ស្ងាត់​ៗ អតីត​ស្រី​ស្អាត​លេខ​១ ថោ សោម៉ាលីន លើក​ទាំង​គ្រួសារ​មក​លេង​ស្រុក​

  • 2018-12-06 03:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទៅ​រស់​នៅ​ស្រុក​គេ​អស់​ពេល​ជា​ច្រើន​ឆ្នាំ នៅ​ពេល​នេះ អតីត​ស្រី​ស្អាត​លេខ១ ឆ្នាំ២០០៤ ថោ សោម៉ាលីន បាន​នាំ​ទាំង​គ្រួសារ​មក​លេង​ប្រទេស​កំណើត លេង​ក្រុម​គ្រួសារ​ថ្មី​ៗ។

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន បាន​ឲ្យ​ដឹង​ថា នាង​បាន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ៣ ធ្នូ ២០១៨​នេះ ក្នុង​នោះ​នាង​បាន​មក​ទាំង​គ្រួសារ​តែ​ម្ដង មាន​ស្វាមី និង​កូន​តូច​ៗ​២នាក់ ដើម្បី​មក​លេង​ប្រទេស​កំណើត​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ។ យ៉ាង​ណា មិន​មែន​ជា​លើក​ទី​១ ក្រោយ​ចាក​ឆ្ងាយ​ស្រុក​អស់​១១​ឆ្នាំ​នោះ​ឡើយ។ "អឹម...និយាយ​ទៅ ខ្ញុំ​មិន​មែន​ទើប​មក​លើក​ទី​១​ទេ​បង តាំង​ចេញ​ពី​ខ្មែរ​ទៅ​ស្រុក​គេ ខ្ញុំ​ធ្លាប់​មក​ក្រុម​គ្រួសារ លេង​បង​ប្អូន​ដូច​ជា ៥-៦ដង​រួច​មក​ហើយ!”។

ចំពោះ​ដំណើរ​លើក​នេះ អតីត​ស្រី​ស្អាត​លេខ​១​មក​ពី​ខេត្ត​ព្រៃវែង ប្រាប់​ថា ដូច​គ្នា​នឹង​ដំណើរ​មុន​ៗ​ដែរ គឺ​ដើម្បី​មក​លេង​គ្រួសារ និង​ជា​ពិសេស គឺ​នាំ​កូន​ៗ​ទាំង​ពីរ​ឲ្យ​មក​ស្គាល់​ប្រទេស​កំណើត​របស់​នាង និង​ជួប​ជុំ​បង​ប្អូន។ ក្រៅ​ពី​នេះ នាង​មិន​មាន​គោល​បំណង​អ្វី​ពិសេស​ជាង​នេះ​ឡើយ ក្រៅ​ពី​ដើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ។ នៅ​ថ្ងៃ​ទី ៨ធ្នូ ខាង​មុខ​នេះ សោម៉ាលីន ប្រាប់​ថា នាង​នឹង​នាំ​កូន​ៗ​ទៅ​លេង​ខេត្ត​សៀមរាប ទស្សនា​ប្រាសាទ​អង្គរ​ដ៏​ល្បី​របស់​ខ្មែរ។

ថ្ងៃ​ទី ២៨ ខែ ឆ្នាំ ដដែល សោម៉ាលីន និង​គ្រួសារ នឹង​ត្រូវ​ត្រឡប់​ទៅ​ញូវហ្សេលែន​វិញ។ "អឹម...មក​អត់​បាន​យូរ​ទេ​បង ត្រូវ​ទៅ​វិញ​ថ្ងៃ ២៨ ហ្នឹង​ហើយ ព្រោះ​ស្វាមី​ខ្ញុំ គាត់​ត្រូវ​ធ្វើ​ការ"។

ថោ សោម៉ាលីន បច្ចុប្បន្ន​មាន​វ័យ ៣៥​ឆ្នាំ មក​ពី​ខេត្ត​ព្រៃវែង ហើយ​នាង គឺ​ជា​អតីត​ស្រី​ស្អាត​លេខ​១​ឆ្នាំ ២០០៤។ ក្រោយ​ជាប់​ជយលាភី សោម៉ាលីន មិន​សូវ​នាង​លូក​ដៃ​ខ្លាំង​ប៉ុន្មាន​ទេ ក្នុង​សិល្បៈ។ លុះ​មក​ដល់​ដើម​ឆ្នាំ ២០០៧ ដោយ​មាន​ការ​គាំទ្រ​ពី​គ្រួសារ នាង​បាន​ទៅ​បន្ត​ការ​សិក្សា​ជំនាញ​ផ្នែក​គ្រប់​គ្រង​នៅ​ប្រទេស​ញូវហ្សេលែន ជា​ទី​ដែល​នាង​បាន​ជួប​ជួន​នឹង​ស្វាមី​ជា​ជនជាតិ​កូរ៉េ​របស់​នាង​បច្ចុប្បន្ន។

ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ផ្ដើម​ជីវិត​គូ អតីត​ស្រី​ស្អាត​លេខ​១ ប្រាប់​ថា ដើម​ឡើយ​ស្វាមី​របស់​អ្នក​នាង គឺ​ជា​មិត្ត​រួម​ថ្នាក់​ភាសា​អង់គ្លេស​របស់​នាង ក្នុង​នាម​ជា​មិត្តភ័ក្ដិ​ធម្មតា​ប៉ុណ្ណោះ។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ភាសា​អង់គ្លេស ជ្រើស​រើស​ជំនាញ ពួក​គេ​ក៏​បែក​គ្នា​ប៉ុន្មាន​ឆ្នាំ លុះ​ជួប​គ្នា​វិញ ក៏​ដុះដាល​មនោសញ្ចេតនា​ស្នេហា​តែ​ម្ដង។ "ក្រោយ​ចប់​ថ្នាក់​ភាសា​អង់គ្លេស ដល់​វគ្គ​រើស​ជំនាញ ខ្ញុំ​យក​ផ្នែក​គ្រប់​គ្រង គាត់​យក IT អីចឹង​ពួក​យើង​ក៏​បែក​គ្នា...លុះ​២-៣​ឆ្នាំ​ក្រោយ​មក យើង​បាន​ជួប​គ្នា​វិញ ហើយ​ពេល​ជួប​គ្នា​វិញ យើង​ក៏​ស្រឡាញ់ ហើយ​ក៏​រៀប​ការ​ទៅ!"។

កូន​ប្រុស​ ស្រី​របស់ សោម៉ាលីន និង​ស្វាមី(រូបភាព៖ហ្វេសប៊ុក សោម៉ាលីន)

ថោ សោម៉ាលីន បាន​រៀបការ​នៅ​ជាមួយ​ស្វាមី ជនជាតិ​កូរ៉េ​នៅ​ឆ្នាំ ២០១២ ហើយ​នៅ​ដើម​ឆ្នាំ ២០១៣ នាង​បាន​នាំ​ស្វាមី​រៀបការ​នៅ​ប្រទេស​កម្ពុជា​ម្ដង​ទៀត។ មក​ទល់​បច្ចុប្បន្ន​នាង ទទួល​បាន​បុត្រា បុត្រី ២នាក់​ជា​ចំណង​ដៃ ក្នុង​នោះ កូន​ស្រី​បង​អាយុ ៥​ឆ្នាំ ឯ​កូន​ប្រុស​ប្អូន មាន​អាយុ ៣​ឆ្នាំ​ហើយ។ ដោយ​ឡែក​ជីវភាព​នៅ​ប្រទេស​ញូវហ្សេលែន​វិញ ថោ សោម៉ាលីន ប្រាប់​ថា នាង​មិន​មាន​ធ្វើ​អ្វី​ទេ គឺ​នៅ​ផ្ទះ​មើល​កូន ឯ​ស្វាមី​ជា​អ្នក​រាប់​រង​បន្ទុក​គ្រួសារ៕

អត្ថបទ៖ ទារិកា