ដូច​ការ​គិត​របស់​អ្នក​គាំទ្រ​ ចិត្រា​ ប៉ះ​ ប៊ុនហឿន​ វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2018-12-03 03:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​ដែល​អ្នក​គាំទ្រ​ទាយ​ទុក​មុន​នោះ​ ឥលូវ​នេះ​ក្លាយ​ជា​ការ​ពិត​ហើយ​ ដោយ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​ ទម្ងន់​ ៦០​គីឡូក្រាម​ ឡៅ​ ចិត្រា​ ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​យក​លុយ​ ២៤​លាន​រៀល​ជា​មួយ​ ចាន់​ ប៊ុនហឿន។​

អាជ្ញាកណ្ដាលរាប់កីឡាករឡាវ

ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់​មិញ​នេះ​ ពិត​ជា​ជក់ចិត្ត​ខ្លាំង​មែនទែន​ មិន​ថា​គូ​ ចាន់​ ប៊ុនហឿន​ ឬ​ ឡៅ​ ចិត្រា​ នោះ​ឡើយ។​ ពោល​អ្នក​ទាំង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មើល​សឹង​មិន​ហ៊ាន​ហើប​មាត់​ និង​មើល​ដោយ​បុក​ពោះ។​

ចាន់ ប៊ុនហឿន​ ឈ្នះ​ម្សិលមិញ

ប៊ុនហឿន​ ហាក់​ពិបាក​បន្តិច​នៅ​ទឹក​ទី១-២​ ដោយ​ចូល​មិន​ចុះ​ ជា​មួយ​កីឡាករ​ឡាវ​នោះ​ឡើយ​ ពោល​ចូល​ទៅ​ត្រូវ​របស់​គេ​ភាគ​ច្រើន។​ ជើង​ខ្លាំង​មក​ពី​ឡាវ​ ណាំផេត​ ម្នាក់​នេះ​គឺ​ទាត់​ធ្ងន់​ហើយ​រហ័ស​ ចំណែក​កណ្ដាប់ដៃ​វិញ​ វ៉ៃ​ត្រង់​ហើយ​លឿន​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​ខាង​ពិបាក​ចូល​ទៅ​វ៉ៃ​ជា​ខ្លាំង។​ ដើម​ទឹក​ទី៣​ ប៊ុនហឿន​ ប្ដូរ​វិធី​សាស្ត្រ​ថ្មី​ ចូល​ភ្លាម​បោះ​ជង្គង់​មួយ​ចោល​ រួច​ចាប់​ឡាវ​ម្នាក់​នោះ​វ៉ៃ​១ជង្គង់​ទៀត​ក៏​សន្លប់​តែ​ម្ដង​ទៅ។​

អាជ្ញាកណ្ដាលរាប់កីឡាករថៃ

ចំណែក​គូ​ ចិត្រា​ រឹតតែ​ជក់ចិត្ត​ គ្រាន់​តែ​ចូល​ភ្លាម​ជើង​ខ្លាំង​រូប​នេះ​ វ៉ៃ​ដោយ​មិន​ស្ទាបស្ទង់​អ្វី​វែង​ឆ្ងាយ​ឡើយ​ ពោល​វ៉ៃ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ប្អូន​ ឡៅ​ ចន្រ្ទា​ ម្នាក់​នេះ​ព្យាយាម​ចេញ​កណ្ដាប់ដៃ​ និង​ទាត់​ធ្ងន់​តែ​ម្ដង​ រហូត​អាជ្ញាកណ្ដាល​រាប់​កីឡាករ​ថៃ​ ឃុមភិឈិត​ នៅ​ចុង​ទឹក​ទី១​ថែម​ទៀត​ផង។​ ចុង​បញ្ចប់​ការ​ព្យាយាម​របស់​ ចិត្រា​ ក៏​សម្រេច​នៅ​ទឹក​ទី២​ តែ​ម្ដង​ដោយ​ស្នៀត​កែង​ធ្វើ​ឲ្យ​អ្នក​លេង​គុន​ថៃ​សន្លប់​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ឡើយ។​

ឡៅ​ ចិត្រា​ ឈ្នះ​ម្សិលមិញ​

បញ្ជាក់​ដែរ​ថា​ ឡៅ​ ចិត្រា ​ផ្ដួល​ថៃ​ ឃុមភិឈិត​ ឲ្យ​សន្លប់​ទឹក​ទី២​ ចំណែក​ ចាន់​ ប៊ុនហឿន ​ផ្ដួល​ឡាវ​ ណាំផេត​ ឲ្យ​សន្លប់​ទឹក​ទី៣។​ អ្នក​លេង​គុន​ខ្មែរ​ទាំង​ពីរ​រូប​នេះ​នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី១៦​ ខែ​ធ្នូ​ ២០១៨​ខាង​មុខ​យក​លេខ១​ ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ខារាប៉ាវ​ របស់​សង្វៀន​បាយ័ន៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​