ជិតដល់ Christmas ហើយ មានដឹង Starbucks មានកាដូអីពិសេសសម្រាប់កុមារកម្ពុជា

  • 2018-12-03 03:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​កាហ្វេ​ល្បី​សុះសាយ​ពិភព​លោក Starbucks នៅ​កម្ពុជា បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​អាស៊ី​កម្ពុជា បោះពុម្ព​ផ្សាយ​រឿង​និទាន​សម្រាប់​កុមារ "ខាលឌី និង​ពពែ​រាំរែក" ដែល​ជា​ការ​ផលិត​ឡើង​ដោយ​បុគ្គលិក Starbucks ផ្ទាល់ ជាមួយ​អ្នក​និពន្ធ និង​វិចិត្រករ​ក្នុង​ស្រុក​ផ្សេងៗ​ទៀត។

លោក ប៉ោ លីម អ្នក​គ្រប់គ្រង​ទូទៅ Starbucks កម្ពុជា បាន​និយាយ​ថា៖ «យើង​ព្យាយាម​ប្រញាប់​ធ្វើ​វា​ឲ្យ​ទាន់ Christmas ព្រោះ​វា​ដូចជា​កាដូ​ពី Starbucks ដែល​ផ្ដល់​ជូន​កុមារ​កម្ពុជា​តាមរយៈ​លើក​ស្ទួយ​ការ​អាន ក៏​ដូចជា​គាំទ្រ​គម្រោង​ "តោះ​អាន​" របស់​អង្គការ​មូលនិធិ​អាស៊ី ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សប្បុរសធម៌​ឆ្នាំ២០១៨ របស់ Starbucks ដូច​គ្នា»។

លោក ប៉ោ លីម អ្នក​គ្រប់គ្រង​ទូទៅ Starbucks កម្ពុជា

ដៃគូ​ឆុង​កាហ្វេ Starbucks កញ្ញា មាស មធុរ៉ា ដែល​បាន​ចូលរួម​ផលិត​សៀវភៅ "ខាលឌី និង​ពពែ​រាំរែក" បាន​លើក​ឡើង​ថា សៀវភៅ​នេះ​គឺ ​និយាយ​ពី​ដើម​កំណើត​កាហ្វេ ដោយ​ក្រុម​កញ្ញា​ព្យាយាម​ចែក​រំលែក​ចំណេះ​ដឹង​ពី​កាហ្វេ ក៏​ដូចជា​ភាព​ច្នៃប្រឌិត​នានា​ដើម្បី​បង្កើត​សៀវភៅ​នេះ ហើយ​សង្ឃឹម​ថា​កុមារ​ទាំង​អស់​នឹង​ចូលចិត្ត។

សៀវភៅ​រឿង "ខាលឌី និង​ពពែ​រាំរែក" នឹង​ដាក់​លក់​ក្នុង​សាខា​ទាំង ១៥ របស់ Starbucks នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​នេះ​តទៅ ដោយ​មាន​តម្លៃ ៦ដុល្លារ រីឯ​ប្រាក់​ចំណេញ​ពី​ការ​លក់ Starbucks នឹង​ប្រគល់​ជូន​ទៅ​អង្គការ​មូលនិធិ​អាស៊ី ដើម្បី​គាំទ្រ​ដល់​គម្រោង​តោះ​អាន​បន្ត​ទៀត។

កញ្ញា មាស មធុរ៉ា

អ្នកស្រី Meloney Lindberg តំណាង​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា បាន​បន្ថែម​ថា គម្រោង​តោះ​អាន (Let's Read!) បាន​ចាប់​ផ្ដើម​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ ២០១៦ គោល​បំណង​គឺ​បង្កើត​ធនធាន​សម្រាប់​អាន និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​នៃ​ការ​អាន។

បច្ចុប្បន្ន តោះ​អាន ក៏​មាន​បណ្ណាល័យ​ឌីជីថល ដែល​មាន​សៀវភៅ​បែប​កុមារ​ជា​ភាសាខ្មែរ​ជាង ២៦០ ក្បាល និង​ជាង ១៦០០ ក្បាល​ជា ២០ ភាសា​ផ្សេង​ទៀត​ដោយ​បើក​ឲ្យ​អាន​មិន​គិត​ថ្លៃ។ អាច​អាន​បាន​នៅ​លើ​វិបសាយ www.letsreadasia.org ឬ Download កម្មវិធី Let's Read! លើ Google PlayStore

អ្នកស្រី Meloney Lindberg តំណាង​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម