អាជ្ញាធរ​បញ្ចេញ​ព័ត៌មាន​លម្អិត​ទាក់ទងនឹង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះ​សីហនុ

  • 2018-11-28 04:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សេចក្តី​រាយការណ៍​កន្លង​មក​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់ខេត្ត​ព្រះ​សីហនុ​គ្រោង​នឹង​ចាប់​សាង​សង់​នៅ​ឆ្នាំ​២០១៩ខាង​មុខ​នេះ។

កាលពី​ម្សិល​មិញ​មន្ត្រីជំនាញ​ក្រ​សួង​សាធារណការ និង​ដឹង​ជញ្ជូន​បាន​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ និង​បាន​បង្ហាញ​គម្រោង​លម្អិត​ពី​ផ្លូវ​មួយ​ខ្សែនេះ។ នេះបើ​តាម​ការ​ផ្សាយ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​នេះ។​

(រូបតំណាង)

ប្រ​ភព​ខាង​លើ​ឲ្យ​ដឹងថា​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ប្រវែង​១៩០​គីឡូម៉ែត្រ មាន​ទទឹង​២៤,៥​ម៉ែត្រ មាន​បួន​គន្លង​ដោយ​ពី​រគន្លង​ទៅ និងពីរ​គន្លង​មក បើក​បរ​ក្នុង​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ប្រ​ភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ផ្លូវ​នេះ​ចាប់​ចេញ​ពីផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​៣ រាជធានី​ភ្នំពេញ ទៅ​ចប់​នៅ​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ។

ផ្លូវ​នេះ​សិក្សា​ដោយ​ក្រុម​ហ៊ុន​ចិនChina Road and Bridge CorporatIon (CRBC) ជា​ប្រ​ភេទ​ផ្លូវ​​ក្រាល​កៅ​ស៊ូ AC ក្នុង​ទម្រង់​វិនិយោគ​សាងសង់ ប្រ​តិបត្តិ-ផ្ទេរ(BOT) ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កិច្ច​ព្រម​ព្រៀង​​សម្បទាន​កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ២០១៨។ ប្រ​ភព​ខាង​លើ​បញ្ជាក់។​

ផ្លូវ​នេះ​មានផ្លូវ​បំបែក​ប្តូរ​ទិស​ចំនួន​ប្រាំពី​រ​កន្លែង ស្ពាន​វែង និង​មធ្យម​៥៦​កន្លែង ស្ពានខ្លីចំនួន​៣៣​កន្លែង ស្ពាន​រំលង​ចំនួន​៣២១​កន្លែង និង​កន្លែង​ឈប់​សម្រាក​ចំនួន​បី​កន្លែង​។ ​ប្រ​ភព​ដដែល​បន្តថា​​ភាគី​ពាក់​ព័ន្ធ​នឹង​បន្ត​កិច្ច​ប្រ​ជុំ​អន្តរក្រ​សួង​ដើម្បី​​សម្រេច និង​ចាប់​ផ្តើម​សាងសង់​នៅ​ពេល​ខាង​មុខ​៕

អត្ថបទ៖ ទូច សុខា