អ្នក​គាំទ្រ​ Spurs និង​ Arsenal សរុប​ ៧​នាក់​បាន​ចាប់​ខ្លួន​ក្រោយ​ប្រកួត​ម្សិលមិញ

  • 2018-12-03 12:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​លើក​ឡើង​របស់​ប៉ូលិស​ក្រុង​ឡុងដុង​ អ្នក​គាំទ្រ​របស់​ក្លឹប​ Arsenal និង​ក្លឹប​ Tottenham Hotspur សរុប​ចំនួន ៧​នាក់​បាន​ឃាត់​ខ្លួន​ ក្រោយ​ប្រកួត​រវាង​ Arsenal និង​ Tottenham Hotspur កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។

ក្នុង​នោះ​ អ្នក​គាំទ្រ​ ៦​នាក់​ (យ៉ាង​តិច​អ្នក​គាំទ្រ Arsenal ២​នាក់) បាន​ចាប់​ខ្លួន​ពី​បទ​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​សារ​តែ​ពួក​គេ​បាន​ប្រើប្រាស់​កំប៉ុង​ផ្សែង​កំឡុង​ពេល​ប្រកួត។ ចំណែក​អ្នក​គាំទ្រ​ Spurs ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​តែ​គប់​សំបក​ចេក​ទៅ​កាន់​ ខ្សែ​ប្រយុទ្ធ​Arsenal កីឡាករ​Aubameyang ពេល​កំពុង​អបអរ​គ្រាប់​បាល់។

តាម​រយៈ​សកម្មភាព​ប្រមាថ​កីឡាករ​នេះ សហព័ន្ធ​បាល់ទាត់​អង់គ្លេស​អាច​នឹង​បើក​ការ​ស៊ើបអង្កេត​ជុំ​វិញ​បញ្ហា​នេះ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្លឹប​ Tottenham Spur បាន​លើកឡើង​ថា​ សកម្មភាព​របស់​អ្នក​គាំទ្រ​ពិត​ជា​អាកប្បកិរិយា​មិន​អាច​ទទួល​យក​បាន​ និង​ប្រឈម​ហាម​ឃាត់​មិន​ឲ្យ​ចូល​មើល​ប្រកួត។

ក្នុង​ប្រកួត​ដ៏​តានតឹង​រវាង​គូ​ប្រជែង​ក្រុង​ឡុងដុង​ភាគ​ខាង​ជើង​នេះ ក៏​មាន​បញ្ហា​ក្នុង​ទីលាន​ដែរ​ ដោយ​មាន​ការ​ប៉ះ​ទង្គិច​រវាង​កីឡាករ​ Spurs និង​ Arsenal ក្រោយ​ពេល​ដែល Eric Dier បាន​រក​គ្រាប់​បាល់​តាម​ស្មើ នៅ​នាទី​ទី ៣០៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម