ម៉ាឡេស៊ី​ធ្វើ​​ឲ្យ​​ថៃទឹក​ភ្នែក​​ក្នុង​ផ្ទះ​របស់​ខ្លួនអត់​បាន​ឡើងផ្តាច់ព្រ័ត្រ Suzuki Cup

  • 2018-12-05 14:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី​​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ AFF Championship 2018 បន្ទាប់​ពី​ការ​ប្រកួត​ជើង​ទី​២​​ធ្វើ​បាន​ស្មើ​ ២-២ ទល់​នឹង​​ក្រុម​ម្ចាស់​ផ្ទះ​ជម្រើស​ជាតិ​ថៃ ដោយ​សារ​ជើង​ទី​១​គ្មាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា។

ការ​ប្រកួត​នៅ​វគ្គ​ទី​១​ ថៃ​បាន​​បើក​ការ​នាំ​មុខ​ ១-០ ​នៅ​នាទី​ទី​​២១​ដែល​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​ម៉ាឡេស៊ី​ ​Irfan Zakaria។ យ៉ាង​ណា ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី​បាន​វាយ​បក​តាម​ស្មើ​វិញ​តាម​រយៈ​​ការ​ស៊ុត​ពី​កីឡាករ​ Syahmi យ៉ាង​ល្អ​នៅ​នាទី​ទី​២៨។

សម្រាប់​ការ​ប្រកួត​វគ្គ​ទី​២ ម្ចាស់​ផ្ទះ​ថៃ​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ ប៉ុន្តែ​មិន​សូវ​មាន​ឱកាស​មាស​​ច្រើន​ឡើយ​ដោយ​សារ​​ម៉ាឡេស៊ី​បាន​ការពារ​ល្អ​ ​ហើយ​ក៏​មាន​ឱកាស​វាយ​បក​​គ្រោះ​ថ្នាក់​ផង​ដែរ​នៅ​ដើម​វគ្គ​ទី​២។ យ៉ាង​ណា​ នៅ​នាទី​៦៣​ ថៃ​បាន​ទម្លាយ​សំណាញ់​ទី​​​ដើម្បី​នាំ​មុខ​ ២-១​តាម​រយៈ​ការ​តែត​របស់​កីឡាករ​ Hemviboon​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រែក​ហោ​យ៉ាង​ខ្លាំង​ពេញ​ស្តាត​តែ​ម្តង។

បន្ទាប់​ពី​ថៃ​នាំ​មុខ ម៉ាឡេស៊ី​បាន​ព្យាយាម​វាយ​សម្រុក​​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ថៃ​ស្ងាត់​ស្តាត​ ក្រោយ​ពេល​កីឡាករ​ Talaha ស៊ុត​ចូល​តាម​ស្មើ​នៅ​នាទី​ទី​៧១​។ តាម​រយៈ​លទ្ធផល​នេះ​ ម៉ាឡេស៊ី​ជា​ក្រុម​​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ជើង​ទី​១​នៅ​ទឹក​ដី​ម៉ាឡេស៊ី​ដោយ​លទ្ធផល​ ០-០។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្រុម​ជម្រើស​ជាតិ​ថៃ​មិន​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

ម៉ាឡេស៊ី​ កំពុង​រងចាំ​រវាង​ជម្រើស​ជាតិ​វៀតណាម និង​ហ្វីលីពីន​ដែល​ត្រូវ​ប្រកួត​ជើង​ទី​២​វេលា​ម៉ោង​​ល្ងាច​ថ្ងៃ​ស្អែក៕

អត្ថបទ៖ ជាន ចាន់រ៉ា