កូនកើតហើយថ្មីថ្មោង កុំភ្លេចតេស្តឈាមរកជំងឺម្យ៉ាង ចៀសវាងយឺតពេល អាចឲ្យទារកពិការបាន

  • 2018-12-05 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​តេស្ត​ឈាម​តាម​រយៈ​ការ​ជួស​កែង​ជើង​ គឺ​ជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ជំងឺ​នេះ​ធ្វើ​ឲ្យ​ទារក​ ​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា ស្មារតី ខុស​ពី​ក្មេង​ដទៃ​ដែល​មិន​មាន​ជំងឺ​នេះ។ ជំងឺ​នេះ ក៏​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បើ​យើង​ព្យាបាល​មិន​បាន​ទាន់​ពេល​វេលា។ នេះ​បើ​តាម ទំព័រ​ហ្វេសប៊ុក នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។

រូបតំណាង

ទំព័រ​ហ្វេសប៊ុក នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ បាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​នេះ​មាន​សារៈសំខាន់​ចំពោះ​ទារក​ទើប​នឹង​កើត ព្រោះ​ទារក​ដែល​មាន​ជំងឺ​នេះ​ភាគ​ច្រើន​មាន​លក្ខណៈ​ធម្មតា។ គ្រូ​ពេទ្យ​ឯកទេស​កុមារ​ និង​ទារក មិន​អាច​ពិនិត្យ​មើល​ឃើញ​ពី​រោគ​សញ្ញា​របស់​ទារក​នោះ តាមរយៈ​ការ​ពិនិត្យ​សុខភាព​ធម្មតា​ទេ។ នៅ​ពេល​រោគ​សញ្ញា​ចាប់​ផ្ដើម ឬ​កុមារ​ចាប់​ផ្ដើម​ឈឺ នោះ​ការ​ព្យាបាល​ពុំ​មាន​ប្រសិទ្ធ​ភាព​ទេ គឺ​មិន​អាច​កែ​ប្រែ​ការ​បាត់បង់ ការ​លូតលាស់​ស្មារតី និង​ប្រាជ្ញា​របស់​កុមារ​ឲ្យ​វិល​មក​រក​ភាព​ដើម​វិញ​ឡើយ។

រូបតំណាង

ការ​ធ្វើ​តេស្ត​នេះ​មាន​ប្រសិទ្ធភាព​ល្អ គឺ​នៅ​ចន្លោះ​ទារក​មាន​អាយុ​៤៨​ម៉ោង ទៅ​៧២​ម៉ោង ក្រោយ​កើត។ ទំព័រ​ហ្វេសប៊ុក នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ក៏​បាន​បញ្ជាក់​បន្ថែម​ថា ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ គឺ​យក​ឈាម​ពី​ការ​ជួស​កែង​ជើង​ទារក ២​ទៅ​៣​ដំណក់ ទៅ​ផ្ដិត​លើ​ក្រដាស។ ក្រដាស​តេស្ត​ត្រូវ​ទុក​ដាក់​ឲ្យ​បាន​ល្អ​រយៈ​ពេល ២៤ម៉ោង ឲ្យ​ស្ងួត​រួច​យក​ទៅ​ដាក់​នៅ​មន្ទីរ​ពិសោធន៍​ដើម្បី​ធ្វើ​ការ​ពិនិត្យ​មើល។ លទ្ធផល​អាច​ទទួល​បាន​ក្នុង​រយៈ​ពេល​ ពី​៧ថ្ងៃ​ ទៅ​១៥​ថ្ងៃ។

  • លទ្ធផល​វិជ្ជមាន មាន​ន័យ​ថា​ ទារក​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ខ្ពស់

  • លទ្ធផល​អវិជ្ជមាន មាន​ន័យ​ថា​ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ទេ

រូបតំណាង

សូម​បញ្ជាក់​ថា បើ​លទ្ធផល​តេស្ត​បង្ហាញ​ថា​វិជ្ជមាន យើង​ត្រូវ​ធ្វើ​តេស្ត​ម្ដង​ទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្ត​ជា​លើក​ទី​២ និង​ដើម្បី​ធ្វើ​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ ការ​ព្យាបាល​ជំងឺ​មេតាបូលិក​មាន​រយៈ​ពេល​យូរ ហើយ​ការ​តាមដាន​ក៏​ដូច​គ្នា​ដែរ ដែល​ជា​លទ្ធផល​កូន​របស់​លោក​អ្នក មាន​ប្រាជ្ញា​ស្មារតី​ឆ្លាតវៃ​ដូច​ធម្មតា។សូម​យក​ចិត្ត​ទុកដាក់​ចំពោះ​បុត្រ​ធីតា​លោក​អ្នក ជៀសវាង​កើត​ជំងឺ​មេតាបូលិក​នេះ និង​ហួស​ពេល​វេលា។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី