EFC បើកកិច្ចប្រជុំអំពីការងារចុងឆ្នាំ និងទិសដៅ២០១៩
- 2018-12-04 07:32:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EFC បើកកិច្ចប្រជុំអំពីការងារចុងឆ្នាំ និងទិសដៅ២០១៩
ចន្លោះមិនឃើញ
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានរៀបចំកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នៅការិយាល័យរបស់ឯកឧត្តម ជា ច័ន្ធបរិបូណ៌ ក្នុងក្រសួងព័ត៌មានស្តីអំពីផែនការបញ្ចប់ឆ្នាំ២០១៨ និងទិសដៅសម្រាប់ឆ្នាំ២០១៩។
កិច្ចប្រជុំពិសេសនេះដឹកនាំដោយឯកឧត្តម ជា ច័ន្ទបរិបូណ៌ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងលោក លន់ សាមឌី អគ្គលេខាធិការ ព្រមទាំងសមាជិក។
ក្រោយចប់ប្រជុំ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់កត្តាមួយចំនួន។ ការរៀបចំបែបបទដើម្បីបង្កើតក្លឹប និងសមាជិករបស់សហព័ន្ធផ្លូវការក្នុងគោលបំណងឲ្យសហព័ន្ធ និងក្លឹបកាន់តែជិតដិតគ្នាដើរលើផ្លូវដែលមានគោលបំណងរួមគ្នា។ នេះជាឱកាសដ៏ពិសេសដែលក្លឹប និង NET អាចក្លាយជាសមាជិកផ្លូវការរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
លើសពីនេះទៀត គឺគ្រោងរៀបចំការប្រកួតដ៏សំខាន់មួយសម្រាប់អបអរសាទរដាច់ឆ្នាំ២០១៨នេះ។ ទន្ទឹមជាមួយគ្នានេះរៀបចំផែនការសម្រាប់រៀបចំការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះនាដើមខែមករា ឆ្នាំ២០១៩ខាងមុខ។
ជាពិសេសរៀបចំផែនការឲ្យបានច្បាស់លាស់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។ នៅពេលដែលដឹងច្បាស់ថា ប្រភេទកីឡា E-Sports មានវិញ្ញាសាអ្វីខ្លះដែលគណៈកម្មការស៊ីហ្គេមសម្រេចដាក់ឲ្យប្រកួត? នោះ EFC នឹងពង្រឹង និងត្រៀមឲ្យបានរួចរាល់ដើម្បីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្លូវការដ៏សំខាន់នេះ។
ក្រៅពីការងារសំខាន់ៗខាងលើ សហព័ន្ធក៏បានពិភាក្សាលំអិតអំពីផែនការសកម្មភាពដើម្បីទំនាក់ទំនងជាមួយដៃគូសហការ និងអ្នកពាក់ព័ន្ធនានាដើម្បីធ្វើយ៉ាងណាឲ្យកីឡាសម័យទំនើបមួយនេះកាន់តែរីកចម្រើន ព្រមទាំងការងារមួយចំនួនទៀត៕