អាចរំភើបពេលឃើញទិដ្ឋភាព និងឯកសារដ៏កម្រក្នុងបណ្ណាល័យជាតិ ដែលមិនសូវមានអ្នកដឹង (មានវីដេអូ)

  • 2018-12-05 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ណាល័យ​ជាតិ​ មាន​ទី​តាំង​នៅជិតសកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ក្នុង​រាជធានី​ភ្នំពេញ បើក​ដំណើរ​ជា​សាធារណៈ​ចាប់​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍ សម្រាប់​អ្នក​ចូលចិត្ត​ការ​អាន​។ ជា​មធ្យម​មាន​សិស្ស​និស្សិត និង​ក្រុម​អ្នក​ស្រាវជ្រាវ ជាតិ​អន្តរជាតិ ចំនួន​ប្រហែល​ ១០០​នាក់ ចេញចូលមិនដាច់។

ក្នុង​រដូវ​កាល ​ដែល​និស្សិត​ត្រូវ​ស្រាវជ្រាវ​ធ្វើ​សារណា ចំនួន​មាន​ការ​កើន​ឡើង អាច​មាន​ដល់​២០០​ ឬ៣០០នាក់ ​ដែល​បាន​ចូល​អាន​សៀវភៅ។ នេះ​បើ​តាម​ប្រធាន​បណ្ណាល័យ​ជាតិ។

លោក​ស្រី ខ្លូត វិបុលឡា ​ប្រធាន​បណ្ណាល័យ​ជាតិ និង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​ប្រាប់ Sabay ថា​បណ្ណាល័យ​ជាតិ​ បាន​ចាប់​ផ្ដើម​សកម្មភាព​ប្រមែប្រមូល​ឯកសារ​ចាស់ៗ និង​សៀវភៅ​ មករក្សាទុក តាំង​ពី​ឆ្នាំ​១៩៥៣​មក។

លោក​ស្រី ខ្លូត វិបុលឡា ​

ជាថ្មីម្តងទៀត​ ឯកសារ​ថ្នាក់​ជាតិ និង​ប្រវត្តិសាស្ត្រ​ ដែល​សេស​សល់​ក្រោយ​របប​ខ្មែរ​ក្រហម​ ត្រូវ​បាន​ប្រមែប្រមូល​មក​ទុក​នៅ​ទីនេះផងដែរ។ ក្នុង​នោះ​មាន​ដូចជា ​សាស្ត្រា​ និង​ក្រាំង​ មាន​តាំង​ពី​សតវត្ស​ទី​១៨ និង​កាសែត បាន​រក្សា​ទុក​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយមមកម្ល៉េះ។ លោកស្រី​បន្ត​ថា ក្រោយ​របប​ខ្មែរក្រហម​បាន​ដួល​រលំ​ ក្រុម​ការងារ​បាន​បន្ត​ការងារ​ដដែល នឹង​ទទួល​បាន​ឯកសារ និង​សៀវភៅ​ដែល​មាន​អាយុកាល​ច្រើន​ឆ្នាំ ពី​ប្រភព​សំខាន់ៗ​នានា ដូចជា​ពុទ្ធសាសនបណ្ឌិត្យ ​ប្រមាណ​២ម៉ឺន​៣ពាន់​ក្បាល។

រូបថត ​សាស្ត្រា​ និង​ក្រាំង​

​សូម​ទស្សនា​វីដេអូលម្អិត​ពី​ទិដ្ឋភាព​ ផ្នែក​ខាង​ក្នុង​នៃ​បណ្ណាល័យ​ជាតិ

ឯកសារ​ទាំង​នេះ គឺ​ត្រូវ​រក្សា​ថែ​ទាំ​ក្នុង​បន្ទប់​ងងឹត​មួយ មិន​ត្រូវ​ការ​ពន្លឺ​ថ្ងៃ ​ហើយ​បាន​ដាក់​ដាច់​ដោយ​ឡែក​ ពីសៀវភៅ ឬឯកសារសាធារណៈ ដោយសារ​តែ​អាយុ​កាល​​ចាស់​ទ្រុឌទ្រោម​ខ្លាំងទៅហើយ។ ប្រធាន​បណ្ណាល័យ​ជាតិ​ថា សម្រាប់ឯកសារដ៏កម្រគឺកំពុង​​អភិរក្ស។ មាន​លក្ខខណ្ឌ​មួយ​ចំនួន​ត្រូវ​បាន​តម្រូវ សម្រាប់​អ្នក​ស្រាវជ្រាវ​ពិសេស និង​បែប​ផ្លូវការ ទើប​អាច​ចូល​អាន​ឯកសារ​កម្រ​ខាង​លើ​បាន។

​សូមបញ្ជាក់ថា បណ្ណាល័យជាតិចែក​ចេញ​ជា​៣​ផ្នែក​គឺ១. ការិយាល័យ​តម្កល់​ទុក​ស្រប​ច្បាប់ ២. បណ្ណាល័យ​កាតាឡុក និង ៣. បណ្ណាល័យ​អភិរក្ស៕

បន្ទប់សម្រាប់កុមារតូច

អត្ថបទ៖ ពៅ រក្សា