ព្រះមហាក្សត្រយាងចូលរួមកម្មវិធីឧទ្ទិសកុសលវិញ្ញាណក្ខន្ធ ជូនលោកវេជ្ជបណ្ឌិត Beat Richner
- 2018-12-06 05:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះមហាក្សត្រយាងចូលរួមកម្មវិធីឧទ្ទិសកុសលវិញ្ញាណក្ខន្ធ ជូនលោកវេជ្ជបណ្ឌិត Beat Richner
ចន្លោះមិនឃើញ
តាមបណ្តាំ និងគោលបំណងចុងក្រោយ នៅព្រឹកនេះ មានពិធីដង្ហែអដ្ឋិធាតុ ឯកឧត្ដមវេជ្ជបណ្ឌិត Beat Richner តាមវិថីសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ក៏យាងបានចូលរួមព្រះរាជពិធីសង្ឃទានឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធសព ឯកឧត្ដមវេជ្ជបណ្ឌិតផងដែរ។
ព្រះរាជពិធីសង្ឃទាន បានរៀបចំក្រោមអធិបតីភាពព្រះមហាក្សត្រ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសព នៅក្នុងបរិវេណនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រៅពីព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា កម្មវិធីនេះ ក៏មានបុគ្គលិកមន្ទីរពេទ្យគ្រប់ជាន់ថ្នាក់ ប្រមាណ១ពាន់នាក់ រួមនឹងអ្នកចូលរួមផ្សេងទៀត ដូចជាសិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើននាក់។
មកទល់ពេលនេះកម្មវិធីសង្ឃទាន បានចប់សព្វគ្រប់ហើយ។ គួររំលឹកថា ពិធីសង្ឃទានធ្វើឡើងបន្ទាប់ពីអដ្ឋិធាតុរបស់សពឯកឧត្ដមវេជ្ជបណ្ឌិត ត្រូវបានសាច់ញាតិ និងថ្នាក់ដឹកនាំមូលនិធិគន្ធបុប្ផាស្វីស បាននាំមកពីប្រទេសស្វីស ដែលជាស្រុកកំណើតរបស់លោក មកកាន់ខេត្តសៀមរាប តាមបណ្ដាំ និងបំណងចុងក្រោយរបស់លោកវេជ្ជបណ្ឌិត Beat Richner កាលនៅមានជីវិត។