Minho ត្រូវ​បញ្ជូនទៅសង្គ្រោះបន្ទាន់​ភ្លាមៗ ក្រោយ​រងរបួសពេលថតរឿង

  • 2018-12-03 04:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​មាន​សេចក្ដី​រាយការណ៍​មក​ថា​ សមាជិក​ប្រចាំ​ក្រុម​ SHINee ប្រុសស្អាត​ Choi Minho ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​ភ្លាមៗ​ក្រោយ​រង​របួស​ពេល​ថត​រឿង។

នៅ​ថ្ងៃ​ទី​ ០៣ ខែ​ធ្នូ​នេះ​ អ្នក​តំណាង​ម្នាក់​មក​ពី​ក្រុម​ការងារ​ថត​រឿង​ "Jangsari 9.15” បាន​ប្រកាស​ថា​ តារា​ប្រុស​រាង​ខ្ពស់​សន្លឹម​ Choi Minho បាន​រង​របួស​នៅ​លើ​មុខ​ អំឡុង​ពេល​បំពេញ​ការងារ​ថត​កុន។ ផលិតកម្ម​វិញ​ក៏​បាន​បន្ថែម​ដែរ​ថា​ "ពេល​កំពុង​ថត​រឿង​ កាល​ពី​ថ្ងៃ​ទី​ ០២ ខែធ្នូ​ Minho ថត​ឈុត​មួយ​ជាមួយ​នឹង​បច្ចេកទេស​ពិសេស​ ប៉ុន្តែ​ភ្លាត់ស្នៀត​របួស​ត្រង់​ថ្ពាល់ឆ្វេង”។

ពួកគេ​បាន​បន្ត​ថា៖ "ភ្លាម​ៗ គេ​បាន​បញ្ជូន​ Minho ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​ ដើម្បី​ព្យាបាល។ យើង​នឹង​បន្ត​តាមដាន​ស្ថានភាព​នៃ​ការ​ព្យាបាល​របស់​គាត់។ Minho នឹង​ចំណាយ​ពេល​សម្រាក​ពី​ការថត​ពី​ ៣​ទៅ ៤ថ្ងៃ។ យើង​ចង់​ឲ្យ​ Minho ជាសះស្បើយ​ពី​របួស​ឲ្យ​បាន​ស្រួលបួល​សិន មុន​បន្ត​ការងារ​ថត”។

យ៉ាង​ណា​អ្នក​គាំទ្រ​ក៏​បាន​នាំគ្នា​ជូនពរ​ តារា​ប្រុស​រូប​នេះ​ចា​សះស្បើយ​ឆាប់ៗ និង​កុំ​ឲ្យ​ជួប​ហេតុការណ៍​បែប​នេះ​ទៀត៕​

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី