សង់​កាល​ឆ្នាំ​២០០៥ ​ផង​ដែរ។ ចំពោះ​ឈ្មោះ​កាចាញ គឺ​ដោយ​សារ​កាល​ពី​យូរលង់ ​មាន​​តាយាយ​២​នាក់​ជនជាតិ​គ្រឹង ​ជា​អ្នក​ធ្វើ​ចម្ការ​រក​ឃើញ​ជ្រោះ​នេះ​មុន​គេ ក៏​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា "ទឹក​ជ្រោះ​កាចាញ” រហូត​ដល់​​សព្វ​ថ្ងៃ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​ ចៅ​ រ៉េត​ ​សមាជិក​ក្រុម​ប្រឹក្សា​​កាចាញ។

​ក្រៅ​ពី​ចំណុច​សំខាន់ៗ​ខាង​លើ​ រមណីយដ្ឋាន​​ទឹក​ជ្រោះ​កាចាញ​ ​នៅ​មាន​ផ្ទះ​កូន​កំលោះ​ ផ្ទះ​កូន​ក្រមុំ ​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​និង​លក់​អាហារ​សម្រន់​ជា​ដើម។ រីឯ​សំបុត្រ​ចូល​លេង​កម្សាន្ត​​ភ្ញៀវ​បរទេស​ ៣០០០​​រៀល, ​ភ្ញៀវ​ក្នុង​ស្រុក​ ៥០០រៀល, រថយន្ត​ធំ ​(ឡាន​ក្រុង) ១៥០០០​រៀល, រថយន្ត​ទេសចរណ៍ (សាមយ៉ុង) ៨០០០​រៀល, រថយន្ត​តូច​ ៤០០០​រៀល, កង់​បី​ ៣០០០​រៀល ​និង​ម៉ូតូ​តម្លៃ​ ​១៥០០​រៀល។

៤. តាតៃ​នៅ​កោះកុង

ទឹក​​ជ្រោះ​តាតៃ កោះ​អណ្ដែត កោះ​សា​ឡៅ តំបន់​ព្រះ​អាទិត្យ​​រៀប​លិច ព្រៃ​កោង​កាង ការ​ដើរ​កម្សាន្ត​ព្រៃ​ជា​ដើម គឺ​ជា​សក្ដានុពល​ដែល​មាន​នៅ​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​​​តាតៃ ដែល​ស្ថិត​ក្នុង​ទឹក​ដី ខេត្ត​កោះកុង ​ជា​ខេត្ត​​មាន​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​មួយ​របស់​កម្ពុជា។

ប្រសិន​បើ​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​​ត្រូវ​ឆ្លង​កាត់​ផ្លូវ ២៧០គីឡូម៉ែត្រ នោះ​​លោក​អ្នក​នឹង​ទៅ​ដល់​តំបន់​ទេសចរណ៍ តាតៃ ហើយ​ប្រសិន​បើ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត កោះ​កុង​វិញ​នោះ មាន​ចម្ងាយ​ប្រហែល​១៨គីឡូម៉ត្រ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម