Klopp សុំទោស​ចំពោះ​ការ​អបអរ​គ្រាប់​បាល់​របស់​ខ្លួន​ក្នុង​ប្រកួត​ម្សិលមិញ

  • 2018-12-03 13:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool បាន​សុំទោស​ចំពោះ​ការ​អបអរ​គ្រាប់​បាល់​ជ័យជម្នះ​ចុង​ម៉ោង​របស់​កីឡាករ​ Divock Origi ដោយ​ខ្លួន​បាន​រត់​ទៅ​ឱប​អ្នក​ចាំ​ទី Alisson Becker ក្នុង​ទីលាន​អំឡុង​ពេល​មិន​ទាន់​ចប់​ការ​ប្រកួត​ ដែល​ខុស​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស។

តាម​ច្បាប់​របស់​ FA អ្នក​ចាត់ការ​ ឬ បុគ្គលិក​មិន​តម្រូវ​ឲ្យ​អបអរ​គ្រាប់​បាល់​ លើស​ពី​ដែន​កំណត់​នៃ​តំបន់​បច្ចេកទេស​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ចាត់​ការ​រូប​នេះ​បាន​សុំទោស​ភ្លាម​ៗ​ចំពោះ​រឿង​នេះ​ និង​រង់ចាំ​ចំណាត់​ការ​របស់​ FA។

អ្នក​ចាត់ការ​អាល្លឺម៉ង់​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​សុំទោស​ចំពោះ​រឿង​នេះ ដោយ​សារ​តែ​ខ្ញុំ​មិន​អាច​បញ្ឈប់​ខ្លួន​ឯង​បាន​។ ខ្ញុំ​មិន​ដឹង​ថា​ FA ចាត់​ការ​យ៉ាង​ម៉េច​ទេ​ តែ​ខ្ញុំ​នៅ​តែ​ចាំ​ចំណាត់​ការ​របស់​ពួក​គេ " ។

លោក​បាន​បន្ត​ថា​៖ " ផែនការ​របស់​ខ្ញុំ​គឺ​មិន​រត់​ទេ តែ​ពេល​ខ្ញុំ​ឈប់​ ខ្ញុំ​នៅ​ជិត​ Alisson តែ​ម្ដង​ ហើយ​គេ​ក៏​ភ្ញាក់​ផ្អើល​ដែរ " ។

Liverpool បាន​យក​ឈ្នះ Everton ក្នុង​លទ្ធផល​ ១-០ ដែល​បន្ត​កំណត់​ត្រា​មិន​ដែល​ចាញ់​របស់​ក្លឹប​ក្នុង​ Premier League។ គិត​ត្រឹម​ពេល​នេះ​ដែរ​ ក្លឹប​ Liverpool កំពុង​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ២ ដោយ​មាន​ ៣៦​ពិន្ទុ​ក្នុង​ដៃ ខណៈ​ Manchester City ឈរ​លេខ ១​ មាន​ ៣៨​ពិន្ទុ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី