ក្រុមជំនាញចុះពិនិត្យទីតាំងសាងសង់ផ្លូវថ្មី១ខ្សែ លើភ្នំគូលែន មុនប្រជុំបច្ចេកទេសធំ១ នៅស្អែកនេះ

  • 2018-12-03 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ជំនាញការ​អាដ​ហុក នៃ​អង្គការ​យូណេស្កូ​រួម​ជាមួយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​បរិស្ថាន ព្រមទាំង​ភាគី​ក្រុមហ៊ុន​សាងសង់​ផ្លូវ​បាន​ចុះ​ពិនិត្យ​មើល​ការ​សាងសង់​ផ្លូវ​ថ្មី​មួយ​ខ្សែ​នៅ​លើ​ភ្នំ​គូលែន។

ការ​ពិនិត្យ​នេះ​គឺ​ដើម្បី​ត្រៀម​ទទួល​យោបល់​កែ​លម្អ​ នៅ​ក្នុង​កិច្ច​ប្រជុំ​បច្ចេកទេស អាយ​ស៊ី​ស៊ី-អង្គរ​លើក​ទី​៣១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី០៥ ខែ​ធ្នូ ឆ្នាំ​២០១៨នេះ។

រូបតំណាង

លោក​បណ្ឌិត ឈាន រដ្ឋា ប្រធាន​ស្ដី​ទី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បាន​ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ចុះ​ទៅ​ពិនិត្យ​របស់​ក្រុម​អ្នក​ជំនាញ​ការ​អាដ​ហុក គឺ​ក្នុង​គោល​បំណង​ពិនិត្យ​មើល​និង​តាមដាន​ការងារ​ធ្វើ​ផ្លូវ​នេះ ថា​តើ​បាន​អនុវត្តន៍​ត្រឹមត្រូវ​ស្រប​តាម​អនុសាសន៍ កន្លង​មក​ដែរ​ឬ​ទេ ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រៃ​ឈើ និង​ទីតាំង​បុរាណ​ដ្ឋាន​មួយ​ចំនួន​ត្រូវ​ការពារ។

រូបថត AKP

បន្ថែម​លើ​នេះ អ្នក​ជំនាញ​បាន​ចុះ​ពិនិត្យ​មើល​រណ្ដៅ​កំណាយ​ចំនួន​ ៩​កន្លែង ដែល​ក្រុម​ការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និង​កំពុង​ធ្វើ​កំណាយ ដើម្បី​ឱ្យ​ដឹង​ថា តើ​នៅ​ក្រោម​ដី​ដែល​ត្រូវ​ធ្វើ​ផ្លូវ​ពី​លើ​និង​នៅ​សង​ខាង​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ផ្លូវ​នោះ មាន​បុរាណ​ដ្ឋាន ឬ​រចនាសម្ព័ន្ធ​អ្វី​ដែល​គួរ​ចៀសវាង​ឬ​អត់។

លោក​បណ្ឌិត ឈាន រដ្ឋា បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា រណ្តៅ​ចំនួន​៩​កន្លែង​ នៅ​ក្នុង​ភូមិ​អន្លង់​ធំ​នោះ ក្រុម​ការងារ​បាន​ប្រទះ​ឃើញ​មាន​បំណែក​កុលាលភាជន៍​តិចតួច និង​បាន​ប្រទះ​ឃើញ​រចនា សម្ព័ន្ធ​ធ្វើ​អំពី​ឥដ្ឋ​ចំនួន​មួយ​រណ្ដៅ តែ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ជា​អ្វី​ឱ្យ​ប្រាកដ​នៅ​ឡើយ​ទេ គឺ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សិក្សា​បន្ថែម។

ចំណែក​យោបល់​លើ​ការ​ធ្វើ​ផ្លូវ ភាគ​ច្រើន​គឺ គោរព​តាម​អនុសាសន៍​កន្លង​មក និង​មាន​កន្លែង​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវ​ពង្រីក​ធំ ដោយ​យោង​ទៅ​លើ​ស្ថានភាព​ផ្លូវ​កោង ហើយ​យោបល់​កែ​តម្រូវ​យ៉ាង​ណា​នោះ នឹង​ដឹង​ពិស្ដារ នៅ​ក្នុង​អង្គ​ប្រជុំ​អាយ​ស៊ី​ស៊ី-អង្គរ ស្អែកនេះ។

ប្រភព៖ AKP   ប្រែ​សម្រួល៖ ពៅ រក្សា